កម្ពុជា​​​ឱ្យ​ក្រុមហ៊ុន​មួយ​​​សាក​ល្បង​ជ្រើស​​រើស​​ពលករ​ខ្មែរ​​ទៅ​​ធ្វើការ​​ក្នុង​​​​វិស័យ​​សំណង់​នៅ​​វៀត​ណាម​​

ដោយៈ

Press Start Cambodia Avatar

ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា​​ បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយ​ សាកល្បងជ្រើស​រើស បណ្ដុះ​បណ្ដាល បញ្ជូន និងគ្រប់គ្រងជន​ទេសន្តរ​ប្រវេសន៍​ការ​ងារ​​ខ្មែរ (ពលករខ្មែរ) ទៅធ្វើការ​ក្នុង​វិស័យ​សំណង់​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ដោយ​​ទទួល​បាន​ប្រាក់ឈ្នួល​ចន្លោះពី ៦០០ដុល្លារ ទៅ​ជាង ១៣០០​ដុល្លារ​តាម​ជំនាញ។​​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ ចេញ​ផ្សាយ​នៅថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​ឱ្យដឹងថា ក្រសួង​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ផេស៊ីហ្វិក​ អ៊ឹម​ផ្លាយ​ម៉ិន អេជេន ឯ.ក ដែល​​ជាភ្នាក់ងារ​ជ្រើស​រើស​ឯក​ជន ធ្វើ​ការ​សាកល្បង​ក្នុងកា​រជ្រើស​រើស បណ្ដុះ​​បណ្ដាល បញ្ជូន និងគ្រប់គ្រងពលករ​ខ្មែរ​ ទៅធ្វើការ​ក្នុង​វិស័យ​សំណង់​នៅប្រទេស​វៀតណាម នៅក្រុមហ៊ុន​សំណង់ SONG DA 5 JOINT STOCK COMPANY។

សេចក្តីជូនដំណឹង​ដដែល​បន្តថា លក្ខខណ្ឌ​ជ្រើស​រើស​ ផ្តោតលើបុរសអាយុពី ២៣ឆ្នាំ​ ដល់ ៣៩ ឆ្នាំ ដែលមានបទពិសោធន៍ការងារផ្នែកសំណង់ ខណៈអ្នកមានចំណេះដឹងភាសាវៀតណាមនឹងទទួលបានអាទិភាព។

ចំណែក​ ប្រាក់ខែ ក្រសួងថា ​អាស្រ័យលើប្រភេទការងារ ដោយពលករទូទៅប្រើ​ប្រាស់​កម្លាំង ទទួលបានចន្លោះ​ពី ១៦ លានដុង ដល់ ២០ លានដុង (ប្រមាណ ៦០០ ដុល្លារ ដល់ ៧៦០ ដុល្លារ) ខណៈពលករ​ជាងផ្សារ ពលករ​ជំនាញ​បេតុង និង​​ពលករ​បញ្ជា​គ្រឿង​ចក្រ ទទួល​បានពី ២៥ លានដុង ដល់ ៣០ លានដុង (ប្រមាណ ៩៥០ ដុល្លារ ដល់ ១ ១៤០ ដុល្លារ)។ ចំណែក វិស្វករសំណង់ស៊ីវិល ទទួល​បាន​ពី ២៨ លានដុង ដល់ ៣៥ លានដុង (ប្រមាណ ១ ០៦០ ដុល្លារ ដល់ ១ ៣៣០ ដុល្លារ)។

បន្ថែមពីលើប្រាក់ខែ ក្រុមហ៊ុននឹងរ៉ាប់រងថ្លៃធ្វើដំណើរទៅ-មករវាងកម្ពុជា និងវៀតណាម ផ្តល់កន្លែងស្នាក់នៅ ទឹក ភ្លើង ដោយឥតគិតថ្លៃ និងឧបត្ថម្ភថ្លៃអាហារ ៥០%។

បើតាម​ក្រសួងការ​ងារ ការទទួលពាក្យចុះឈ្មោះ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ នៅក្រុមហ៊ុន ផេស៊ីហ្វិក អីមផ្លយ​ម៉ិន អេជេន ឯ.ក ស្ថិតនៅផ្លូវវេងស្រេង សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាម​រយៈ​​លេខ​ទូសព្ទ ០១៦/០៧៧/០៦៦ ៧៧០ ៨៧០៕

អត្ថបទដោយ៖ គង់ ច័ន្ទពេជ្ររ៉ា

អត្ថបទគួរឱ្យចាប់អារម្មណ៍