កម្ពុជា​ផ្ញើ​កំ​ណត់​ទូត​ជា​ថ្មី​​ទៅ​ភា​គី​ថៃ​ស្នើ​សុំ​បើក​កិច្ច​ប្រ​ជុំ​ពិ​សេស​​ J​B​C​ បន្ទា​ន់​

កម្ពុជាផ្ញើកំណត់ទូតជាថ្មី​ទៅភាគីថៃ​ ដើម្បីស្នើសុំរៀបចំកិច្ចប្រជុំពិសេស​គណៈកម្មការចម្រុះខណ្ឌ​សី​មា​ព្រំ​​ដែន​​​គោក (JBC) និងជំរុញ​ឱ្យ​បន្ត​អនុវត្ត​ការ​ងារ​នៅលើ​ដីជាក់ស្តែង​ ដែល​ភាគី​ទាំង​​ពីរ​​បាន​​ឯក​ភាព​​គ្នា​​នា​ពេល​កន្លង​មក​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាចុះ​ថ្ងៃទី៧ ខែមេសា ឆ្នាំ​​២០​២៦  ភាគី​កម្ពុជាបាន​ស្នើ​រៀប​ចំកិច្ច​ប្រជុំ​ពិសេសរបស់គណៈកម្មកា​រ JBC កម្ពុជា-ថៃ នៅកាល​បរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្រ​បតាមស្មារតី នៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។

ភាគីកម្ពុជា​ក៏បាន​ស្នើ​ឱ្យ​បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែ​ង នៅ​កាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្ត​អនុវត្ត​ការងារវាស់វែង និង បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោល ព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិ​សាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀង និងសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ក៏បាន​បញ្ជាក់ថា ភាគី​កម្ពុជា​ស្នើ​ឱ្យ​បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន) ចន្លោះបង្គោលព្រំដែនលេខ 14-17 តំបន់អូរស្មាច់ តំបន់អានសេះ តំបន់ថ្មដា និងតំបន់ព្រំដែនផ្សេងទៀត ស្របតាមស្មារតី នៃកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែមថា ភាគីកម្ពុជា​ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគី​ទាំងពីរ ដើម្បីចុះវាស់វែង និងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ បន្ថែមពីនេះទៀតស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែឧសភា ឆ្នាំ២០២៦។

សេចក្តី​ប្រកាសព័ត៌មាន​នេះ ក៏បាន​បញ្ជាក់ផងដែរថា គណៈកម្មការ JBC កម្ពុជា ប្រកាន់ជំហរយ៉ាង​ម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទីដែលជាលទ្ធផល នៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងកំ​ណត់​​​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបាន​ឯកភាពគ្នា។

គណៈកម្មាធិការព្រំដែនរួម (JBC) គឺជាវេទិកាសំខាន់រវាងកម្ពុជា និងថៃ ដែលត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាព្រំដែន និងកំណត់ខ្សែព្រំដែនឲ្យបានច្បាស់លាស់។ កន្លងមក ការងារនេះ បានអនុវត្តដោយយោងតាមគោលការណ៍ច្បាប់អន្តរជាតិ ដូចជា “Uti Possidetis Juris” និងឯកសារសំខាន់ៗ រួមមាន MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣។ កិច្ចប្រជុំជាបន្តបន្ទាប់របស់ JBC និង JSTs មានតួនាទីសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងជំរុញសន្តិភាព​​តំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍