កម្ពុជាតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានបន្តចូលរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នានៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កងកម្លាំងប្រដាប់ថៃ កាលពីថ្ងៃទី២ ខែកក្កដា បានចូលមករាយបន្លាលួសនៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយហៅសកម្មភាពនេះថា ផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈកម្មាធិការព្រំដែនទូទៅ (JBC) និងរំលោភលើមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នា (MOU 2000) រវាងប្រទេសទាំងពីរ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ កម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងនេះ នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ និងទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា៖ “ការបន្ថយភាពតានតឹង គឺជាកត្តាចាំបាច់ ដើម្បីជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែងនៃជម្លោះព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ និងប្រកាន់ជំហររបស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។
ថ្មីៗនេះ កាលពីថ្ងៃទី២៧ ខែមិថុនា កម្ពុជាក៏បានតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានចូលកាប់ឆ្ការព្រៃនិងរាយបន្លាលួសនៅតំបន់ព្រំដែនលេខ២៦ ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា៕
ដោយ៖ តែម ស្រីណុច

