កម្ពុជានាំ​​ក្រុម AOT ទៅទីតាំង​ដែល​យោធា​ថៃ​សង់របងព្រំដែន​ដោយឯកតោភាគី ធ្វើឱ្យ​ខូច​ខាត​​បង្គោល​ព្រំដែន​​បណ្តោះ​​អាសន្ន

ដោយៈ

Press Start Cambodia Avatar

ក្រុមអ្នកសម្របសម្រួល(CLG)​កម្ពុជា បាន​ជូន​ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ផ្ទាល់​នូវ​​​ស្ថានភាពជាក់ស្តែង​នៅ​តាម​បន្ទាត់ព្រំដែន​កម្ពុជា-ថៃ នៅ​ចន្លោះបង្គោលលេខ៥២ ដល់ ៥៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយ​​ក្រសួ​ងការ​ពារ​ជាតិ​កម្ពុជា បានអះអាង​ថា ​ក្រុម​អ្នក​សង្កេត​ការណ៍​​បាន​ឃើញ​ការ​ខូច​ខាត​បង្គោល​ព្រំដែន​បណ្តោះអាសន្ន​ ដែល​បង្ក​ឡើង​ដោយ​សកម្ម​ភាព​​សាង់សង់​របង​ព្រំដែន​ដោយ​ឯកតោភាគី​ពីសំណាក់យោធាថៃ ព្រមទាំង​​ទីតាំង​ដែលពលរដ្ឋថៃ​ចូលធ្វើស្រែ​ចម្ការ​ចូល​ហួស​ក្នុង​ទឹកដីកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​ក្រសួងការ​ពារ​ជាតិ ចេញផ្សាយនៅ​លើទំព័រហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា តាមរយៈការ​ចុះទៅ​សង្កេតការណ៍ ប្រមូល និងផ្ទៀង​ផ្ទាត់​ព័ត៌មាន​នៅ​តំបន់ព្រំដែន​កម្ពុជា​-ថៃ នៅស្រុក​កំរៀង ខេត្ត​បាត់បងនោះ ក្រុម​អ្នកសង្កេតការណ៍ បាន​​ពិនិត្យ​ឃើញ​ជាក់ស្តែង​នូវ​ការ​បែកបាក់បង្គោល​បណ្តោះអាសន្ន​ ដែល​បង្កឡើង​ដោយ​សកម្មភាព​សាង​​សង់​របង​ព្រំដែន​​ដោយ​​ឯកតោភាគីពីសំណាក់ភាគីថៃ នៅកៀក​បង្គោល​ព្រំដែន​លេខ ៥២-៥៤។

ប្រភពដដែល​បន្តអះអាងថាទៀតថា ក្រុម​​អ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ក៏បានចុះទៅពិនិត្យទីតាំ​ងដែល​ប្រជាពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជា នៅចន្លោះបង្គោលព្រំដែន ៥២-៥៩​ ផងដែរ។

Press Start Cambodia មិនអាច​ស្វែងរក​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណីនេះ ពុំអភិបាល​ខេត្តបាត់ដំបង លោក សុខ លូ បានទេ នៅថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៦នេះ។

ចំណែក អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ថា មិន​អាច​ផ្តល់ព័ត៌មាន​បន្ថែម​បាន ដោយ​សារ​​រឿង​​នេះ​មិនស្ថិតក្រោមការ​ទទួល​ខុស​ត្រូវ​របស់​លោក។

លោកមានប្រសាសន៍ថា៖ «រឿងនេះមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំនោះទេ អញ្ចឹងខ្ញុំអត់ដឹងទេ»។

យ៉ាងណា បើ​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការ​ពារ​ជាតិ​ដដែល​ បានគូសបញ្ជាក់ថា ភាគី​កម្ពុជា​បាន​​​តវ៉ា​​តាម​រយៈ​កំណត់​ទូត​ទៅ​ភាគី​ថៃ​ហើយ​ ដោយ​សារតែ​​​ការ​ងារ​នេះប៉ះ​ពាល់​ទៅ​ដល់​នីតិ​វិធី​ទ្វេ​ភាគី​ដែល​មាន​​​ស្រាប់ ស្ថិត​នៅ​ក្រោម​សមត្ថ​កិច្ច​របស់​គណៈ​កម្ម​ការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​គោក JBC ភាគី​ទាំង​ពីរ។ ជាមួយ​គ្នានេះ ភាគីកម្ពុជា ក៏​បានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ឱ្យបាន​ឆាប់បំផុត ដើម្បីដោះស្រាយបញ្ហានេះ៕

អត្ថបទដោយ៖ ធួន ស្រីពៅ

អត្ថបទគួរឱ្យចាប់អារម្មណ៍