ក្រុមអតិថិជនទិញផ្ទះនៅក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលបង់លុយគ្រប់ទិញផ្ទះជាង៣ឆ្នាំ តែក្រុមហ៊ុនគ្មានផ្ទះឱ្យ បានស្នើឲ្យក្រសួងដែនដីចាប់បង្ខំឱ្យភាគីក្រុមហ៊ុនពន្លឿនសង់ផ្ទះឱ្យពួកគេ ក្រោយជាប់គាំងការសាង់សង់ច្រើនឆ្នាំទៅនេះធ្វើឱ្យអ្នកខ្លះប្រឈមវិបត្តិបំណុលធ្ងន់ធ្ងរ។
អតិថិជនម្នាក់ លោក រ៉ា វុធ ប្រាប់គេហទំព័រ Press Start Cambodia នៅថ្ងៃទី១០ ខែមេសានេះថា លោបានចំណាយលុយជិត៤០ ០០០ដុល្លារ ទិញដី និងផ្ទះនៅក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់គម្រោង៦A ក្នុងខេត្តកណ្តាល។តែលោកថា រយៈពេលជាង៣ឆ្នាំហើយមិនបានប្លង់ទេ ហើយផ្ទះវិញក៏គ្មានជាងសាងសង់ដែរ។
បើតាមលោក រ៉ា វុធ ក្នុងកិច្ចសន្យាទិញលក់បញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំ ក្រុមហ៊ុននឹងប្រគល់ផ្ទះឱ្យតាមកិច្ចសន្យា ហើយបើលើសពេលកំណត់ក្រុមហ៊ុននឹងផ្តល់សំណង១០០ដុល្លាអាមេរិកក្នុងមួយខែឱ្យអតិថិជនវិញ។ ប៉ុន្តែលោកថា បច្ចុប្បន្ន ក្រុមហ៊ុនមិនគោរពកិច្ចសន្យានោះទេ ដែលធ្វើឱ្យលោកប្រឈមវិបត្តិបំណុល ក្រោយខ្ចីលុយធនាគារទៅទិញផ្ទះនៅក្រុមហ៊ុននេះ។
លោកបន្តថា៖«កាលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៦ ខាងក្រសួងបានកោះហៅ អតិថិជនប្លុកC មានការប្រជុំជាមួយគ្នាពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។ នៅពេលដែលចេញជាលទ្ធផល ខាងក្រសួងគាត់ថា នឹងរកដំណោះស្រាយ សង់ផ្ទះភ្លាមៗ កាន់សោចូលនៅសម្រាប់អ្នកដែលរំកិលពីប្លុកចាស់ទៅប្លុកថ្មីតែជាក់ស្តែងនៅពេលអតិថិជនយល់ព្រមបែទៅជាមានតែគ្រោងឆ្អឹងផ្ទះ ហើយរងចាំដដែល។អ៊ីចឹងខ្ញុំសុំសំណូមពរទៅដល់ ក្រសួងដែនដីសុំលោកជួយពន្លឿនរកជាងដើម្បីដាក់នៅទីតាំងប្លុកដែលសុខចិត្តមកប្លុកខាងមុខដើម្បីឱ្យពួកគាត់បានផ្ទះមករស់នៅឆាប់ៗ»។
ជាមួយគ្នានេះ អតិថិជនម្នាក់ទៀត ប្រាប់គេហទំព័រ Press Start Cambodia ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពថា អ្នកស្រីបានទិញផ្ទះនៅក្រុមហ៊ុន ឡេង ណាវ៉ាត្រា នេះដោយចំណាយលុយចំនួនជាង២០ ០០០ដុល្លាអាមេរិក កាលពីឆ្នាំ២០២៣ ដែលជាលុយខ្ចីធនាគារ តែមិនបានផ្ទះទេជិត៣ឆ្នាំទៅនេះ។
បើតាមប្រភពដដែល បច្ចុប្បន្នគាត់ត្រូវបង់សងទៅធនាគារជិត៣០០ដុល្លារក្នុងមួយខែ ដែលខែខ្លះអ្នកស្រីគ្មានលុយបង់ទេ ធ្វើឱ្យភាគីធនាគារព្រមានប្រើប្រាស់វិធានការច្បាប់ថែមទៀត។យ៉ាងនេះក្តី អ្នកស្រីស្នើឱ្យក្រសួង ជួយអន្តរាគមន៍ធ្វើយ៉ាងណា ឱ្យភាគីក្រុមហ៊ុនពន្លឿនសង់ផ្ទះឱ្យបានឆាប់ ដើម្បីបានផ្ទះរស់នៅ ។
លោកបន្តថា៖«ខ្ញុំសុំស្នើសុំក្រសួង និងរដ្ឋាភិបាលជួយដោះស្រាយទៅលើការពន្លឿនជាង(សង់ផ្ទះ) ពីព្រោះពួកខ្ញុំដែលសុខចិត្ត រំកិលទីតាំងប្លុកចាស់មកដល់ប្លុកថ្មីដើម្បីបញ្ចប់បញ្ហាដើម្បីចង់បានផ្ទះភ្លាមៗតែមកដល់ជាក់ស្តែងពួកខ្ញុំនៅតែរងចាំដដែល។ខ្ញុំកំពុងជួបបញ្ហាបំណុលធនគារគេមកទាលុយរាល់ថ្ងៃ»។
ជុំវិញរឿងនេះ គេហទំព័រ Press Start Cambodia មិនទាន់អាចសុំឆ្លើយតបពីភាគីក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា បាននៅឡើយទេនៅថ្ងៃទី ១០ មេសានេះ។
ដោយឡែក អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានឆ្លើយតបដោយខ្លី មុននឹងផ្តាច់ទូរស័ព្ទចុះថា៖«កំពុងជាប់រវល់ប្រជុំ»។
បើទោះជាបែបណា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក នី សុខា យល់ឃើញថា បើពិនិត្យលើអង្គហេតុនៃរឿងនេះ ដំណើរការនៃការដោះស្រាយកាន់តែអូសបន្លាយ ធ្វើឱ្យពលរដ្ឋ ដែលជាភាគីអ្នកទិញជួបវិបត្តិជីវភាពខណៈអ្នកខ្លះខ្ចីលុយធនាគារទិញផ្ទះពីឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាការរងភាពអយុត្តិធម៌ទ្វេដង។
យ៉ាងនេះក្តី លោកជំរុញឲ្យរដ្ឋាភិបាលអន្តរាគមន៍ជាបន្ទាន់លើករណីក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា រកស៊ីបំពានកិច្ចសន្យាអាជីវកម្មនេះដោយត្រូវអនុវត្តច្បាប់ដោយតម្លាភាពដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។
លោកបន្តថា៖«រដ្ឋាភិបាលហ្នឹងគួរតែមានការជំរុញរឿងនេះឱ្យក្រុមហ៊ុនចូលមកទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហា។រដ្ឋមានតួនាទី ក៏ដូចជាមានអំណាចមួយនៅក្នុងការជំរុញឱ្យក្រុមហ៊ុន ត្រូវមានវិធានការមួយចំនួនដើម្បីឱ្យក្រុមហ៊ុនចូលមកដោះស្រាយឱ្យបានលឿនដើម្បីបញ្ជៀសកុំឱ្យប្រជាពលរដ្ឋបន្តរងគ្រោះទៅទៀតដែលអាចធ្វើឱ្យពលរដ្ឋមិនសម្បាយចិត្ត ចំពោះយន្តការនៃដំណើរការដោះស្រាយហ្នឹង វាឈានទៅដល់បញ្ហាផ្សេងទៀតដែលអាចហ្នឹងប្រជាពលរដ្ឋ លោកយល់ថារឿងនេះវាជារឿងពាក់ព័ន្ធទៅហ្នឹងមានការនៅពីក្រោយខ្នងនៃអ្នកនេះអ្នកនោះវានាំឱ្យបញ្ហាហ្នឹងកាន់តែស្មុគ្រស្មាញថែមទៀត ហើយវាជះឥទ្ធិពលមិនល្អដល់រដ្ឋាភិបាលផងដែរ »។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាក់ជាសាធារណៈនៅលើទំព័រហ្វេសប៊ុករបស់លោកដោយចង់ឲ្យឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ប៉ុន្តែលោកក៏បានប្តូរចិត្តវិញក្រោយមានប្រតិកម្មពីពលរដ្ឋដោយសារតែឧកញ៉ារូបនេះមានរឿងអាស្រូវឆបោកពលរដ្ឋករណីលក់ដី និងផ្ទះ។ហើយពេលនោះ លោក ហ៊ុន សែន បានបញ្ជាក់ថា ភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះឲ្យអតិថិជននេះដោយសារតែក្រុមហ៊ុនកប់ដើមទុននៅលើដីក្នុងចំនួនច្រើន និងបានការពារថាក្រុមហ៊ុននេះមិនទាន់ក្ស័យធននោះទេ។ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ធ្លាប់បានទទួលសិទ្ធិអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ និងរងការរិះគន់ថាបានកាប់បំផ្លាញព្រៃឈើនៅទីនោះ។
ចំពេលផ្ទុះករណីកាប់បំផ្លាញព្រៃឈើនេះដែរ ពលរដ្ឋបានទាមទារឲ្យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែនកាត់ទោសម្ចាស់ក្រុមហ៊ុននោះដាក់ពន្ធនាគារករណីបំផ្លាញធនធានធម្មជាតិ ប៉ុន្តែលោកហ៊ុនសែនឆ្លើយតបបែបចំអកថាបើចង់ចាប់ម្ចាស់ក្រុមហ៊ុននោះដាក់ពន្ធនាគារគឺមានតែចាប់រូបលោកដាក់គុកដែរ។
ឧកញ៉ាឡេង ណាវ៉ាត្រា គឺជាអតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េហើយបានក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនហ្គាឡាក់ ស៊ីណាវ៉ាត្រាគ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ រកស៊ីលើវិស័យអចលនទ្រព្យ កសិកម្ម និងវិស័យអប់រំជាដើម៕

