កម្ពុជាច្រានចោលការអះអាង​របស់យោធាថៃដែល​ថា កន្លែង​ដែល​ទាហាន​ថៃ​បាន​ជាន់​​គឺ​​ជា​​ទឹក​​ដី​​របស់​​ថៃ

រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការ​លើ​កឡើង​របស់យោធាថៃដែលថា កន្លែង​ដែលទាហាន​ថៃ​បានជាន់គឺជាទឹកដីរបស់ថៃ ក្រោម​ហេតុ​ផល​ថា​ យោធាគ្មានសមត្ថកិច្ច​ក្នុង​ការ​សម្រេច​អំពី​ខណ្ឌ​សីម៉ា​របស់​ប្រទេស​ ហើយ​ការប្រកាសបែបនេះក៏គ្មានតម្លៃ​​គតិយុត្តផង​ដែរ។​

យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៧ ខែតុលា ឱ្យដឹងថា បណ្តាញ​​​សារព័ត៌មានថៃមួយចំនួន កាលពីថ្ងៃទី១៥ ខែតុលា បានចុះផ្សាយដោយស្រង់សម្ដី​របស់​មន្រ្តី​យោធា​ថៃ​ថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីរបស់ថៃ» ដែលសំដៅលើ​ទីតាំង​ដែល​យោធា​ថៃ​បាន​ឈូសឆាយ​ និ​ងរាវមីន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា នៅភូមិព្រៃ​ចាន់ និងភូមិ​ជោគ​ជ័យ ឃុំអូ​រ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពដដែល បន្តថា ​រដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវ​​គោល​ជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះអធិប​តេយ្យ​ភាព និង​បូរណ​ភាពទឹកដីរបស់ខ្លួន ដោយមិនទទួល​យកដាច់ខាតនូវការប្រកាសជាឯកតោ​ភាគីរបស់យោធា​ថៃ ​ក្រោមហេតុផលថា យោធាមិនមានសិទ្ធិ​ក្នុងការសម្រេចអំពីខណ្ឌ​សីមា​​របស់ប្រទេស​នោះឡើយ ហើយ​ការ​ប្រកាសបែបនេះ​ក៏គ្មានតម្លៃ​ជា​គតិយុត្តផង​ដែរ។

បន្ថែមពីលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ​លោក ប៉ែន បូណា បានថ្លែងក្នុងសន្នីសិទសារព័ត៌មានថ្ងៃ​នេះ​ថា៖ «បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្ដែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀង​បទ​ឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាចបង្កមហន្តរាយធំធេងដល់ប្រទេសជាតិ និងប្រជាជន​ទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា​មិនបោះបង់សិទ្ធិក្នុង​ការទាមទារដែនអធិបតេយ្យភាព​ជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិ​សញ្ញា និងច្បាប់អន្តរជាតិឡើយ»

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា​ ដំណោះស្រាយសម្រាប់កម្ពុជានៅពេលនេះ គឺនាំយកតំបន់មានវិវាទជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលកម្ពុជាមានឯកសារ​បង្អែក ជា​សន្ធិ​សញ្ញា​បារាំង-សៀម​ឆ្នាំ១៩០៤ និង១៩០៧ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ​១៩៩១។

លោកនិយាយថា៖ «ខ្ញុំគិតថា មធ្យោបាយតែមួយទេ គឺការប្ដឹងទៅតុលាការអន្តរជាតិ ICJ គឺយើងអាចប្រើយន្តការអន្តរជាតិបាន ដោយសារកម្ពុជានិងថៃ មានកិច្ចព្រមព្រៀងអន្តរជាតិពីអតីតកាល គឺកិច្ចព្រមព្រៀងសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ហើយនិងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១។  នេះជាយន្តការមួយដែលកម្ពុជាអាចប្រើច្បាប់អន្តរជាតិប្រើការយកមកដោះស្រាយ»

លោកបានអះអាងថា បើទោះបីជាភាគីថៃ មិនព្រមដោះស្រាយ តាមរយៈតុលាការអន្តរជាតិក្ដី ក៏កម្ពុជានៅ​តែ​អាច​ដាក់ពាក្យបណ្ដឹងបានដែរ ដោយសារទាំងកម្ពុជា និងថៃ ជាសមាជិកនៃអង្គការសហប្រជាជាតិ។

ចំណែក អ្នក​នាំ​ពាក្យ​សាលា​ខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណា​រិទ្ធ មានប្រសាសន៍ថា នៅថ្ងៃសុក្រនេះ ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ មានសភាព​ស្ងប់​ស្ងាត់ ប៉ុន្តែយោធា​ថៃ បានចាក់ដី​ពង្រាយ​នៅទីតាំង​ដែលពួកគេ​បានឈូសឆាយ កាលពីប៉ុន្មានថ្ងៃមុន។

លោកនិយាយថា៖ «ថ្ងៃនេះស្ងប់ស្ងាត់ តែថៃចាក់ដីនៅភូមិព្រៃចាន់ កន្លែងដែលឈូសឆាយថ្ងៃមុន»។

បើតាម លោក លី សុវណ្ណារិទ្ធ មាន​ពលរដ្ឋ​១២គ្រួសារ ដែល​រងផលប៉ះពាល់ពីការ​ទន្រ្ទានយកដី​ពីសំណាក់​​ភាគីថៃ ក្នុងភូមិទាំងពីរ ខណៈនៅភូមិព្រៃចាន់ ថៃបានចូលមកជម្រៅ ៤០០ម៉ែត្រ ពីទីតាំងឈរជើងចាស់។

កាលពីថ្ងៃទី១០ ខែតុលា កងកម្លាំងយោធាថៃ បានប្រើគ្រឿងចក្រឈូសឆាយដី បន្ទាប់មកធ្វើសកម្មភាព​រាវមីន នៅទីតាំងដែលពួកគេបានព័ទ្ធរបងលួស ដែលស្ថិតនៅភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។

ភ្លាមៗ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសមួយ ដោយថ្កោលទោសចំពោះសកម្មភាព ដ៏គឃ្លីន និងអមនុស្សធម៌របស់កងកម្លាំងចម្រុះយោធាថៃ ដែលជាការបំពាន​សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភ​​លើ MOU ឆ្នាំ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ព្រម​ទាំង​​​កំណត់ហេតុកិច្ចប្រជុំ​ពិសេសលើក​ទី១ គណៈ​កម្មាធិការ​ព្រំដែនទូទៅ​កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង​ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កាលពីថ្ងៃទី០៨ ខែតុលា តាមរយៈលិខិតមួយ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់​ទៅកា​ន់​ អភិបាល​ខេត្ត​ស្រះ​កែវ​ថៃ ឱ្យ​​បញ្ឈប់​រាល់សកម្ម​ភាព​ដែល​​ពង្រីក​ទំហំ​វិវាទ និងបង្កើនភាពតាន​តឹងនៅព្រំដែន​​ ដោយ​រង​ចាំ​ការ​ដោះ​ស្រាយ​ពី​គណៈកម្មការចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ ជុំវិញការកំណត់ខ្សែបន្ទាត់​ព្រំដែន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លិខិតនោះ​​ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ មិនមានសិទ្ធិក្នុង​ការកំណត់ព្រំដែន ក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។

កងកម្លាំងកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥ រហូតទាល់តែមានបទឈប់បាញ់ ក្រោមការសម្របសម្រួលពីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។

តែយ៉ាងណា​ ក្រោយ​ពីចុះកិច្ចព្រមព្រៀង​​​បទឈប់​បាញ់ កង​កម្លាំងរបស់​ថៃ ​បាន​ចាប់​កងកម្លាំង​កម្ពុជាចំនួន ២០នាក់ ដែល​រហូត​មកដល់ពេលនេះ នៅសល់​១៨នាក់ទៀត ដែល​ថៃនៅមិនទាន់មានការ​ដោះលែងនៅ​ឡើយ ហើយ​ទាហានថៃ ក៏​​នៅ​​តែ​​បន្តធ្វើ​​​​សកម្ម​ភាពចូល​​មក​​រាយ​បន្លា​លួស ដាក់​សំបក​កង់ឡាន និងគ្រឿង​ចក្រ នៅ​តាម​បណ្តោយព្រំដែន ក្នុង​ភូមិ​ព្រៃចាន់ និង​​ភូមិ​ជោគ​​ជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​ព្រមាន​ប្រើ​ច្បាប់​អាជ្ញាសឹករបស់ខ្លួន​ ក្នុងការបណ្តេញពលរដ្ឋ​ខ្មែរ​រស់​នៅ​ភូមិព្រៃចាន់ និងភូមិជោគជ័យ​ ពីលំនៅឋាន​ផង​ដែរ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍