សាលាឧទ្ធរណ៍បាត់ដំបង សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការ ដែលផ្តន្ទាទោសទៅលើអ្នកសារព័ត៌មានអនឡាញពីរនាក់ គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ»។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី បានឱ្យដឹងថា នៅពេលប្រកាសសាលដីកានៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ដែលផ្តន្ទាទោសលោកផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា អ្នកសារព័ត៌មាន TSP68 TV Online ឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ។
បទចោទនេះ ដោយសារតែពួកគេទាំងពីរនាក់បានបង្ហោះរូបភាពដែលខ្លួនបានថតនៅប្រាសាទតាក្របី ជាប់គ្រាប់មីននៅចំហៀងខាងក្រោយ ខណៈអ្នកទាំងពីរបានយកជំនួយមនុស្សធម៌ទៅជូនក្រុមទាហានជួរមុខ។ នេះបើតាមសមាគមអាដហុក។
លោក យិន ម៉េងលី បានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង និងបានស្នើយ៉ាងទទូចដល់តុលាការ ឱ្យពិចាណារប្តូរបទចោទ ដោយត្រូវអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ជៀសវាងប្រើច្បាប់ក្រមព្រហ្មទណ្ឌ ដើម្បីដាក់សម្ពាធលើអ្នកសារព័ត៌មាន។
លោកថា៖ «ខ្ញុំពិតជាសោកស្តាយមែនទែន ចំពោះការបន្តសម្រេចតម្កល់សាលក្រមបន្តផ្តន្ទាទោសអ្នកកាសែតទាំងពីរូបគឺលោក ផន សុភាព និងលោក ភាព ភារ៉ា ជារឿងមួយដែលអយុត្តិធម៌មែនទែន។ យ៉ាងណា សូមឱ្យតុលាការ ឬសាលាឧទ្ធរណ៍បាត់ដំបង ប្តូរបទចោទលើពួកគាត់ ដោយអនុវត្តតាមច្បាប់របបសារព័ត៌មាន ឆ្នាំ១៩៩៥ វិញ ព្រោះច្បាប់នេះ គឺសម្រាប់អនុវត្តទៅលើបុគ្គលទាំងឡាយដែលមានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដល់តុលាការយកក្រមព្រហ្មទណ្ឌទៅផ្តន្ទាទោសអ្នកសារព័ត៌មាន វាហាក់មិនត្រូវតាមគោលការណ៍ទាល់តែសោះ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បារម្ភថា ការបន្តឃុំខ្លួនអ្នកសារព័ត៌មានឯករាជ្យ វានឹងធ្វើឱ្យសេរីភាពសារព័ត៌មានកាន់តែធ្លាក់ចុះ ហើយធ្វើឱ្យពលរដ្ឋកាន់តែពិបាកទទួលបានព័ត៌មានពិត ពីទិដ្ឋភាពសង្គម និងព្រឹត្តិការណ៍សង្គមជាក់ស្តែងថែមទៀត។
ការណ៍នេះ លោក យិង ម៉េងលី សំណូមពរដល់រដ្ឋាភិបាល ជាពិសេសតុលាការ មេត្តាពិចារណាឡើងវិញ និងទម្លាក់បទចោទទៅលើ លោក ផន សុភាព និងលោក ភាព ភារ៉ា ដើម្បីឱ្យពួកគាត់មានសេរីភាពវិញ និងអាចបន្តបំពេញការងារជាអ្នកសារព័ត៌មាន ដើម្បីជាផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា។
ជាមួយគ្នានេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចារ) លោក ណុប វី ដែលបានតាមដានសវនាការនាព្រឹកនេះ យល់ថា ការសម្រេចតម្កល់ការផ្តន្ទាទោសលើអ្នកសារព័ត៌មានពីររូបនេះ ឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាននោះទេ។ លោកបន្តថា អយុត្តិធម៌នៅត្រង់ថា អ្នកកាសែតទាំងពីរូប បានបញ្ជាក់ប្រាប់តុលាការហើយថា ពួកគេគ្មានចេតនាណាមួយក្នុងការផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស ដូចការចោទប្រកាន់នោះទេ ផ្ទុយទៅវិញ ការដែលពួកគាត់ទៅកាន់តំបន់ព្រំដែន គឺចង់ផ្សព្វផ្សាយពីវីរៈភាពរបស់កងទ័ពដែលឈរជើងនៅទីនោះទៅវិញទេ។
លោកថា៖ «ខ្ញុំពិតជាសោកស្តាយចំពោះការបន្តដាក់ពន្ធានាគារពួកគាត់ គឺអ្នកកាសែតអនឡាញទាំងពីររូបនោះ ជារឿងអយុត្តិធម៌បំផុត សង្ឃឹមថាតុលាការនឹងពិចារណាទម្លាក់បទចោទលើពួកគេ ឬដោះលែងពួកគាត់ឱ្យនៅក្រៅឃុំ ឬមួយក៏បន្ធូរបន្ថយទោស ដែលសាលាដំបូងខេត្តសៀមរាប បានដាក់ទោសពួកគាត់ទាំងពីរនាក់ឱ្យជាន់ពន្ធនាគារម្នាក់ៗ ១៤ឆ្នាំនេះ ព្រោះទោសនេះ ហាក់ធ្ងន់ធ្ងរពេកណាស់»។
យ៉ាងណា អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង លោកស្រី ទៀង សំបូរ បានប្រាប់ Press Start Cambodia យ៉ាងខ្លីថា សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការហើយ។
លោកស្រីថា៖ «សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមហ្នឹងដដែល គឺបន្តអនុវត្តតាមសាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការ ដូចខ្ញុំបានសួរក្រឡាបញ្ជីហើយ ប្រកាសព្រឹកមិញ គឺសម្រេចតម្កល់សាលក្រមសាលាដំបូងខេតសៀមរាបដដែល»។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោ សុភាព និង លោក ភារ៉ា ត្រូវបានសាលាដំបូងខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ១៤ ឆ្នាំ តាមបញ្ញតិ្តមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលជាកម្រិតទោសខ្ពស់ជិតដល់កម្រិតអតិបរមានៃទោសសម្រាប់បទល្មើសនេះ គឺ ១៥ ឆ្នាំ ។ នេះបើតាមអត្ថបទខ្លីរបស់អង្គការលីកាដូ។
អ្នកទាំងពីរ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តសៀមរាប ចាប់តាំងពីត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥មក ក្រោយពេលដែលរូបថតមួយសន្លឹក ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មានជាប់រូបលោកទាំងពីរជាមួយនឹងទាហានកម្ពុជា នៅមុខប្រាសាទតាក្របី ។ រូបថតមួយសន្លឹកនោះ ត្រូវបានខាងសារព័ត៌មានថៃផ្សព្វផ្សាយ ដោយមានរូបភាពមីននៅផ្ទៃខាងក្រោយ ដែលមិនបញ្ជាក់ទីតាំង៕

