សង្គមស៊ីវិល​​ស្នើ​នាយករដ្ឋមន្រ្តីស្នើ​សុំព្រះមហាក្សត្រ ព្រះរាជទានលើកលែង​​ទោសដល់អ្នកសារព័ត៌មាន២រូប

ដោយៈ

Press Start Cambodia Avatar

អង្គការ​សង្គមស៊ីវិល និង​សមាគមសារព័ត៌មានចំនួន ១៦ស្ថាប័ន​ ​ចេញលិ​ខិត​ចំហ​ជូន​លោក​​​នាយករដ្ឋមន្រ្ដី​ ហ៊ុន ម៉ាណែត ជួយ​​អន្តរាគមន៍​ស្នើសុំ​​ព្រះ​មហា​ក្សត្រ ព្រះ​រាជ​ទាន​លើក​លែង​ទោស​ដល់​អ្នក​សារ​ព័ត៌​មាន ២រូប គឺ​លោក​ ផន សុភាព និង​លោក ភាព ភារ៉ា ដែលត្រូវ​​តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ​រយៈពេល ១៤ឆ្នាំ។

ក្នុងលិខិតចំហរបស់​អង្គការ​-សមាគមជាតិ និងអន្តរជាតិ​​ចំនួន១៦ ​​ដែល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូយក​មក​​ផ្សព្វផ្សាយលើ​បណ្តាញ​សង្គមហ្វេសប៊ុក​​ ​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​លើកឡើ​ងថា ពួកគេ​មាន​ក្តី​ព្រួយ​បារម្ភ​​​យ៉ាង​​ខ្លាំង​ ចំពោះ​សេចក្តី​សម្រេច​នាពេល​ថ្មីៗ​នេះ របស់តុលាការទៅលើអ្នកសារព័ត៌មានពីរនាក់ គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល ១៤ឆ្នាំ ពីបទ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការ​ការ​ពារ​ជាតិ»។

លិខិ​តចំហរ បន្តថា​ នេះ​ជា​​ការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុត ​ចំពោះអ្នកសារព័ត៌មាន​នៅក្នុងប្រទេសកម្ពុជា និង​​បង្ក​ឱ្យ​មាន​​ក្តីកង្វល់​យ៉ាង​ខ្លាំងអំ​ពីសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការប្រើប្រាស់ច្បាប់ស្តីពីសន្តិសុខជាតិមកលើអ្នកសារព័ត៌មាន ព្រមទាំងធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិ​បាល ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​ខ្លួន​បាន​ទទួល​យក​ ក្នុងអំឡុងពេលនៃការត្រួតពិនិត្យជាសកលតាម​កាលកំណត់(UPR) ជាពិសេសបញ្ហា​ដែល​ពាក់​ព័ន្ធ​នឹងសេរី​ភាព​សារ​​ព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ។

ការណ៍នេះ អង្គការ​​ សមាគម​ទាំង​នោះ បាន​​ស្នើថា៖ «យើងខ្ញុំ​ទាំង​អស់​គ្នាសូ​ម​ស្នើ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា មេត្តា​ស្នើ​សុំ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ដល់​អ្នក​សារ​ព័ត៌​មាន​ទាំង​ពីរ​រូប​ គឺ​លោក ផន សុភាព និង​លោក ភាព ភារ៉ា ឱ្យ​មាន​សេរីភាព​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​សាច់​ញាតិ និង​កូន​តូចៗ​ជា​ទីស្រឡាញ់​របស់​ពួក​គាត់​វិញ និង​អាច​ឱ្យ​ពួក​គាត់​ទាំង​ពីរ​បន្ត​ការ​ងារ​ជា​អ្នក​សារ​ព័ត៌​មាន​បន្ត​ទៀត»។

អង្គការ​សង្គមស៊ីវិល និងសមាគម​ទាំង​១៦នោះ មានដូចជា សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(ខេមបូចា) មជ្ឈ​មណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និងការ​ពារ​សិទ្ធិមនុស្ស(លីកាដូ) មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា(CCHR) សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ(IFJ) និង​សមាគម​អ្នកសារព័ត៌មាន​ទីម័រ​ខាង​កើត(AJTL)ជាដើម។

អ្នកសារព័ត៌មានទាំង ២រូប លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​​សាលាដំបូងខេត្តសៀមរាប ផ្តន្ទា​ទោសឱ្យ​ជាប់​ពន្ធធនាគារ ១៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមបទ  «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន​ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍​បាត់​ដំបង បានតម្កល់សាលក្រម​សាលាដំបូងខេត្តសៀមរាប ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូល ក៏បានសម្រេចតម្កល់សាលដីកាទុកជាបានការដដែល។

នាយិកា​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោកស្រី ឆន សុគន្ធា​ មានប្រសាសន៍​ថា​ ការ​ដែល​​សង្គមស៊ីវិល​ ចេញលិខិត​ចំហរ​នេះ ដោយសារ​តែ​សំណុំរឿងនេះ តុលាការ​កំពូល​ដែលជា​តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​ក្តី​ដោយ​ផ្តន្ទា​ទោស​អ្នកសារព័ត៌មាន​​ទាំង​ពីររូប​នេះហើយ ដូច្នេះតាម​រដ្ឋ​ធម្មនុញ្ញ​​​មាន​តែ​នាយករដ្ឋមន្ត្រីទេ ដែល​មានបុព្វ​​សិទ្ធិ​​ ក្នុង​​ការ​ស្នើ​សុំទៅ​​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែង​ទោស​​ទៅដល់​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះបាន។​

លោកស្រីថា៖ «​ដោយសារទី១​ យើង​យល់ថា មានតែ​នាយក​រដ្ឋមន្ត្រី​ទេ ដែលគាត់​មានសិទ្ធិនៅ​ក្នុងការ​ស្នើ​សុំ​ការ​លើកលែង​ទោស ឬក៏​ការ​ដោះលែង ​មានន័យថា គឺ​ជាតួនាទី ឬក៏ជា​សិទ្ធិ​របស់នាយករដ្ឋមន្ត្រី ដែលគាត់​ស្នើទៅព្រះមហាក្សត្រ​ ចឹង​ហើយ​បាន​ជា​ខាងអង្គការសង្គម​ស៊ីវិល​ហ្នឹង យើង​មាន​គំនិត​នៅ​ក្នុងការ​ផ្តួចផ្តើម​ ឱ្យមានការ​ដាក់លិខិត​ជា​ចំហរ ស្នើ​សុំទៅនាយករដ្ឋមន្ត្រី ដោយសារ​វា​ជា​លើក​ទី​១​ហើយ​ ដែលមាន​អ្នកសារព័ត៌មាន​ចំនួន​២រូប​ ដែលគាត់​រាយការណ៍​ពាក់ព័ន្ធ​នឹង​រឿងបញ្ហា​​ព្រំដែន​ហ្នឹង ត្រូវ​ដាក់​ឱ្យ​ជាប់​ពន្ធនា​គារ​​រហូត​ដល់ទៅ​ ១៤​ឆ្នាំ វា​ជា​ទោស​មួយ​ដែល​ធ្ងន់​ធ្ងរ ហើយ​អត់ដែលមាន​ទេសម្រាប់អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា»។

លោកស្រី ឆន សុគន្ធ សង្កេត​ឃើញថា ចាប់តាំង​ពី​មាន​​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ ដោយសារ​តែ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃមក​លើ​ដែនអធិបតេយ្យភាព​កម្ពុជា កាលពីចុង​ឆ្នាំ​២០២៥ និង​ដើម​ឆ្នាំ​២០២៦នេះ អ្នកសារព័ត៌មាន​ក៏​មានការ​ប្រឈម​ខ្លាំង​ផងដែរ នៅពេល​ដែល​ពួកគេ​រាយការណ៍​ព័ត៌​មានបែប​រស៊ើប​ ​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន ឬរឿង​បទឧក្រិដ្ឋ​ឆបោក​តាម​អនឡាញ​ជាដើម​។

អ្នកស្រីថា៖ «ចឹង​នៅពេលដែល​អ្នកសារព័ត៌មាន​ដែលគាត់​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ ឬក៏​រឿង​​បញ្ហា​ឧក្រិដ្ឋ​កម្ម​តាម​អនឡាញ​ហ្នឹង វាទៅជា​គោល​ដៅនៃ​ការ​ចាប់​ ឬការ​ចោទប្រកាន់​តាមផ្លូវ​តុលាការ ចឹង​វាធ្វើ​ឱ្យអ្នកសារព័ត៌មាន​ផ្សេង​ៗ​​​ទៀត​មាន​​ការ​ខ្លាចរអា​​ ហើយជា​ពិសេស​​វា​​ប៉ះពាល់ទៅដល់​មុខ​មាត់​ប្រទេស​កម្ពុជាដែរ នៅពេលដែល​មានការ​ចាប់ ​កា​រ​ចោទ​ទៅ​ដល់​អ្នកសារព័ត៌មានដូច្នេះ»។

ជុំវិញ​រឿង​នេះ ប្រធានអង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា មាន​ប្រសាសន៍ថា ការ​ចេញលិខិត​ចំហរ​របស់​អង្គការ​សង្គមស៊ីវិល​នោះ ​ជា​សិទ្ធិ​របស់​ពួកគេ ហើយ​​លោក​ពុំអាច​ឆ្លើយ​តប​ទៅនឹង​​​លិខិតចំហរ​នេះ​​បាន​ទេ ដោយ​សារ​​តែ​មាន​​នាយក​រដ្ឋមន្ត្រីទេ ដែល​លោក​មាន​បុព្វសិទ្ធិ​ក្នុ​ងការ​សម្រេច​។

លោកថា៖ «តុលាការ​គឺ​​ជា​ស្ថាប័ន​ឯករាជ្យ​ គាត់​កាត់ក្តីទៅតាម​ច្បាប់ ការ​អនុវត្ត​ច្បាប់ ហើយ​គេ​រក​ឃើញ​ទោស​គាត់ គេ​ផ្តន្ទាទោស​គ្រប់គ្នា​ចឹង​ ពលរដ្ឋ​គ្រប់គ្នា​តែង​តែ​នៅក្រោម​ច្បាប់​ អាហ្នឹ​ងចំណុច​ទី១។ ហើយ​ចំណុច​​ទី​២ លិខិត​​ចំហរ​​ដើម្បីអី ដើម្បី​​​​សុំ​លើក​លែង​ទោស[…] ស្នើ​​​លើក​លែង​ទោស មានតែ​អង្គ​ព្រះ​មហា​ក្សត្រ​ទេ​ដែល​លោក​មាន​ព្រះ​រាជ​សិទ្ធិក្នុង​ការ​​​លើក​លែង​ទោស ហើយ​ក្រោម​សំណើរ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហើយ​រឿង​ហ្នឹង​ វាអត់មាន​​​​អ្នក​ណា​អត្ថាធិប្បាយ​បានទេ មានតែ​សម្តេច​នាយក​រដ្ឋមន្ត្រី លោក​សម្រេច​យ៉ាង​ណា​ជា​រឿង​របស់គាត់ ហើយ​ព្រះ​មហាក្សត្រ​លោក​​សម្រេច​ព្រះរាជ​ហារទ័យ​យ៉ាងណា ក៏ជា​ព្រះរាជ​សិទ្ធិ​ផ្តាច់​មុខ​របស់​លោក»។

មាត្រា២៧ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាចែងថាព្រះមហាក្សត្រទ្រង់ មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។ មានតែនាយករដ្ឋមន្រ្តីម្នាក់ប៉ុណ្ណោះដែលមានបុព្វសិទ្ធិ ស្នើព្រះមហាក្សត្រលើកលែងទោស ដោយយោងតាមមាត្រា៧៧ នៃច្បាប់ស្តីពី ពន្ធនាគារ។

លោក ផន សុភាព អ្នក​សារព័ត៌​មាន​បាត់​ដំបង​ប៉ុស្តិ៍ និង​​លោក​ ភាព ភារ៉ា អ្នកសារ​​ព័​ត៌មា​ន TSP68 TV Online ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីតាំង​ផ្សេង​គ្នា​ កាល​​​​ពី​ថ្ងៃ​ទី​​៣១ ខែ​កក្កដា​ ឆ្នាំ​២០២៥ ក្រោយ​ត្រឡប់​​ពី​ធ្វើ​បទ​យក​ការ​ណ៍​ពី​បញ្ហា​ព្រំដែន​​វិញ។ មុន​ការ​ចាប់​ខ្លួន អ្នក​សារព័ត៌​មាន​ទាំង​ពីរ​នេះ ត្រូវ​បាន​គេឃើ​ញ​ថត​ជាប់​ជាមួយ​នឹង​ទាហាន​កម្ពុជា​​នៅ​ពី​មុខ​ប្រាសាទ​តាក្របី និងមាន​ជាប់​រូប​គ្រាប់មីន​នៅ​ខាង​ក្រោយ ហើយ​​​រូប​ភាព​នោះ ត្រូវ​បាន​ថត​ក្រោយ​​ពី​បទ​ឈប់​បាញ់​ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ រូប​ភាព​ទាំង​នោះ ត្រូវ​បាន​គេ​យក​បង្ហោះ​​ចែក​ចាយ​​ឡើង​វិញ ដោយ​សារ​ព័ត៌​មាន​ថៃ ដោយ​មាន​រូប​ភាព​មីន នៅ​ផ្ទៃ​ខាង​ក្រោយ​ដែល​មិន​បញ្ជាក់​​​ទីតាំង។

យ៉ាងណា បើតាម​លិខិតចំហរ​របស់​អង្គការសង្គមស៊ីវិលទាំង​១៦ ក្នុង​អំឡុង​ពេល​សវនាការ​​នៅ​សាលា​ឧទ្ធរណ៍​បាត់​​ដំបង កាលពីថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦ លោក ផន សុភាព និងលោក ភាព ភារ៉ា បានប្រាប់តុលាការថា មុននឹងថតរូប ពួកគេបានសុំការអនុញ្ញាតពីកងទ័ពដែលឈរជើងនៅទីនោះ និងបានបង្ហាញបណ្ណសារព័ត៌មានចេញដោយក្រសួងព័ត៌មានដល់ទាហានផងដែរ។ ក្រោយមកពួកគេបានបង្ហោះរូបភាពដែលមានជាប់គ្រាប់មីននៅផ្ទៃខាងក្រោយនៅលើបណ្តាញសង្គម ដែលរូបភាពនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ យកទៅចុះផ្សាយយ៉ាងទូលំទូលាយ ។

ទោះជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងពីរ បានអះអាងប្រាប់តុលាការថា ពួកគេមិនមានចេតនាផ្តល់ព័ត៌មាន ឱ្យ​បរទេស​ឡើយ និង​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ៕

អត្ថបទដោយ​៖ ជា ចិន

អត្ថបទគួរឱ្យចាប់អារម្មណ៍