កម្ពុជាអះអាងថា ព្រំដែនសមុទ្រនិងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខណ្ឌច្បាប់និងយន្តការទ្វេភាគីផ្សេងគ្នា ដោយអំពាវនាវឱ្យភាគីថៃឈប់ពន្យារពេល និងវិលត្រឡប់មកដំណើរការខណ្ឌសីមាព្រំដែនដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០និងបទឈប់បាញ់ខែធ្នូ ឆ្នាំ២០២៥។
ការអះអាងរបស់កម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះថា ការសម្រេចចិត្តរបស់កម្ពុជាដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើព្រំដែនគោក។ ប៉ុន្តែកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ហើយថា មិនមែនជាការពិតទាល់តែសោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍សរសេរថា៖ “កម្ពុជាសូមអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥”។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់ហើយថា UNCLOS គឺជាមធ្យោបាយសន្តិវិធី។
សេចក្តីថ្លែងការណ៍នេះបន្តថា ជម្រើសផ្លូវដោះស្រាយតាមនីតិសមុទ្រមិនអាចចាត់ទុកជាមូលដ្ឋានសមស្របសម្រាប់ផ្អាកការងារកំណត់ខណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក ដែលបានព្រមព្រៀងព្រៀងគ្នាស្របតាមអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា ទោះបីជាកម្ពុជាបានស្នើសុំមិនឱ្យធ្វើដូច្នេះក៏ដោយ ហើយកន្លងមកប្រទេសថៃខ្លួនឯងបានបង្ហាញចេតនារបស់ខ្លួនម្តងហើយម្តងទៀត ក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រ។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំ លោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញាអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕
អត្ថបទដោយ៖ គង់ សុខណា

