រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «សៀវភៅស្តង់ដាមូសស្លីមហ្វ្រែនលីកម្ពុជា» ដែលជាឯកសារគោលសម្រាប់អភិវឌ្ឍន៍គោលដៅទេសចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់បដិសណ្ឋារកិច្ចជនភ្ញៀវទេសចរមូសស្លីម ដែលជាទីផ្សារដ៏មានសក្ដានុពល។
ការដាក់ឱ្យប្រើប្រាស់សៀវភៅនេះ បានធ្វើឡើងនៅក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ» ដែលរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែកក្កដា ២០២៦។ នេះបើតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ខែកក្កដា។
ថ្លែងក្នុងពិធីបើកវេទិកានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា ដែលជាឯកសារគោលសម្រាប់អភិវឌ្ឍន៍គោលដៅទេសចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។
លោកបន្តថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងទំនុកចិត្ត ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីនៅក្នុងតំបន់ និងនៅលើពិភពលោក។
បើតាមក្រសួងទេសចរណ៍ វេទិកានេះ ក៏មានរៀបចំទស្សនកិច្ចសិក្សា (Fam Trip) របស់គណៈប្រតិភូធុរជនមូស្លីម មកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីទៅទស្សនាតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅកម្ពុជា និងពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចជូនទេសចរមូស្លីមពីក្នុងតំបន់ និងជុំវិញពិភពលោក មកទស្សនាកម្ពុជា៕
អត្ថបទដោយ៖ គីម សុខលាភ

