កម្ពុជាតវ៉ាប្រឆាំង​​​​ថៃដែល​​មានផែនការ​​​​ពង្រីក​​បណ្តាញ​​​អគ្គិសនី និង​​សង់​​លេណ​ដ្ឋាន​ថ្មី​​​​​​ក្នុង​​​ទឹកដី​កម្ពុជា​

ដោយៈ

Press Start Cambodia Avatar

រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ជាថ្មី ចំពោះ​ការ​បន្ត​រំលោភ​បំពាន​​​របស់​ភាគី​ថៃ​មក​​​លើ​​ដែន​អធិប​តេយ្យ​​ភាព និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា​​​ បន្ទា​ប់​​ពី​កង​​កម្លាំង​​ថៃ​បន្ត​សាងសង់​​លេណ​ដ្ឋាន​យោធា​ថី្ម និង​ការ​ប្រកាស​ផែន​ការ​ពង្រីក​បណ្ដាញ​អគ្គិសនី​​ជាតិ​របស់​ថៃ​ នៅ​​តំបន់ចំនួន​៣ ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​។

នេះ​បើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស និង​​សហប្រតិបត្តិ​ការ​អន្តរ​ជាតិកម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ ខែសីហា ឆ្នាំ២០២៦។

ក្រសួងការបរទេស​កម្ពុជា បាន​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី៦​ ខែសី​ហា ឆ្នាំ​២០២៦ កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​បាន​បន្ត​សាង​សង់​លេណ​ដ្ឋាន​យោធា​ថ្មី ដោយ​រំលោភ​ចូល​ក្នុង​ទឹ​ក​ដី​កម្ពុជា​នៅ​ក្នុង​តំបន់​ច្រក​ទ្វារ​អន្ដរ​ជាតិ​ថ្មដា ឃុំ​ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់​។ ជាងនេះទៅទៀត នៅ​​ថ្ងៃទី៧ ខែ​សីហា រាជ​រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ពី​គម្រោង​ផែន​ការ​ពង្រីក​បណ្ដាញ​អគ្គិសនី​ជាតិ​ថៃ​ ទៅ​កាន់​តំបន់​ប្រាសាទ​តាក្របី ស្ថិត​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ភ្នំ៣៣៣។

ក្រសួង​​​បញ្ជាក់​ថា តំបន់​​ខាង​លើ​នេះ គឺ​ស្ថិត​​នៅ​​ក្នុង​​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​ទាំង​ស្រុង ដូច​បាន​កំណត់​ និង​​ខណ្ឌ​សីមា​ក្នុង​ផែន​ទី​មា​ត្រ​ដ្ឋាន ១:២០០០.០០០ ផលិត​ដោយ​គណៈ​កម្ម​ការ​​កំណត់​​ព្រំដែន​​រវាង​​ឥណ្ឌូ​ចិន​​និង​សៀម​ អនុលោម​​តាម​​អនុញ្ញា​បារាំង​-សៀម ឆ្នាំ​​១៩០៤ និង​​សន្ធិ​សញ្ញា​​ឆ្នាំ​​១៩០៧​។

ការណ៍នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ចាត់​ទុក​សកម្មភាពនេះថាជា «​ការ​ប៉ុន​ប៉ង​ពង្រឹង​​ការ​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​របស់​​ថៃ ដែល​រំលោភលើ​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​សន្ធិសញ្ញា និង​កិច្ច​ព្រម​ព្រៀង​ទ្វេភា​គី​ដែល​មាន​ស្រាប់ ស្ដីពី​កា​រ​កំណត់​ព្រំដែន​គោក​ជាមួយ​កម្ពុជា»។

ជាមួយគ្នានេះ កម្ពុជាថា ​សកម្មភាព​​របស់​​ក​ង​កម្លាំង​​ថៃ ​​ក៏​រំលោភ​​បំពាន​​ផង​ដែរ​​លើ​​មាត្រា​​៥ នៃ​អនុស្សរណៈ​នៃ​ការ​​យោគ​យល់​​​គ្នា​ ​ស្តីពី​​​ការ​​វាស់​វែង​​និង​​ខណ្ឌ​សីមា​​ព្រំ​ដែន​គោក​​ (MoUឆ្នាំ​២០០០) និង​បំពាន​លើ​ចំណុច​ទី​១ (វិធានការ​កាត់​បន្ថយ​ភាព​តាន​តឹង) នៃសេចក្តីប្រកាសរួម​នៃ​កិច្ច​ប្រជុំពិសេស​លើកទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីថា៖ «​កម្ពុជា​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ខ្សែ​បន្ទាត់​ព្រំដែន ឬ​កា​រ​​ទាម​​ទារ​​ទឹក​ដី​ជាឯ​កតោ​ភាគី​របស់​ប្រទេស​ថៃ​នោះ​ឡើយ ហើយ​សកម្ម​ភាព​ដែល​បាន​រៀប​រាប់​ខាង​លើ នឹង​​មិន​ប៉ះ​ពាល់​ដល់​សិទ្ធិ​ស្រប​ច្បាប់​ ឬ​ជំហរ​របស់​ព្រះរា​ជាណា​ចក្រ​កម្ពុជា ពាក់​ព័ន្ធ​នឹង​ព្រំដែន​អន្ដរ​ជាតិ​របស់​​ខ្លួន​ឡើយ»។

ជាមួយគ្នានេះ កម្ពុជា នៅតែបន្តប្ដេជ្ញាចិត្តដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ និង​ទាម​ទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​​សកម្ម​ភាព​បែប​នេះ ដើម្បី​កាត់​បន្ថយ​​ភា​ព​តាន​តឹង និ​ងជំរុញ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ហើយ​សម្រប​សម្រួល​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ ដើម្បី​ស្តារ​ឡើង​វិញ​នូ​វសន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​​អ្នក​ជិត​​ខាង​​ល្អ នៅ​តាម​​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ៕

អត្ថបទដោយ៖ ដោក សុវណ្ណវឌ្ឍនា

អត្ថបទគួរឱ្យចាប់អារម្មណ៍