កម្ពុជា ទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ព្រមទាំងដាក់ចេញនូវវិធានការទប់ស្កាត់កុំឱ្យមានហេតុការណ៍ការបាញ់ និងការបង្កផ្ទុះបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។
ការទាមទារនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ រវាងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅម៉ោង ១១ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពនានា ដូចជា ការឈូសឆាយធ្វើផ្លូវ ការរាយបន្លាលួស ក្នុងតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ហើយកម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ក្រសួងថា ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។
បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណា ដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី។
បើតាមក្រសួងការពារជាតិ ភាគីកម្ពុជាបានគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយ ដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងប្រទេសទាំងពីរ៕
អត្ថបទដោយ៖ ស៊ន មេសា

