កម្ពុជា​-ថៃ​ឯកភាព​​នឹង​ការស្នើ​​​សុំ​ពេល​បន្ថែម​​លើ​ការ​​តែង​​តាំង​​​​ប្រធាន​​​​គណៈ​​​កម្ម​​ការ​​​​​ផ្សះ​​​ផ្សា​

ដោយៈ

Press Start Cambodia Avatar

ក្រសួង​កា​របរ​ទេស​កម្ពុជា អះអាងថា កម្ពុជា​ និង​ថៃ បាន​ឯកភាពគ្នា​លើសំណើររបស់​អ្នកផ្សះ​ផ្សា​​ឯករាជ្យ​ ដែល​​​សុំ​​ពេល​វេលា​​បន្ថែមទៀត ដើម្បី​ពិចារណា​លើកា​រតែង​តាំង​ប្រធាន​គណៈ​កម្មការ​ផ្សះផ្សា ដោយថា ការស្នើនេះ មិន​មាន​ផល​ប៉ះពាល់​ទៅលើ​ថេរវេលាកំណត់ ឬជំហាន​នីតិវិធី​ណាមួយ​ ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពីនីតិសមុទ្រ​នោះទេ។

សេចក្តីថ្លែង​ការណ៍​​របស់​អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០២៦ បាន​លើកឡើងថា អ្នកផ្សះផ្សា​ឯករាជ្យ​ចំនួន ៤រូប បាន​ស្នើ​សុំ​​ពេល​វេលា​បន្ថែម​ទៀត ដើម្បីពិចារណា​ឲ្យបា​ន​ហ្មត់​ចត់​លើ​ការ​តែង​តាំង​ឥស្សរ​ជន​រូប​ណា​ ជាប្រធានគណៈ​កម្មការ​ផ្សះផ្សា​ ដែល​សំណើរ​នេះ​ ត្រូវ​បាន​ភាគី​កម្ពុជា និង​ថៃ​ ​ឯកភាពតាម​មតិ​ស្នើ​សុំ​នេះ។

ប្រភពដដែល បន្តថា ​ការស្នើ​សុំ​ពេល​វេលា​បន្ថែម​ពីសំណាក់​អ្នក​ផ្សះផ្សា មានលក្ខណៈសមរម្យ និង​ពុំមាន​ផល​ប៉ះ​ពាល់​ដល់​​ពេលវេលាកំណត់ ឫនីតិវិធីក្រោមអនុសញ្ញាអង្គការ​សហ​ប្រជាជាតិ​​​ស្តីពី នីតិសមុទ្រ​ឡើយ។

កាលពីថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ​២០២៦ គណៈរដ្ឋមន្ត្រីថៃ បាន​អនុម័ត​នូវ​សេចក្ដី​សម្រេច​ ស្ដីពីការ​​បញ្ចប់​នូវ​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​ឆ្នាំ​២០០១ (MOU2001) ​ពាក់​ព័ន្ធ​ការ​ទាម​ទារ​ត្រួត​គ្នា​ក្នុង​ដែន​សមុទ្រ​រួម​គ្នា​រវាង​កម្ពុជា​និ​ង​ថៃ។ អនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១នេះ គឺជាក្របខណ្ឌតែមួយគត់ រវាងប្រទេសទាំងពីរ​ដើម្បីដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរ​ជាតិ នូវបញ្ហាត្រួតគ្នាក្នុងដែនសមុទ្រ ក៏ដូចជាក្នុងការដោះស្រាយបញ្ហា​ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

ក្រោយពីថៃ​បាន​​បញ្ចប់ជាឯកតោភាគី​នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ​២០០១នេះ ភាគី​​កម្ពុជា បាន​បង្ហាញ​ការ​សោក​ស្តាយ និង​ថា ខ្លួន​​មិន​មាន​ជម្រើស​អ្វី​​ប្រសើរ​ជាង​ការ​ផ្ដើម​គំនិត​ជំរុញ​នូវ​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​បង្ខំ ក្រោម​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ ដែល​បានសម្រេច​នៅ​ឆ្នាំ​១៩៨២។

កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈ​សេចក្តី​​ថ្លែង​ការណ៍​​​ពិសេស បាន​ប្រកាស​​ពីការជូនដំណឹងរបស់ភាគី​កម្ពុជា ទៅកាន់ភាគីថៃ និងអង្គការសហប្រជាជាតិ អំពីការ​ចាប់​ផ្តើមយន្តការផ្សះ​ផ្សា​ដោយបង្ខំ ទាក់ទងនឹងបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ។ លោក​​បាន​បញ្ជាក់​​ថា កម្ពុជាសម្រេចជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ នៅក្នុងគោលដៅ​ការពារអធិតេយ្យ​ជាតិ និងសិទ្ធិ​លើ​ដែន​សមុទ្រ​របស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ៕

អត្ថបទដោយ៖ ធី វណ្ណា

អត្ថបទគួរឱ្យចាប់អារម្មណ៍