សង្គមស៊ីវិល​​​​​អំពាវ​នាវ​រដ្ឋាភិ​បាល​បើក​លំហ​​សេរីភាព​​សហគមន៍​​មូល​ដ្ឋាន​ចុះ​ល្បាត​​ព្រៃ​​ឈើ ខណៈ​បទ​ល្មើស​ព្រៃ​ឈើ​​នៅ​បន្តកើតមាន

សង្គមស៊ីវិលចំនួន ៦ស្ថាប័ន ដែល​ធ្វើការ​ផ្នែក​ការ​ពារ​បរិស្ថាន និងសហគមន៍​ ​​អំពាវ​នាវ​ដល់​រដ្ឋា​ភិ​បាល ជាពិសេស​ក្រសួង​បរិស្ថាន បើក​លំហសេ​រី​ភាព​ដល់​សហគម​ន៍មូ​ល​ដ្ឋាន និង​សង្គម​ស៊ីវិល​ឱ្យ​បាន​ទូលាយ ដើម្បី​ចូល​រួម​ចំណែក​​ធ្វើ​​សកម្ម​ភាព​ការ​ពារ​ព្រៃ​ឈើ​ដោយ​គ្មាន​ការ​គំរាម​គំហែង ប៉ុន្តែ​​ក្រសួងថា​មិនបានរឹតត្បិត​ដូច​ការ​លើក​​ឡើង​​​នេះទេ។

សង្គមស៊ីវិលទាំង​៦​​ដែល​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​​ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ មាន​ដូច​ជា អង្គកា​រ​ភាព​ជាដៃ​គូ​​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ សមាគ​ម​បណ្តាញ​យុវជន​កម្ពុជា (CYN) និងអង្គការកម្មវិធីអភិវឌ្ឍន៍​ធនធានយុវជន (YRDP) ជាដើម។

បើតាមសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផលនៃការប្រារព្ធទិវាព្រៃឈើអន្តរជាតិ ឆ្នាំ២០២៦នោះ បានគូសបញ្ជាក់ថា តំណាងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន យុវជន និងអ្នកការ​ពារសិទ្ធិមនុស្ស និងបរិស្ថាន អំពាវនាវដល់​រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរ​ពាក់ព័ន្ធ បើក​លំហសេរីភាពដល់​សហគមន៍​មូល​ដ្ឋាន និង​សង្គម​ស៊ីវិល ចូល​រួម​ការ​ពារ​ព្រៃ​ឈើ​ដោយ​សេរី ដោយ​គ្មាន​ការ​គំរាម​កំហែង ឬបំភិតបំភ័យគ្រប់ទម្រង់។

សេចក្តីថ្លែង​ការណ៍រួម​ សរសេរ​ថា៖ «យើងខ្ញុំសូមបង្ហាញព្រួយបារម្ភយ៉ាង​ខ្លាំង ចំពោះការអនុវត្តមិនទាន់បានពេញ​លេញ​នៃ “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ក៏ដូចជាកង្វះការទទួលខុសត្រូវលើសំណូមពរ និងការច្រានចោលរបាយ​ការណ៍បទល្មើស​ព្រៃឈើពីសំណាក់សហគមន៍ និងអ្នកការពារព្រៃឈើ។ បញ្ហា​ទាំងនេះ បានរួមចំណែកធ្វើឱ្យ​វិនាស​កម្មព្រៃ​ឈើ នៅកម្ពុជាបន្តកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់​ការពារ ដែលជាសញ្ញាណដ៏គ្រោះថ្នាក់សម្រាប់ធន​ធានធម្ម​ជាតិ»។

បើតាមសេចក្តីថ្លែង​ការណ៍ដដែល ក្នុងរយៈ​ពេលពីរទសវត្សរ៍ចុងក្រោយនេះ គម្របព្រៃឈើនៅកម្ពុជា​ បានបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ហើយការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជនដោយខុស​ច្បាប់ នៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់​តំបន់​ការ​ពារ​ធម្មជាតិ និង​ព្រៃ​សហគមន៍។

បន្ថែមលើនេះ លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បី​បរិស្ថាន និងការអភិវឌ្ឍ ប្រាប់ Press Start Cambodia នៅថ្ងៃទី២៧ ខែមីនា​ថា ចាប់តាំងពី​ឆ្នាំ​២០២០​មក អង្គការសង្គមស៊ីវិល ជនជាតិដើមភាគតិច ក៏ដូចជា សកម្មជនបរិស្ថាន រងការរឹត​ត្បឹត​សេរីភាព ក្នុងការចុះទៅស៊ើបអង្កេតបទល្មើព្រៃឈើនៅនៅតំបន់ព្រៃអភិរក្ស។ 

បើតាម លោក សាន់ ម៉ាឡា មានសកម្មជនព្រៃឈើជាច្រើនរូប ត្រូវអាជ្ញាធរបណ្តេញចេញក្នុងពេល​ពួកគេចុះល្បាតព្រៃ និងចាប់ខ្លួន ដូចជាករណី លោក គួច ឡេង និងសកម្មជនព្រៃឈើ លោក ហេង ស្រស់ ជាដើម។

លោកថា៖ «ការរារាំង និងការរឹតត្បិតនេះ យើងមើលឃើញថា ដោយសារតែក្រសួងបរិស្ថាន មិនចង់​ឱ្យ​សាធារណ​ជន បាន​ដឹងការពិតអំពីសកម្មភាពដែលបានកើតឡើង​ក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេស​កម្ពុជា​របស់យើង ទោះបីបទល្មើស​មានការកើនឡើង ទោះបីគម្រ​បព្រៃឈើបន្តធ្លាក់ចុះ ប៉ុន្តែសិទ្ធិនិងសេរីភាព​ក្នុងការចូលរួមការពារ បែរ​ជា​បន្ត​រង​ការ​រឹត​ត្បិត​ទៅ​វិញ»។

ជាមួយគ្នា សកម្មជនការពារព្រៃឡង់​នៅខេត្តព្រះវិហារ​​ លោក ស្រី ថី ប្រាប់ Press Start Cambodia នៅ​ថ្ងៃទី២៧ ខែមិនា​ថា លោកមិនបានចុះល្បាតព្រៃទៀតទេ ​ដោយសារតែក្រសួងតម្រូវ​ឱ្យជូនដំណឹង​​ទៅកាន់មន្រ្តីបរិស្ថានជាមុនសិន បើចង់ចុះឃ្លាំមើលព្រៃឈើក្នុងតំបន់ព្រៃឡង់។

បើតាមសកម្មជនព្រៃឈើរូបនេះ វិធានការរបស់ក្រសួងនេះ បានចាប់ឱ្យអនុវត្តន៍នៅខែមីនានេះ ដែល​លោកចាត់ទុកថា ជារូបភាពការរឹតត្បិត​សេរីភាពរបស់លោក និងសហគមន៍នៅមូលដ្ឋាន ក្នុងការរួមចំណែកការ​ពារ​ធន​ធាន​ធម្មជាតិ។

លោកថា៖ «គេឱ្យយើងចុះ! ប៉ុន្តែមុននឹងចុះត្រូវធ្វើលិខិតស្នើសុំជាមុន! ១អាទិត្យមុន! បានចុះបាន! មិន​មែន​ដូច​មុនទេតែ​​ក្រុមពួកយើងទេ ​ទាល់​តែមានមន្រ្តីបរិស្ថានចូលរួមបានដើរបាន អាជ្ញាធរចូលរួមបានដើរបាន! គេឱ្យយើងស្នើសុំទៅប្រធាន​មន្ទីរ អាជ្ញាធរ​ជាមុនសិន! យើងសងេ្កតមើល​ទៅ គេរឹតត្បិត បានគេតម្រូវ​ធ្វើច្បាប់អញ្ចេះ ស្នើច្បាប់អញ្ចោះ​ បាន​គេឱ្យ​ចូល​(ព្រៃឡង់)​បាន បើ​យើង​មិន​បាន​ធ្វើ​លិខិត​ទេ​ ស្នើនឹង​យើង​ល្មើស​ច្បាប់»។

យ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ឆ្លើយ​តបយ៉ាង​​ខ្លី​ថា ក្រសួង​​តែ​ង​តែលើក​ទឹក​ចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមការពារព្រៃឈើ ដោយមិនបានគំរាមគំហែង ឬរឹត​ត្បិត​នោះ​ទេ​។

លោកថា៖ «យើងសង្កេតឃើញថាមានចូលរួមច្រើន​ពីគ្រប់ភាគី ក្នុងការរាយ​ការណ៍​ទាក់ទង​នឹង​ការ​ប៉ះ​ពាល់​​ទៅ​ដល់​ធន​​ធាន​ធម្មជាតិ​ព្រៃឈើ។​​​ យើង​លើក​ទឹក​ចិត្ត​​​​ឱ្យ​មាន​ការ​ចូល​​​បន្ថែម​ទៀត សម្រាប់​អន្តរា​គមន៍​ដើម្បីចីរភាពបរិស្ថានរបស់យើង។ យើងមិនបានរឹតត្បិត​ទេ»។

របាយការណ៍មួយចេញផ្សាយដោយគម្រោង​ការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថាន​​សម្រាប់​ទាំងអស់គ្នា (CEEJA) ក្នុងឆ្នាំ២០២៤ ស្តីពី​ ការឃ្លាំមើលព្រៃឈើបានបង្ហាញថា កម្ពុជាបាន​បាត់បង់គម្របព្រៃឈើ​ចំនួនជាង ១២ម៉ឺនហិកតា (១២០ ៨២៩ហិកតា) នៅក្នុងឆ្នាំ២០២៣ ដែល​ជិតពាក់កណ្តាលនៃការបាត់បង់នេះកើតឡើងនៅក្នុងតំបន់ព្រៃការពារ។

បើតាមរបាយការណ៍ដដែល រកឃើញថា ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៣ កម្ពុជាបានបាត់​បង់​គម្រប​ព្រៃឈើ​ចំនួន ២,៨៣ លានហិកតា ដែលការបាត់បង់នេះស្មើនឹង ១,៤ភាគរយនៃផ្ទៃដី​សរុបរបស់​ប្រទេស​​កម្ពុជា។

របាយការណ៍បានបង្ហាញថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ តែមួយបានបាត់បង់គម្របព្រៃឈើជាង ៩ពាន់ហិកតា (៩៥៣២) ហិកតានៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យការបាត់បង់សរុបនៅក្នុងដែនជម្រកនេះឡើងដល់ជាង៨ម៉ឺនហិកតា(៨៥,៨៦៤) ហិកតាចាប់តាំងពីឆ្នាំ២០១១៕

អត្ថបទគួរឱ្យចាប់អារម្មណ៍