កម្ពុជា​ស្វា​គមន៍​​ការ​​តែង​​តាំង​​លោក​​ស្រី​​ Ka​tri​na​ ​Coo​per​ ជា​​ប្រ​ធាន​គណៈ​កម្ម​ការ​ផ្សះ​ផ្សា​ក្រោម​ ​UNCLOS

ដោយៈ

Press Start Cambodia Avatar

កម្ពុជា​ស្វាគមន៍​ការ​តែង​តាំងលោកស្រី Katrina Cooper ជា​​អ្នក​កាទូត ​និង​​អ្នក​​ជំនាញ​ច្បាប់​អន្តរជាតិ​ជាន់ខ្ពស់​​​​​​អូស្ត្រាលី ជា​ប្រធាន​គណៈ​កម្មការ​ផ្សះផ្សាក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិ​ស្តីពីនិតិសមុទ្រ (UNCLOS)​ ​ជុំវិញ​​ជម្លោះ​​ដែន​​សមុទ្រត្រួត​ស៊ីគ្នា​​។​

កម្ពុជា​​បានស្វាគមន៍​និង​បាន​​ថ្លែង​អំ​ណរ​គុណ​ដល់​លោកស្រី Katrina Cooper ដែល​បាន​យល់​ព្រម​ទទួល​ភារកិច្ច​ដ៏សំខាន់​នេះ ហើយ​នឹង​ចូល​រួម​ក្នុង​គណៈកម្មការ​ផ្សះផ្សា​ជាមួយ​អ្នក​ជំនាញ​អន្តរជាតិ​ផ្សេងទៀត​។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៦ របស់​ក្រសួង​ការបរទេស និង​សហប្រ​តិបត្តិ​ការ​អន្តរជាតិ​​កម្ពុជា​​។​​

​សេចក្តីប្រកាស​ព័ត៌មាននេះ ​សរសេរថា៖​ “​នេះគឺជាជំហាន​​ដ៏សំខាន់​មួយ​ក្នុង​ដំ​ណើរ​ការផ្សះផ្សា​ ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​កម្ពុជា​។​ កម្ពុជា​ជឿជាក់​ថា ដំ​ណើរ​​ការ​ផ្សះផ្សា​នឹងផ្តល់​នូវ​ឱកាសសម្រាប់​​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​​ព្រំដែន​សមុទ្រ​ ក៏ដូចជា​ឱកាស​ក្នុងការ​អភិវឌ្ឍ​ធនធាន​ប្រេង និង​ឧស្ម័ន​ដ៏ច្រើន​នៅ​ក្នុង​តំបន់​ទាមទារ​លើ​ដែន​សមុទ្រ​ត្រួត​គ្នា”។
តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះដែរ​ កម្ពុជាបាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ខ្លួន​យ៉ាងពេញ​ទំហឹង​ចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា​លើ​ដែន​សមុទ្រ​​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់អន្តរជាតិ ហើយ​នឹង​បន្ត​ផ្តល់​នូវ​ទំនុក​ចិត្ត​ចំពោះ​ដំណើរ​ការ​ផ្សះ​ផ្សារ​​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​ UNCLOS។​
​សេចក្តីប្រកាសព័ត៌មាន​នេះ​​បញ្ជាក់ទៀត​ថា​​ គណៈកម្មការផ្សះ​ផ្សាក្រោមអនុសញ្ញា​ UNCLOS មានអ្នកផ្សះផ្សាឯករាជ្យចំនួន៥រូប ដោយកម្ពុជា​បានតែងតាំងឯក​អគ្គរដ្ឋទូត​ Peter Taksoe-Jensen ជនជាតិ​ដាណឺម៉ាក និងសាស្ត្រាចារ្យ​ Jean-Marc Thouvenin ជនជាតិ​បារាំង រីឯ​ប្រ​ទេស​ថៃ​បានតែងតាំងចៅក្រម​ Rudiger Wolfrum ជនជាតិ​អាល្លឺម៉ង់​ និងចៅក្រម​ Albert Hoffmann មកពីអាហ្វ្រិក​​ខាងត្បូង​ ហើយអ្នកផ្សះផ្សាទាំងបួនរូបបានជ្រើសរើសលោកស្រី Katrina Cooper ជា​ប្រធាន​។

លោកស្រី Katrina Cooper បច្ចុប្បន្ន គឺ​ជា​លេ​ខាធិការ​រងនៃក្រ​សួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។ លោកស្រីតំណាង​ឱ្យ​ប្រ​ទេស​អូស្ត្រាលី​​នៅលើ​ឆាកអន្តរជាតិ​ក្នុង​​តួនាទីជា​ច្រើន​រួម​មាន​ជា​តំណាង​របស់​នាយក​រដ្ឋ​មន្ត្រីអូស្ត្រាលី Anthony Albanese នៅ​ G20 (២០២១–២០២២) ជា​​ឯក​អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសម៉ិកស៊ិក (២០០៨–២០១២) និងជា​អនុប្រធានបេសកកម្មនៅស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងវ៉ាស៊ីនតោន (២០១៧–២០២១) ។

លោកស្រីក៏​ធ្លាប់ជា​ទីប្រឹក្សា​ច្បាប់​ជាន់​ខ្ពស់​នៅ​ក្រសួង​ការ​បរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ផ្តល់​ប្រឹក្សាច្បាប់​ក្នុង​ស្រុក​និង​អន្តរជាតិ​​ (​២០​១៣-២០១៧) ។ ជាមួយនឹង​តួនាទីនេះដែរ​ លោក​ស្រី​ធ្លាប់​ដឹកនាំ​ប្រតិភូ​អូស្ត្រាលី​ចូល​រួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ទី​៦ នៃ​មហា​សន្និបាតអង្គការ​សហប្រជាជាតិ​និង​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​នៃសន្ធិសញ្ញា​មហាសមុទ្រអង់តាក់ទិក​។ លោកស្រី​ធ្លាប់​ចូល​រួម​ចរចា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ជាច្រើន​ រួមទាំងការ​ចរចា​​ព្រំដែន​សមុទ្រ​រវា​ង​​អូស្ត្រាលី​ និង​​ទីម័រ​ខាងកើត​ផងដែរ។​

គួររឭក​​ថា កាល​ពីថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៦ កម្ពុជា​ចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយ​បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS) បន្ទាប់ពី​រដ្ឋាភិបាល​ថៃសម្រេចលុបដោយ​ឯកតោភាគី​នូវ​​​អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU-2001) ដែលជាយន្តការដោះស្រាយបញ្ហាតែមួយគត់ ដែលប្រទេសទាំងពីរមាន កាល​ពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៦​ ដោយ​អះ​អាង​​ថា រយៈ​ពេល​២៥​ឆ្នាំមកនេះ មិនមាន​ភាពរីកចម្រើន។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ​ប្រទេសទាំង​ពីរ​​កាល​​ពី​ខែមិថុនា ឆ្នាំ​២០០១​ ដើម្បី​ជំរុញឱ្យមាន​​ដំណោះស្រាយដោយសន្តិវិធី និងការចែក​រំ​លែក​ផលប្រយោជន៍រួមពីធនធានក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា​ (OCA)។ កម្ពុជា​​ ​និង​ថៃបាន​ចំណាយ​ពេលចរចា​​ជាងពីរទសវត្សរ៍​មកហើយជុំវិញ​​​តំ​បន់​ត្រួតស៊ីគ្នា​ ដែលជា​តំបន់​សម្បូរ​ថាមពល​មាន​តម្លៃប្រ​មា​ណ ៣០០ពាន់​លាន​ដុល្លារ៕​​

អត្ថបទដោយ៖ ផាត់ ស័ក្កស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍