កម្ពុជារងសម្ពាធទាប​ពីឥទ្ធិពល​ព្យុះចំនួន​២ ចាប់​ពីថ្ងៃទី៣​ដល់ថ្ងៃទី​១២​ខែ​កក្កដា

ដោយៈ

Press Start Cambodia Avatar

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់កន្ត្រាក់ ក្រោម​ឥទ្ធិពល​ព្យុះចំនួន​​០២ ចាប់ពីថ្ងៃទី០​៣ ដល់ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២៦ ក្នុង​សប្តាហ៍នេះ។

សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ២០២៦នេះ បាន​ឱ្យ​ដឹងថា របបខ្យល់មូសុងនិរតីដែលកើតចេញពីឥទ្ធិពលព្យុះទី១០ ឈោ្មះ ម៉ៃស័ក (ម៉ៃសាក់) បាន​និង​កំពុ​ងកើត​មាន​នៅ​ឈូង​សមុទ្រ​បេងហ្គាល​ សមុទ្រ​អាន់​ដាម៉ាន់ សមុទ្រ​ចិន​ខាង​ត្បូង អាងទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ប្រទេស​កម្ពុជា ហើយ​វា​នឹង​រលាយ​បាត់​ទៅវិញ​នៅ​ថ្ងៃទី​០៦ ខែ​កក្កដា។

បើទោះជា​ក្រសួង​ថា គន្លង​ផ្លូវ​ដើរ​របស់​​ព្យុះទី១០នេះ មិន​គ្រប​ដណ្តប់​លើប្រទេស​កម្ពុជា ប៉ុន្តែ​ឥទ្ធិ​ពល​នៃព្យុះនេះ រួម​និង​ព្យុះទី​០៩ ឈ្មោះ បាវី នឹង​បង្ក​ឱ្យ​កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់លាយ​ឡំ​​​ជាមួយ​​នឹង​​ខ្យល់​​កន្ត្រាក់ ចាប់​ពី​ថ្ងៃ​ទី​០៣ ដល់ថ្ងៃទី​១២ ខែ​កក្កដា នៅតំបន់​មួយចំនួន។

ក្រសួង​ធនធានទឹក និងឧតុនិយម​ បានបញ្ជាក់ថា សម្រាប់​តំបន់​វាល​ទំនាប​​ រួមមាន ខេត្តបន្ទាយ​មានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀម​រាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ​ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចនឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះគ្រប​ដណ្តប់លើ​ផ្ទៃដី ៥០​ភាគ​រយ ខណៈតំបន់​ខ្ពង់រាប ដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាច​នឹង​មានភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប​ដណ្តប់​​លើផ្ទៃដី ៦០ភាគរយ។

ចំណែក តំបន់​មាត់​សមុទ្រ រួម​មាន​​ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូក​គោ ក្រសួង​ថា ​​អាច​នឹង​មាន​ភ្លៀងធ្លាក់​​ជាមួយ​ខ្យល់កន្ត្រាក់ និងផ្គររន្ទះ​គ្របដណ្ដប់លើផ្ទៃដី ៧០ភាគរយ ហើយ​​រលក​សមុទ្រ​បោក​​បក់​ខ្លាំង​ ដែល​មាន​កម្ពស់​ចន្លោះពី​ ០,៥០ម៉ែត្រ ដល់​ ១,៧៥ម៉ែត្រ។

ការណ៍នេះ ​ក្រសួង​បាន​អំពាវ​នាវ​ដល់​សាធារណ​ជន បង្កើនការ​​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​នេះ​  ជាពិសេស​ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក និងផ្លូវទឹក៕

អត្ថបទដោយ៖ ផាត់ ស័ក្តស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍