សង្គម​ស៊ី​វិល​​រិះ​គន់​​ការ​​ផ្តន្ទា​ទោស​​​មនុស្ស​​​ជាង​៣០នាក់​ ​​ជុំវិញ​​ការ​រិះ​គន់​​គម្រោងអភិ​វឌ្ឍ​ន៍​ CLV ​ ​ 

អង្គការសិទ្ធិមនុស្សនិងអ្នក​ឃ្លាំមើល​មើល​រិះគន់ការ​ផ្តន្ទាទោសសកម្មជនសង្គម​និង​អ្នក​ផ្សេង​ទៀត​សរុប​ជាង៣០នាក់ ឱ្យជាប់ពន្ធនាគារពី១៨ខែ ដល់២ឆ្នាំ ពីបទ​ “ញុះ​ញង់​​បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​” ពាក់ព័ន្ធនឹងការរិះគន់កិច្ចព្រមព្រៀង CLV-DTA តាម​បណ្តាញ​សង្គម ខណៈមន្ត្រី​រដ្ឋា​ភិ​បាល​អះ​​អាង​ថា ការរិះគន់មិន​មែនជាបទល្មើសទេ លុះត្រាតែមានការបំ​ពានច្បាប់។

កាល​ពីព្រឹក​ថ្ងៃ​ពុធ​ លោក​ ញឹម វិសាល​ ចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ បានប្រកាសសាលក្រម​​​ផ្តន្ទាទោស​​សកម្មជន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​លោក ស៊្រុន​ ស៊្រន​ កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ក្នុងម្នាក់ៗឱ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២​ឆ្នាំ​ និង​ពិន័យប្រាក់​ ​៤លាន​រៀល ចំណែក​លោក ធែល ធីលែន ត្រូវ​បាន​​​ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២២​ខែ​។​ ជន​ជាប់​ចោទ ៣៣នាក់​​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តន្ទាទោស​ចន្លោះពី​១៨ខែ ដល់​២​ឆ្នាំ។​

មាន​តែ​ជនជាប់ចោទ​ ១៤ រូបប៉ុណ្ណោះ ដែល​មាន​វត្តមាន​ អំឡុង​ពេល​ប្រកាស​សាលក្រម​នៅព្រឹក​ថ្ងៃពុធនេះ ក្នុងចំណោម​ជន​ជាប់ចោទ​សរុប​៣៧​នាក់​។​

​ភ្លាម​ៗ​ក្រោយ​ពី​ចៅក្រម​បញ្ចប់​ការ​​​ប្រកាស​សាល​ក្រម​ លោក​ ធែល ធីលែន ដែល​គេស្គាល់​ថា ជា​សកម្ម​ជនរិះគន់​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសាវៀតណាម​​ បានបង្ហា​ញ​​ការ​ខក​​ចិត្ត ដោយ​លោក​ចាត់​ទុក​​​សេចក្តីសម្រេចនេះ​​ថា ជា​រឿង​អយុត្តិធម៌​ចំ​ពោះ​លោក​។

ដោយ​ងាក​មក​រក​សាធារណជន​នៅក្នុង​បន្ទប់​សវនាការ​និង​ក្តាប់ដៃទាំង​ពីរ​លើកឡើងលើផងនោះ​​ លោក ធីលែន ​និយាយថា៖ “​អយុត្តិធម៌! ខ្ញុំត្រូវ​ការ​សិទ្ធិ​បញ្ចេញ​មតិ​” ។​​

​លោក ធីលែន ​ធ្លាប់​ត្រូវ​បាន​​ចាប់ខ្លួន​និង​​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨ខែ កាល​ពីឆ្នាំ​២០២២​​ ពី​បទលួច​លក់​អច​លនទ្រព្យ​របស់អ្នក​ដទៃ ហើយ​​ត្រូវ​​បាន​ដោះ​លែង​កាល​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ ​​ប៉ុន្តែ​​ត្រូវ​បាន​ចាប់ខ្លួន​ជា​ថ្មី​នៅ​ថ្ងៃទី​២៤ ខែ​កក្ក​ដា ឆ្នាំ​២០២៤​ ជុំវិញ​ការអត្ថាធិប្បាយ​របស់​លោក​ពាក់ព័ន្ធនឹង​​កិច្ច​ព្រមព្រៀង CLV-DTA។

យោងតាម​របាយការណ៍​របស់​អង្គការ​លីកាដូ ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ឱ្យ​ដឹងថា ចាប់​​តាំង​ពីថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៤ មនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួនដោ​យ​​ក្នុង​នោះមានជាង ៦០នាក់ត្រូវបានចោទប្រ​កាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ដោ​យ​​​សារ​​ត​វ៉ា​នៅ​​លើប​ណ្តាញ​សង្គម រៀប​ចំផែន​ការ​ប្រមូលផ្តុំ​ ឬ​ដោយសារ​ការបញ្ចេ​ញមតិ​ទាក់ទងនឹងតំបន់​ត្រី​កោណ​​អភិវឌ្ឍន៍​ CLV-DTA ជា​កិច្ច​ព្រម​ព្រៀង​ស​ហ​ប្រតិបត្តិការពាណិជ្ជកម្ម​​រវាង​ប្រទេស​ជិត​ខាង​ទាំង​បី​​។

លោក យី សុខសាន្ត មន្ត្រីឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​សមាគមអាដហុក​ យល់​​ថា ការ​​​ផ្តន្ទាទោស​លើ​សកម្មជន ​ដែល​ធ្វើ​ការងារ​សង្គម​ទាំង​នេះ គឺជា​រឿង​អយុត្តិធម៌ ហើយ​ថា ការ​ផ្តន្ទាទោស​នេះមាន​លក្ខណៈ​​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ ខណៈ​​ពួក​គេ​ត្រូវ​​បាន​​ឃុំខ្លួន​ជិត​២ឆ្នាំ ​ទើប​ដំណើរ​ការ​កាត់​ក្តី។​

លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា៖ “​សង្គម​ស៊ីវិល​យល់​ថា ការ​ដាក់ទោស​ទណ្ឌ​មក​លើ​ពួកគាត់​ វាជា​រឿង​អយុត្តិធម៌ ដោយសារតែ​ប្រទេសកម្ពុជា​ប្រកាន់​យក​នូវ​របបប្រជា​ធិបតេយ្យ​សេរីពហុបក្ស​ ចឹងមូលដ្ឋាន​គ្រឹះនៃការ​សម្តែង​មតិ​ វា​ជា​​មូលដ្ឋាន ​នៃលទ្ធិប្រ​​ជា​ធិបតេយ្យ”​​

លោកបន្តថា ពាក់​ព័ន្ធនឹង​បញ្ហា​កិច្ច​ព្រមព្រៀង CLV-DTA នេះ កន្លង​មក​ រដ្ឋសភា​​​ក៏បាន​សម្រេច​លុប​ចោល​ជាផ្លូវ​ការហើយ​ដែរ ដូច្នេះ​​តុលាការ​គួរ​ពិចារណា​ទម្លាក់ការ​ចោទប្រកាន់​លើ​ពួកគាត់​។ គិតត្រឹមថ្ងៃប្រកាសសាលក្រមនេះ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា​ និងលោក សាន សិទ្ធ បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ៦៤៥ ថ្ងៃមកហើយ (ជាង ២១ ខែ) នេះបើ​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

កញ្ញា ហេង គឹមសួរ ជា​មន្ត្រី​ផ្នែក​គោល​នយោបាយ​ និង​តស៊ូមតិ ​នៃ​អង្គការ​ភាព​ជា​​​ដៃ​គូ​ ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED Cambodia) ដែល​បាន​ឃ្លាំមើល​ដំ​ណើរ​ការរឿង​​ក្តី​នេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ថា រូបភាពនេះ​នឹង​ធ្វើ​ឱ្យ​​យុវជន​មានភាពរួញរា​ក្នុង​​ការ​ចូល​រួម​បញ្ចេញ​មតិ​រិះគន់​បែបស្ថាបនា​ ដើម្បី​ជួយ​ឱ្យ​ប្រ​ទេស​រីកចម្រើន​។​

កញ្ញា ហេង គឹមសួរ មានប្រសាសន៍​ថា៖ “ខ្ញុំ​បារម្ភ​ខ្លាំងមែនទែន​នៅពេល​ប្រជាពល​​រដ្ឋ​បញ្ចេញ​មតិ​អត់​បាន​ វា​នឹង​ក្លាយ​ជា​បញ្ហាមួយនៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ធ្វើ​ឱ្យ​យុវជន​ផ្សេងទៀត​មិន​ហ៊ាន​បញ្ចេញ​មតិ​នូវ​អ្វីដែល​ខ្លួន​យល់​ឃើញ​”។​

ទោះបី​ជា​យ៉ាងណា កញ្ញា ហេង គឹមសួរ នៅតែ​បន្តលើកទឹកចិត្ត​ឱ្យ​យុវជន​​បញ្ចេ​ញមតិ​របស់ខ្លួន​ ព្រោះមាន​តែការ​បញ្ចេញ​មតិ​ និង​បង្ហាញពី​​បញ្ហា​សង្គម​ជាតិ​ដែល​​គ្រប់គ្នា​កំពុងជួបប្រទះ​ ទើប​ជួយ​ឱ្យ​សង្គម​មាន​ការរីកចម្រើន​។​

ដូចគ្នានេះ លោក​ សេង សុវឌ្ឍនា នាយក​ប្រតិបត្តិ ​នៃមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ផងដែរចំពោះ​ការ​ផ្តន្ទាទោស​លើ​សកម្មជន​កិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីស​ក្នុង​កម្រិត​អតិបរមា​ ហើយលោក​យល់ថា ការ​សម្តែង​មតិ​របស់​ពួកគេ​អំពី​តំបន់​ត្រីកោណអភិវឌ្ឍ​ន៍ កម្ពុជា-ឡាវ-វៀតណាម មិនគួរ​ជា​បទល្មើស​នោះទេ។ នេះបើតាមការ​ដកស្រង់សម្តីរបស់លោក​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅរសៀល​ថ្ងៃ​ទី២៩ខែមេសានេះ។

លោក​បាន​បញ្ជាក់​ថា៖ “សេរីភាពក្នុងការសម្ដែងមតិ គឺជាសេរីភាពមូលដ្ឋានដ៏សំ​ខាន់មួយ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងកតិ​កាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន និងមានកាតព្វកិច្ចត្រូវលើកកម្ពស់”។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាននៅក្រៅ​តុលាការ ​បន្ទាប់ពី​ការ​ប្រកាស​សាលក្រម លោក សឺន ជុំជួន ជាមេធាវី​ការ​ពារ​របស់​លោក ស៊្រុន ស៊្រន និង​ជនជាប់​៥នាក់​ផ្សេងទៀត​បាន​សម្តែង​ការ​ខក​ចិត្ត​ ហើយថា ផ្អែក​តាម​ការ​សាកសួរ​ដេញដោល​នៅ​​ក្នុង​សវនាការកន្លង​មក​ ​ឃើញថា មិន​មាន​ភស្តុតាងគ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រ​កាន់​​កូន​ក្តី​របស់​លោកនោះ​​ទេ។

លោក​ សឺន ជុំជួន មាន​ប្រសាសន៍​ថា “​បើ​និ​យា​​យ​ពីធាតុផ្សំ នៃបទល្មើស​ទៅលើ​បទចោទរបស់​ពួកគាត់​ គឺ​មិន​មាន​ធាតុ​ផ្សំគ្រប់គ្រាន់ទេ… ការផ្តន្ទាទោសនេះ គឺសម្រាប់ខ្ញុំជា​មេធាវី ក៏ពិបាក​ទទួល​យក​ដែរ ”។​​ លោកបន្ត​ថា នឹង​ពិភាក្សា​ជាមួ​យ​​កូន​ក្តី​អំពី​ការ​បន្ត​នីវិធីទៅមុខ​ទៀត​​។

កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ជាឯកច្ឆន្ទ​លុបចោល​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជ​កម្ម​តំបន់​ត្រីកោណអភិវឌ្ឍ​ន៍​ កម្ពុជា-ឡាវ-វៀតណាម​ (CLV-DTA) ជា​ផ្លូវការ។​​ បើ​តាមការអះអាងរបស់​​​លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៅពេលនោះ​​​​​ថា កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​អនុវត្ត​​អស់​រយៈ​ពេល​២៥​ឆ្នាំរួច​មកហើយ​សម្រាប់ការ​អភិវឌ្ឍខេត្ត​ក្រចេះ ស្ទឹងត្រែង​ មណ្ឌល​គិរី និង​រតនគិរី​​។​

លោកស្រី ឌី ម៉ូឡានី អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មិន​អាចទាក់ទងសុំការ​អត្ថាធិប្បាយ​បានទេ​នៅរសៀល​ថ្ងៃពុធនេះ។​ ដោយឡែក​លោក ប៉ែន បូណា អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​បាន​មាន​ប្រសាសន៍​​ថា ការ​រិះគន់ពុំមាន​ទោស​ទេ ប៉ុន្តែ​ត្រូវ​មើល​ថា តើ​ការ​និយាយនោះមាន​ការមួល​បង្កាច់​ឬចោទប្រកាន់​យ៉ាងណា​​។​

លោកមាន​ប្រសាសន៍ថា៖ “ការ​និយាយរិះគន់អត់មានទោសទេ លើកលែងតែក្មួយ​បំពាន អ្នក​នុង​គាត់បំពានច្បាប់ មួលបង្កាច់ ចោទប្រកាន់ណាមួយដែលខុស​ច្បាប់​ ដែល​តុលាការ​គេរកឃើញថា ខុស​ច្បាប់​ អាហ្នឹងបានមានទោស”។​

ថ្មីៗនេះ នៅក្នុង​របាយការណ៍​របស់ខ្លួន ​ចេញផ្សាយ​កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២៦ អង្គការ​លីកា​​​ដូ​​​បាន​ចាត់​ទុក​ឆ្នាំ​២០​២៥​ គឺជា​ឆ្នាំ​ដ៏អាប់អួរ​ នៃសេរីភាព​ក្នុងការ​បញ្ចេញ​មតិ ដោ​​យ​​រក​ឃើញថា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ចំនួន ​៨២នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ចោទប្រកាន់​ និង​ឃុំខ្លួន​ បន្ទាប់ពី​ពួកគេ​បានបញ្ចេញមតិ​ និង​បង្ហាញការ​យល់​ឃើញ​របស់ខ្លួន​តាម​បណ្តាញ​សង្គម៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍