ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ចារកម្មថៃ ដែលថា កម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ ដោយអះអាងកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពកិច្ចព្រៀងដែលមានស្រាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិបានអះអាងថា ការចោទប្រកាន់ ដែលធ្វើឡើងដោយប្រធានចារកម្មថៃមកលើកម្ពុជា គឺមិនត្រឹមត្រូវ និងជាការអះអាង ដែលមានគ្មានមូលដ្ឋាន។
ក្រសួងការពារជាតិបានបន្តថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវការគោរពសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។
សេចក្ដីប្រកាសព័ត៌មានខាងលើបន្ថែមថា កងទ័ពកម្ពុជាគាំទ្រនូវគោលជំហររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។
កម្ពុជានិងថៃបានសម្រេចបទឈប់បាញ់ជាថ្មីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕

