ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អំពីការចូលរួមជាមួយនឹងប្រទេសបារាំងក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកល នៃការស្រឡាញ់ភេទដូចគ្នា” ដែលគ្រោងនឹងអនុម័ត អំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៦២។
ការលើកឡើងបែបនេះ ធ្វើឡើង អំឡុងជំនួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦រវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា(គ.ស.ម.ក.) និងលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា (OHCHR) នៅឯគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោកស្រី Matilda Bogner បានស្វាគមន៍និងសម្តែងក្តីរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយបន្ថែមថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគេ។
នៅក្នុងជំនួបពិភាក្សានេះដែរ លោក កែវ រ៉េមី ក៏បានលើកឡើងអំពីសកម្មភាពរំលោភសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិពីសំណាក់ភាគីថៃ ដូចជាការរើសអើងចំពោះពលករកម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ ការគំរាមកំហែង ការប្រើអំពើហិង្សាក្នុងទម្រង់ផ្សេងៗ និងការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ដោយយោធាថៃ។
លោក កែវ រ៉េមី បានបន្ថែមទៀតថា ការវាយប្រហារដោយមិនរើសគោលដៅចូលជ្រៅលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធន់ធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលនិងយន្តហោះបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ និងបណ្តាលឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។
លោកបញ្ជាក់ថា ក្រៅពីសកម្មភាពរំលោភសិទ្ធិមនុស្សទាំងនេះ យោធាថៃបានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង ដោយការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងបន្តកាន់កាប់ដោយខុសច្បាប់ ហើយរហូតមកដល់ពេលនេះ ជនភៀសសឹកជាង ២០ ០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួននៅឡើយ ដោយសារការកាន់កាប់ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ បើទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ៕
អត្ថបទដោយ៖ ឈួន ឡាំងស៊ីន

