កម្ពុជាសម្តែងការសោកស្តាយ បន្ទាប់ពីតាមសេចក្តីរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃយល់ព្រមនឹងផែនការលុបអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នា។
កម្ពុជាបានសម្តែងការសោកស្តាយ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ នេះ ដោយគូសបញ្ជាក់ថា អនុស្សរណៈនេះ មិនត្រឹមតែជាការរៀបចំបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងប្រយោជន៍រួមរវាងកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA)។
ក្រសួងការបរទេសបន្ថែមថា MOU-2001 ក៏តំណាងឱ្យឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមផងដែរ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ការដកខ្លួនដោយឯកតោភាគីរបស់ថៃ គឺជាជំហានថយក្រោយពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋាន នៃអនុស្សរណៈនេះ ហើយថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃ MOU-2001។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយប្រទេសកម្ពុជានិងប្រទេសថៃកាលពីខែមិថុនា ឆ្នាំ២០០១ ដើម្បីជំរុញឱ្យដំណោះស្រាយដោយសន្តិវិធី និងការចែករំលែកផលប្រយោជន៍រួមពីធនធានក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា (OCA)។ កម្ពុជា និងថៃបានចំណាយពេលចរចាជាងពីរទសវត្សរ៍មកហើយជុំវិញតំបន់ត្រួតស៊ីគ្នា ដែលជាតំបន់សម្បូរថាមពលមានតម្លៃប្រមាណ ៣០០ពាន់លានដុល្លារ៕

