តំណា​ងកម្ពុជាបន្ត​​ប្រាប់​អាស៊ាន​ពី​ស្ថានភាព​ជនភៀស​សឹក​ជាង​២ម៉ឺន​នាក់

ដោយៈ

Press Start Cambodia Avatar

តំណាងកម្ពុជា បានប្រាប់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិ​មនុស្ស (អាយឆា) ពី​​ស្ថាន​ភាព​របស់ជន​ភៀសសឹក​ជាង ២ម៉ឺននាក់​ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរារាំងពីសំណាក់យោធាថៃ ដោយថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​​មនុស្ស​​យ៉ាង​​ធ្ងន់​​ធ្ងរ។

នេះ​បើតាម​​សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី​២២ ខែ​កក្កដា ស្តីពី​លទ្ធផល​​​កិច្ច​ប្រជុំ​ពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុកសិទ្ធិមនុស្ស (អាយ​ឆា) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២៦ នៅសាធារណរដ្ឋ​ហ្វីលីពីន។

សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ក្នុងកិច្ច​ប្រជុំនោះ តំណាង​រង​កម្ពុជា​ប្រចាំ​អាយ​ឆា លោក ប៉ា ប៉ុណ្ណារ៉ាដា បាន​លើកឡើងពី​ស្ថាន​ភាព​របស់​ជនភៀស​សឹក​កម្ពុជា​ជាង ២ម៉ឺន​នាក់ ដែល​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅលំនៅ​ឋាន​នៅឡើយ ដោយសារតែ​ការ​រារាំង​ពី​សំណាក់​យោធា​ថៃ តាមរយៈការ​រាយ​បន្លាលួស និងការ​ដាក់ទូរកុង​តឺន័រ។

លោក​បញ្ជាក់ថា៖ «ការណ៍នេះ គឺជាការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ»។

បើតាមសេចក្តីប្រកាសព័ត៌មាន​ តំណាង​កម្ពុជា​រូប​នេះ ក៏​បានបញ្ជាក់ឡើងវិញ​ពី​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​ចុះ​ពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៦ ជាពិសេស​ចំណុច​៤ ដែលចែង​ថា ភាគីទាំង​ពីរ​យល់ព្រម​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​ដែល​រស់​នៅ​ក្នុង​តំបន់ព្រំដែន​ ដែល​រង​ផល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​ និង​ប្រកប​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួកគេ​វិញឱ្យ​បាន​ឆាប់​បំផុត​ ដោយគ្មានការ​រារាំង​ ប្រកបដោយ​សុវត្ថិភាព និង​សេចក្តីថ្លៃ​ថ្នូរ។

លោក ប៉ា ប៉ុណ្ណារ៉ាដា ​ក៏បានអំពាវនាវ​​​​ដល់ភាគីពាក់ព័ន្ធ​​គោរព​យ៉ាង​ពេញ​លេញ​នូវ​គោល​ការណ៍​មនុស្ស​ធម៌អន្តរជាតិ ការ​គោរព​សិទ្ធិ​មនុស្ស ការ​ការ​ពារ​ជន​ស៊ីវិល និងធានា​ថា ប្រជាពល​រដ្ឋ​​ដែល​រង​ផល​ប៉ះពាល់​អាច​វិល​ត្រឡប់​ទៅលំនៅឋាន​វិញ​ប្រកប​ដោយ​​សុវត្ថិភាព ស្ម័គ្រ​ចិត្ត សេចក្តីថ្លៃថ្នូរ និ​ងនិរន្តរភាព ហើយ​កា​រខូចខាត​ ឬ​កា​របំផ្លិច​បំផ្លាញ​វត្ថុ​ស៊ីវិល រួមមានផ្ទះ សាលា​រៀន មណ្ឌល​សុខភាព​ និង​ហេដ្ឋរចនាសម្ព័ន្ធ​ផ្សេង​ទៀត ត្រូវ​តែ​ទប់ស្កាត់ និងការ​ពារ​​ស្រប​តាម​គោល​ការណ៍​នៃ​ច្បាប់​អន្តរជាតិ។

គួរ​បញ្ជាក់​ថា ក្នុងកា​រប៉ះទង្គិចគ្នា​ដោយ​អាវុធ​ក្នុង​ជម្លោះព្រំ​ដែន​កម្ពុជា​-ថៃ​ កាលពី​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅតាម​​បណ្តោយ​ព្រំដែន​​ជាង ៦សែន​៤ម៉ឺន​នាក់ ត្រូ​វបង្ខំចិត្ត​ចាកចេញ​ពីលំនៅ​ឋាន និង​ភូមិករ​របស់​ពួកគេ​។ ហើយ​គិត​មក​ដល់​បច្ចុប្បន្ន ​នៅ​មាន​ជនភៀសសឹក​​​ចំនួន ២ ០២៨១នាក់ នៅពុំ​ទាន់​អាច​វិលទៅ​លំនៅឋាន​វិញ​នៅ​ឡើយ បន្ទាប់​ពីភូមិករ​ និង​ផ្ទះ​សម្បែង​របស់​ពួកគេ​ ត្រូវ​បាន​​យោធា​ថៃ​ចូល​កាន់​កាប់ និង​បំផ្លិច​បំផ្លាញ​​ដោយ​ខុស​ច្បាប់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៥៕

អត្ថបទដោយ៖ ធី វណ្ណា

អត្ថបទគួរឱ្យចាប់អារម្មណ៍