ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា អំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយពីតំបន់នេះ រួមទាំងប្រាសាទ បានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការប៉ះទង្គិចប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា និងគណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណចំពោះសាធារណជន សហគមន៍អន្តរជាតិ និងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS ដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ។
ក្រសួងបន្តថា ក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រី ក៏បានលើកឡើងពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋានប្រាសាទព្រះវិហារ ព្រមទាំងធ្វើឱ្យសហគមន៍មូលដ្ឋាន នៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មជាតិនៅឡើយ។
ក្នុងហេតុផលនេះ គណៈប្រតិភូកម្ពុជា បានអំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ជាមួយគ្នានេះ លោកស្រី ភឿង សកុណា ក៏បានអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ស្របតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា វិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបានបង្កក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ បានបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន ៥៦២កន្លែង និងបានបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ការខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត៕
អត្ថបទដោយ៖ ធី វណ្ណា

