កម្ពុជា​តវ៉ា​ចំ​ពោះ​ការ​បន្ត​រំ​លោភ​បំ​ពាន​លើ​អធិប​តេយ្យ​ និង​បូរ​ណ​ភាព​ទឹក​ដី​កម្ពុជាដោយ​​យោ​​ធា​​​ថៃ​

ដោយៈ

Press Start Cambodia Avatar

រដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់យោធា​ថៃលើអធិប​តេយ្យ​ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតំបន់សង្កាត់អូរស្មាច់ ក្រុងសំរោង និងក្នុងភូមិថ្មដូន ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្រសួងការបរទេសបានឲ្យដឹងថា នៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ត​ឧត្តរមាន​ជ័យ​និង​បន្ទាប់មកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលក្នុង ទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌​មាន​​របស់ក្រសួងការបរទេស ចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងបន្តថា សកម្មភាពនេះ គឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដី​របស់ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០​០.​០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។

តាម​សេចក្ដីប្រកាសដដែលនេះបញ្ជាក់ថា សកម្មភាពខាងលើក៏​រំលោភបំពានផងដែរ​លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជានិង​ថៃ​ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងបំពានលើចំណុចទី២ និងចំណុចទី៦ នៃរ៉ូម៉ាំង I (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាក៏​បាន​បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬ​ការទាមទារទឹកដីជាឯកតោភាគីរបស់ភាគីថៃនោះឡើយ ហើយសកម្មភាពខាងលើនេះ នឹងមិនប៉ះពាល់ដល់់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រដ្ឋាភិបាលកម្ពុជាស្នើឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះ និងគោរពការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី និងស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាម បណ្ដោយព្រំដែនកម្ពុជា-ថៃ។

គួររំលឹកផងដែរថា គិតមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន២០.៨៤០នាក់ទៀត ក្នុងនោះស្ត្រី១០.៦២៥នាក់ និងកុមារ ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីផ្ទះសម្បែង​ត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទ​ឈប់​បាញ់​​ចូល​ជា​ធរ​មាន​៕

អត្ថបទ​ដោយ​ ដោក សុវណ្ណវឌ្ឍនា​

អត្ថបទគួរឱ្យចាប់អារម្មណ៍