កម្ពុជា​ប្រ​កាស​​ដាក់​ឱ្យ​​អនុ​វត្ត​​ “​យុទ្ធ​សា​ស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិ​វឌ្ឍ​ធុរ​កិច្ច​ថ្មី​២០​២៦​-២០​៣០​”

ដោយៈ

Press Start Cambodia Avatar

រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” ដើម្បីជំរុញនិងប្រែក្លាយប្រព័ន្ធអេកូឡូស៊ីធុរកិច្ច​ថ្មី​នៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​២០២៦ ពិ​ធី​​​ប្រកាសដាក់​ឱ្យ​អនុវ​ត្ត​​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃអង្គារ នៅសណ្ឋា​គារ សុខា ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំជាន់​ខ្ពស់​រដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍ វិនិយោគិន​ សាកលវិទ្យាល័យ​ សហគ្រិន​ និង​តំ​ណាង​​វិស័យ​ឯកជ​ន​មួយ​ចំនួន​ផងដែរ។​​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ធុរកិច្ច​ថ្មី ដែល​ភាសាអង់គ្លេស​ហៅថា Startup មាន​លក្ខណៈ​ខុស​សហគ្រាសធុន​មីក្រូ​ តូច មធ្យម​ និង​​ធំ ដោយ​សារ​ធុរកិច្ច​ថ្មី​ប្រើប្រាស់នវានុវត្តន៍​ និង​បច្ចេកវិទ្យា​ឌីជីថល​ស៊ីជម្រៅ​និង​សម្បូរបែប​ មាន​សក្តានុពល​ និង​កាលានុវត្តភាព​ក្នុង​ការ​ពង្រីក​អាជីវកម្ម​យ៉ាង​ឆាប់រហ័ស​។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ទៀត​ថា ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធ​សាស្ត្រជាតិ​នេះ នឹង​ក្លាយ​ជា​ផែ​ន​ទី​បង្ហាញ​ផ្លូវ​និង​ផ្តល់​មាគ៌ា​ច្បាស់​លា​ស់សម្រាប់ក្រសួង​ ស្ថាប័ន​និង​តួអង្គពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​ការ​ចូល​រួម​ចំ​ណែក​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា​ឱ្យ​កាន់តែប្រសើរ​ បរិយា​បន្ន​ និង​ចីរភាព​។​

ជាមួយ​គ្នា​នេះដែរ យុទ្ធសាស្ត្រ​ជាតិនេះ បាន​កណត់​សូចនា​ករ​សមិទ្ធកម្ម​​សំខាន់​ចំនួន​៤​ សម្រាប់​វាស់វែង​ការ​អនុវត្ត​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ (២០​២៦-២០៣០) ក្នុង​នោះមាន​ ១. សន្ទស្សន៍​ប្រតិបត្តិការ​ប្រព័ន្ធ​អេកូឡូ​​ស៊ី​ធុរកិច្ច​ថ្មី​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រព័ន្ធ​អេកូឡូស៊ីកំពុង​ងើប​ឡើង ២. ចំនួន​ធុរ​កិច្ច​ថ្មី ដែល​បាន​ចូលរួម​កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ចំនួន​ ៣០០​ ៣. ចំនួន​ធុរកិច្ច​ថ្មី ដែល​ទទូល​បាន​ការ​វិនិយោគមាន​ចំនួន​១០០ និង​ ៤. ទំហំ​វិនិយោគ​លើ​ធុរកិច្ច​ថ្មីមាន​ ៣០​លាន​ដុល្លារ​អាមេរិក៕​

អត្ថបទដោយ៖ ឈួន ឡាំងស៊ីន​

អត្ថបទគួរឱ្យចាប់អារម្មណ៍