កម្ពុជា​​អះអាងថា ​​ហេតុ​ផល​របស់​ភាគី​​ថៃ ដើម្បី​​លុប​​ MOU​ ៤៣​ ​​ផ្ទុយ​ពី​​ច្បាប់​​អន្តរ​ជាតិ​​

រដ្ឋ​លេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​បាន​ច្រានចោលនិង​ចាត់​ទុក​ហេតុ​ផល​ និង​អនុសា​ស​ន៍​​ស្នើ​លុប MOU ៤៣ ឆ្នាំ​២០០០​ របស់​គណៈកម្មាធិការ​ចំពោះ​កិច្ច​ព្រឹទ្ធសភាថៃ​ ជា​ការ​លើក​ឡើង ​ដែល​គ្មានមូល​ដ្ឋាន​ត្រឹមត្រូវ​ និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៦ ខែ​មីនា​ ឆ្នាំ​២០២៦​ រដ្ឋ​លេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​បានបដិសេធ​​ការលើក​ឡើង​​របស់​គណៈកម្មាធិការ​ចំពោះកិច្ច​ព្រឹទ្ធសភា​ថៃ​កាល​ពីថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៦​ ហើយ​ថា ការ​លើក​ឡើង​នេះ មាន​ចេតនា​កេងចំណេញ​នយោបាយ​ និង​បំផ្លាញ​សមិទ្ធផល​ ដែល​សម្រេចបាន​ដោយ​គណៈ​កម្មការ​ JBC របស់​ភាគីទាំង​ពីរ​នាពេល​កន្លង​មក​​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​លើកឡើង​ថា MOU ឆ្នាំ​២០០០​ បាន​ចូល​ជា​ធរមាន​ ត្រូវ​​បាន​ចុះបញ្ជី​និង​តម្កល់​នៅលេខាធិការ​ដ្ឋាន​អង្គការ​សហប្រជាជាតិ​ ហើយ​ថា MOU ឆ្នាំ​២០០០​ មាន​លក្ខណៈ​ជា​សន្ធិសញ្ញា​ឬកិច្ច​ព្រមព្រៀង​ទ្វេភាគីស្តីពី​ព្រំដែន ដែល​បង្កើត​កាតព្វកិច្ច​ក្រោម​ច្បាប់​​អន្តរជាតិ​ និង​មាន​សារៈ​សំ​ខាន់​​សម្រាប់ភាគី​ទាំង​ពីរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​​សន្តិវិធី​ តាម​យន្តការ​គណៈកម្មការ​ JBC។​

រដ្ឋ​លេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​បន្ត​ថា ភាគីថៃមិនអាចប្រើប្រាស់​ហេតុ​ផល​ច្បាប់​ និង​នីតិវិធី​ផ្ទៃ​ក្នុង​ ឬហេតុ​ផល​ណាមួយ ជា​មធ្យោបាយ​ ដើម្បីលុប​ MOU ដែល​ជា​សន្និសញ្ញាពាក់​ព័ន្ធនឹង​ព្រំដែន ហើយ​ ​ MOU ឆ្នាំ​២០០០ នេះ​ផ្តល់​សមត្ថកិច្ច​ និង​សិទ្ធិ​អំណាច​ពេញលេញ​ដល់​គណៈកម្ម​ការ​ JBC នៃភាគីទាំងពីរ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយសន្តិវិធី​ផ្អែក​លើ​មូលដ្ឋាន​អនុសញ្ញា​បារាំង-សៀម​ ១៩០៤ សន្និសញ្ញា​បារាំង-​សៀម​ ១៩០៧ រួម​ទាំង​ផែន​ទី​ ដែល​ជា​លទ្ធផល ​នៃការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម កំណត់​ហេតុ​បោះ​​បង្គោល​របស់គណៈកម្មការ​ឥណ្ឌូចិន​-សៀម បែបបទបច្ចេកទេស​ (TOR) ឆ្នាំ​២០០៣ និងកំ​ណត់ហេតុ​កិច្ច​ប្រជុំរបស់​គណៈកម្មការ​ JBC របស់ភាគីទាំងពីរ។

សេចក្តីប្រកាស​ព័ត៌មាន​នេះលើកឡើង​ថា ភាគីកម្ពុជា​តែងប្រកាន់​ខ្ជាប់​ការដោះស្រាយ​បញ្ហា​ព្រំដែន​តាម​គ្រប់មធ្យោបាយ​ដោយ​សន្តិវិធី​ រួម​ទាំង​យន្តការទ្វេភាគី ដែល​មាន​ស្រាប់ និង​ត្រៀម​ខ្លួន​​ជា​ស្រេច ដើម្បី​បន្ត​ជំរុញ​ការ​អនុវត្ត​ការ​ងារ​វាស់វែង​ និង​ខណ្ឌសីមា​ព្រំដែន​លើ​ដីជាក់​ស្តែង​ជា​មួយភាគីថៃ​ឱ្យ​បាន​ចប់​ជា​ស្ថាពរ​ក្នុង​គោលដៅ​រក្សាសន្តិភាព​យូរអង្វែ​ង​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេសទាំងពីរ​។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្ថែមថា ការ​លុប​ MOU ឆ្នាំ​២០០០ ដោយ​ហេតុ​ផល​ណាមួយ​ គឺមិន​​ត្រឹម​ត្រូវ ​និង​រំលោភ​ច្បាប់​អន្តរជាតិ​ និង​គោលការណ៍​ខ្សែព្រំដែន​មិនកែប្រែ​ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំង​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេសទាំង​ពីរ​​ដោយ​សន្តិវិធី​ និង​មិន​អាច​ឈាន​ទៅកសាង​ព្រំដែន​មួយ​ ដែល​មាន​ស្ថិរភាព សន្តិភាព​ និងអភិវឌ្ឍន៍​បាន​ឡើយ​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍