គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង និងបង្គោលព្រំដែនលិចទឹកចំនួន៣ រួមទាំងឯកភាពគ្នាកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកំពុងមានភាពតានតឹង។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលធ្វើឡើងកាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីកម្ពុជា ដឹកនាំដោយរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ឡាំ ជា និងភាគីថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានគូសបញ្ជាក់ថា JBC កម្ពុជា-ថៃ យល់ព្រមប្រគល់ភារកិច្ចឱ្យអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម ខណៈកម្ពុជា-ថៃ ក៏យល់ព្រមសាងសង់ឡើងវិញ នូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា។
ប្រភពដដែល បន្ថែមថា ចំពោះករណីភូមិព្រៃចាន់ និងភូមិជោគជ័យ ចន្លោះបង្គោលលេខ៤២-៤៧ ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពចន្លោះបង្គោលលេខ៤២-៤៧។ ក្រោយបញ្ចប់ការវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន ភាគីទាំងពីរ នឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន សម្រាប់ការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។
តែយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានសង្កត់ធ្ងន់ថា ការបោះបង្គោលបណ្ដោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ។
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ក៏បានយល់ស្របគ្នាថា កិច្ចប្រជុំបន្ទាប់ នឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទីមួយនៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
ជុំវិញលទ្ធផលនៃJBC កម្ពុជា-ថៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែតុលាថា ការរាយបន្លាលួស និងកង់ឡានរបស់យោធាថៃ ដែលបានហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងរយៈពេល២ខែមកនេះ បានបង្កការលំបាកដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ និងបង្កើតឱ្យមានភាពតានតឹងក្នុងអារម្មណ៍ដល់ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី អះអាងថា បញ្ហាព្រំដែន ជាបញ្ហាស្មុគស្មាញដែលបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយការដោះស្រាយដែលអាចទទួលយកបាន គឺផ្អែកលើមូលដ្ឋានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
លោកបន្តថា ការវាស់វែង និងខណ្ឌសីមា ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។
លោក ហ៊ុន ម៉ាណែត បន្តថា៖ «ខ្ញុំសូមបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ។ កម្ពុជា មិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ»។
លោកបន្ថែមថា JBC កម្ពុជា-ថៃ បានឯកភាពធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។
អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា ក្រោយការឯកភាពរវាង JBC កម្ពុជា-ថៃ ស្ថានភាពនៅភូមិព្រៃចាន់និងភូមិជោគជ័យ ថ្ងៃនេះ មានសភាពធម្មតា។ យ៉ាងណា លោកថា យោធាថៃបានចុះមកពិនិត្យបង្គោលព្រំដែនមួយចំនួន នៅតំបន់នេះ។
លោកបញ្ជាក់ថា៖ «ខាងថៃ ថ្ងៃនេះគេមានសកម្មភាពចុះមើលបង្គោលសីមា ចុះអី បង្គោលសីមាលេខ៤៦ នៅភូមិជោគជ័យ។ បង្គោលលេខ ៤៣ វាចុះមកដែរ»។
ប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ដែលត្រូវបានកងកម្លាំងថៃយកបន្លាលួសហ៊ុមព័ទ្ធផ្ទះ អ្នកស្រី ហ៊ូល ម្លិះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសង្ឃឹមថា ឆាប់បានវិលត្រលប់ទៅផ្ទះសម្បែងវិញ ក្រោយថៃដាក់បន្លាលួសរារាំងអស់រយៈពេលប្រមាណ២ខែ។ អ្នកស្រីត្អូញត្អែរថា ការរស់នៅក្នុងតង់ក្បែររបងបន្លាលួសដើម្បីមើលផ្ទះ មានការលំបាក ត្រូវខ្យល់ត្រូវភ្លៀងជាដើម។
អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមថា ឆាប់បានផ្ទះនៅវិញឆាប់ៗ។ បើគាត់វាស់ព្រំដែនជំនាន់បារាំង ដល់ពេលចឹង ខ្ញុំដឹងតែបានដីបានផ្ទះខ្ញុំនៅវិញហើយ ជឿជាក់ចឹង»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ប្រសិនបើអ្នកនយោបាយមិនចង់ឱ្យពលរដ្ឋដាក់បន្ទុក គួរមានកិច្ចសហការជាមួយភាគីទីបី ដូចជា ប្រទេសបារាំង ជាដើម ដោយសារតែការបោះបង្គោលតាមទីតាំងបង្គោលព្រំដែនចាស់ ដែលមានលក្ខណៈចាស់កំរិលអាចលើក អាចដាក់បាន នៅទីតាំងណាក៏បានដែរនោះ។ ចំណែកការកាន់កាប់ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែន លោកថា កម្ពុជាក៏ទំនងជាចាញ់ប្រៀបថៃ ដោយសារពលរដ្ឋភាគច្រើនមិនសូវរស់នៅតាមបណ្ដោយព្រំដែន។
លោកនិយាយថា៖«អ្នកបច្ចេកទេស គួរមានកិច្ចសហការ ឬក្រុមអាជ្ញាកណ្ដាលមួយ ដូចជាបារាំង ដែលជាអ្នកបោះផែនទីហ្នឹងយកមកប្រើ ជាកិច្ចការមួយល្អ»។
កងកម្លាំងកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតទាល់តែមានបទឈប់បាញ់ ក្រោមការសម្របសម្រួលពីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។
តែយ៉ាងណា ក្រោយពីចុះកិច្ចព្រមព្រៀងបទឈប់បាញ់ កងកម្លាំងរបស់ថៃ បានចាប់កងកម្លាំងកម្ពុជាចំនួន ២០នាក់ ដែលរហូតមកដល់ពេលនេះ នៅសល់១៨នាក់ទៀត ដែលថៃនៅមិនទាន់មានការដោះលែងនៅឡើយ ហើយទាហានថៃ ក៏នៅតែបន្តធ្វើសកម្មភាពចូលមករាយបន្លាលួស ដាក់សំបកកង់ឡាន និងគ្រឿងចក្រ នៅតាមបណ្តោយព្រំដែន ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងព្រមានប្រើច្បាប់អាជ្ញាសឹករបស់ខ្លួន ក្នុងការបណ្តេញពលរដ្ឋខ្មែររស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ពីលំនៅឋានផងដែរ៕

