ក្រសួង​​សុ​ខា​ភិ​បាល​៖​ ជំ​ងឺ​គ្រុន​​ចាញ់​​ថយ​ចុះ​​​១០០​​​ភាគ​​រយ​ ដោយ​​ពុំ​មាន​​ករ​ណី​ឆ្លង​​ថ្មី​​​​ក្នុង​​៦​​ខែ​​ ដើម​​ឆ្នាំ​​២០​២៦​​

ដោយៈ

Press Start Cambodia Avatar

ក្រសួងសុខាភិបាលប្រកាស​ពី​ការ​ថយ​ចុះ​ជំងឺគ្រុនចាញ់​១០០​ភាគរយ​​ បន្ទាប់ពី​មិន​បាន​រក​ឃើញ​​ករណីជំងឺ​គ្រុន​​ចាញ់​ឆ្លង​ថ្មី​ក្នុង​រយៈ​ពេល​៦​ខែ​ ដើម​​ឆ្នាំ​២០២៦​ និង​ពុំ​មាន​ករណីស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​ចាប់តាំងពី​ឆ្នាំ​២០១៨​ រហូត​ដល់​បច្ចុប្បន្ន​នេះ។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​១៦​ ខែ​កក្កដា ឆ្នាំ​២០២៦​ ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​សម្រេច​បាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​លុបបំបាត់​ការ​ចម្លង​ជំងឺ​គ្រុនចាញ់​​ក្នុង​​ស្រុក តាម​រយៈ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​គ្រុន​ចាញ់​ ឆ្នាំ​២០​១១​-២០២៥។​
​ក្រសួង​សុខាភិបាល​បន្ត​ថា​ សមិទ្ធផល​នេះ បាន​មក​ពី​ប្រសិទ្ធ​ភាព​នៃការ​អនុវត្ត​យុទ្ធសាស្ត្រ​ក្នុង​​ការ​រុក​រក​ ការ​ព្យាយបាល ការ​បង្ការ​ ការតាម​ដាន និង​ធ្វើ​អន្តរាគមន៍​លើ​ករណីជំងឺ​គ្រុន​ចាញ់​បាន​ឆាប់​ និង​ទាន់​ពេលវេលា​ ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​។​

ក្រសួង​សុខា​ភិបាល​បន្ថែមទៀត​ថា សព្វថ្ងៃ កម្ពុជា​កំពុង​ដំណើរ​យ៉ាង​សកម្មក្នុង​ការ​តាម​ដាន​និង​​រុករក​ករណី​ជំងឺគ្រុនចាញ់ តាម​រយៈ​ប្រព័ន្ធ​របាយ​ការណ៍​រហ័ស​ទាន់ពេលវេលា​ ២៤​ម៉ោង​ នៅ​គ្រប់​បណ្តា​​ភូមិ​​សាស្ត្រ​ ដើម្បី​ឈាន​ទៅ​ការ​ឆ្លើយ​តប​រហ័ស​ ២៤​ម៉ោង​ និង​ការ​ទប់ស្កាត់​ការ​​កើត​ឡើង​​វិញ​ នៃជំងឺ​គ្រុន​ចាញ់​បាន​ទាន់​ពេលវេលា​។​ តាមរយៈ​ប្រព័ន្ធនេះ ក្រសួង​មិន​បាន​​រកឃើញ​ជំងឺ​គ្រុនចាញ់​ឆ្លង​ក្នុង​ស្រុក​ថ្មីនាឆ្នាំ​២០២៦​ លេចចេញ​តាម​បណ្តា​ព្រំដែន​ប្រទេស​​កម្ពុជានោះទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលក៏បាន​អំពាវ​នាវ​ដល់​សាធារណជន​ឱ្យ​ចូល​រួម​បង្ការ​ជំងឺ​គ្រុន​ចាញ់​តាម​រយៈ​ការ​ការ​ពារ​ខ្លួន​កុំ​ឱ្យ​មូស​ខាំ​ សម្រាន្ត​ក្នុង​មុង​គ្រប់ពេល និង​ស្វែង​រក​សេវា​ពិ​គ្រោះ​​យោបល់ ​ឬធ្វើ​តេស្ត និង​​ព្យាបាល​ឱ្យ​បានទាន់​ពេល​វេលា​ ប្រសិនបើ​សង្ស័យ​ថា បាន​ឆ្លង​​​ជំ​ងឺ​​គ្រុន​​ចាញ់​​៕​​

អត្ថបទដោយ៖ ធី វណ្ណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍