រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សំដៅប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក Kash Patel នៅវិមានសន្តិភាព។
ប្រភពដដែល បានឱ្យដឹងថា ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងវិស័យសន្តិសុខ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ចំណែក លោក Kash Patel បានថ្លែងក្នុងជំនួបនោះដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ហើយគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ គាំទ្រ និងធ្វើជាដៃគូជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
បើតាមសេចក្តីប្រកាសព័ត៌មាន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដើម្បីរួមចំណែកពង្រីងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់ និងសកលលោក៕
អត្ថបទដោយ៖ ស៊ន មេសា

