កម្ពុជា​ស្នើ​សហការីអាស៊ាន​ជួយគាំទ្រ​​ឱ្យ​ជន​​ភៀស​​សឹក​ជាង ២ម៉ឺន​នាក់ បានត្រឡប់ទៅផ្ទះវិញ

ដោយៈ

Press Start Cambodia Avatar

រដ្ឋមន្ត្រីការបរទេស​​កម្ពុជា ស្នើ​ដល់សហការី​អាស៊ាន ជួយ​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​ជន​ភៀស​សឹក​​​ជាង ២ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​នៅ​ជម្រក​បណ្តោះអាសន្ន បាន​ត្រឡប់​ទៅផ្ទះ​សម្បែង​វិញ ដោយសុវត្ថិភាព និង​គ្មានកា​ររារាំង​។

ការ​ស្នើនេះ បានធ្វើឡើងនៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន​ ជាមួយ​តំណាង​គណៈ​​កម្ម​ការ​អន្តរ​​រដ្ឋាភិ​បាល​​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​និងកិច្ច​ប្រជុំ​​គណៈ​កម្មការ​តំបន់​​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុ​យ​ក្លេអ៊ែរ កាលពីថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​បរទេស​ និង​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា ចុះ​ថ្ងៃទី​២១ ខែ​កក្កដា បានឱ្យ​ដឹង​ថា ក្នុងកិច្ច​ប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខន បាន​លើកឡើងថា ស្ថានភាព​មនុស្ស​ធម៌ និង​សិទ្ធិ​មនុស្ស​​ដែលជន​ស៊ី​វិល​កម្ពុជា​កំពុង​ប្រឈម ដោយសារ​បាន​ក្លាយជា​ជន​រង​គ្រោះ​នៃ​ជម្លោះព្រំដែន​រវាង​កម្ពុជា​ និង​ថៃ។

លោកបន្តថា ជន​ស៊ីវិល​ច្រើន​ជាង ២ម៉ឺន​នាក់ កំពុង​បន្ត​រស់នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន ដោយ​មានកុមារ​ជា​ច្រើន​នាក់មិន​អាច​ចូលរៀន​បាន ខណៈជន​ចាស់ជរា និងជនងាយរង​គ្រោះ​ផ្សេង​ទៀត ខ្វះ​លទ្ធភាព​ទទួលបានការ​ថែ​ទាំ​ចាំបាច់គ្រប់គ្រាន់ បើទោះបីជា​រាជរដ្ឋាភិបាល បាន​ខិតខំប្រឹង​ប្រែង​ ដើម្បីបន្ធូរ​បន្ថយ​ការ​លំបាក​របស់​ពួកគេ​យ៉ាងណា​ក៏ដោយ។

ករណីនេះ លោក ប្រាក់ សុខុន បានអំពាវនាវ​ដល់សហការី​អាស៊ាន ជួយ​គាំទ្រ​កា​រអំពាវនាវ​ឱ្យ​ជន​ភៀសសឹក​ទាំងនោះ បាន​ប្រឡប់ទៅ​កាន់​ផ្ទះ​សម្បែង និង​រស់នៅ​ដូច​ធម្មតា​វិញ ដោយ​​គ្មាន​ការ​រារាំង ប្រកបដោយ​សុវត្ថិ​ភាព និង​ភាព​ថ្លៃ​ថ្នូរ។  

បើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​មហាផ្ទៃ គិត​មកដល់ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៦ មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន ២ ០២៨១នាក់ ក្នុងនោះ​មានកុមារ ៦ ០៦៦នាក់ នៅពុំ​ទាន់​អាច​វិលទៅ​លំនៅឋាន​វិញ​នៅ​ឡើយ បន្ទាប់​ពីភូមិករ​ និង​ផ្ទះ​សម្បែង​របស់​ពួកគេ​ ត្រូវ​បាន​​យោធា​ថៃ​ចូល​កាន់​កាប់ និង​បំផ្លិច​បំផ្លាញ​​ដោយ​ខុស​ច្បាប់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៥៕

អត្ថបទដោយ៖ ស៊ន មេសា

អត្ថបទគួរឱ្យចាប់អារម្មណ៍