អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតលើកឡើងថាជាជំរើសដែលមានប្រសិទ្ធិភាពគឺមានតែប្រើច្បាប់អន្តរជាតិទេ ទើបអាចទប់ស្កាត់ការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ភាគីថៃ មកលើបូរណភាពដែនដីរបស់កម្ពុជាបាន។
ការលើកឡើងដូចនេះ នៅចំពេលយោធាថៃបានពង្រីកសកម្មភាពរបស់ខ្លួននៅលើទីតាំងដែលបណ្តើមបានអំឡុងពេលផ្ទុះសង្រ្គាម កាលពីចុងឆ្នាំ២០២៥។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងនៅថ្ងៃទី២០ មេសា ដោយបង្ហាញការសោកស្តាយចំពោះសកម្មភាពរបស់ភាគីថៃដែលកាន់កាប់ទឹកដីកម្ពុជា ហើយពង្រីកសកម្មភាពរបស់ខ្លួនដែលលោកចាត់ទុកទង្វើនោះថាគឺជារឿងដែលខុសនឹងច្បាប់អន្តរជាតិ។ក្រៅពីនេះ បើតាមលោក សេក សុជាតិ រដ្ឋាភិបាលគួរតែប្រញាប់ និងពន្លឿនដោះស្រាយបញ្ហាព្រំដែននេះ តាមយន្តការច្បាប់អន្តរជាតិឱ្យបានឆាប់ ដើម្បីការពារ និងទាមទារទឹកដីកម្ពុជាត្រឡប់មកវិញ។
លោកបន្តថា៖«យន្តការដែលរដ្ឋាភិបាលគួរអនុវត្ត គឺមានតែប្តឹង ភាគីដែលបង្កវិនាសកម្មនេះទៅតុលាការអន្តជាតិ(ICJ) ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសកុំឱ្យពួកគេបន្តប្រើប្រាស់មធ្យោបាយឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាខ្លាំងជាងមុន»។
ការលើកឡើងរបស់អ្នកវិភាគរូបនេះនេះ ធ្វើឡើងនៅបន្ទាប់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ មេសា អះអាងថាយោធាថៃបានចាប់ផ្តើមបញ្ចេញសកម្មភាពផ្សេងៗ នៅតាមគោលដៅដែលខ្លួនដណ្តើមបានដោយខុសច្បាប់ក្នុងខេត្តជាប់ព្រំដែនចំនួនបីដូចជា ខេត្តពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ទន្ទឹមនឹងនេះ ស្ថាប័នរបស់រដ្ឋមួយនេះ ក៏បានតវ៉ាជាផ្លូវការ ប្រឆាំងនឹងសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃដែរ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
បើទោះជាយ៉ាងណា មកដល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រតិកម្ម ពីភាគីថៃចំពោះជំហររបស់កម្ពុជា ជុំវិញករណីនេះនៅឡើយទេ។បើតាមលោក អ៊ំ សំអាន នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៦ អ្នកនាំពាក្យយោធាថៃបានបន្តចុះត្រួតពិនិត្យនៅលើទីតាំងដែលយោធាថៃដណ្តើមបាន ហើយធ្វើសកម្មភាពផ្សេងៗ ដូចជានៅច្រកអានសេះ ភ្នំ៥០០ និងភ្នំ៦៧៧ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ។មិនតែប៉ុណ្ណោះ ថៃកំពុងគ្រប់គ្រងដីខ្មែរចំនួន៨ទីតាំងថ្មីទៀតនៅតំបន់ច្រកអានសេះ។
បន្ថែមលើ ការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រឆាំងការចូលកាន់កាប់ដែនដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន ជាលក្ខខណៈឯកតោភាគីថៃនៅពេលនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរបស់រដ្ឋាភិបាល អះអាងពីការអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមានទាំងច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសសន្ធិសញ្ញាបារាំង-សៀម។មិនតែប៉ុណ្ណោះ បទដ្ឋានគិតយុត្តិដទៃទៀត ដែលភាគីទាំងពីរគឺកម្ពុជា ថៃ បានព្រមព្រាងគ្នារួចហើយស្តីពីព្រំដែនសន្តិភាព និងពង្រឹងយន្តការបទឈប់បាញ់ គឺកម្ពុជា នៅបន្តរក្សាជំហរដូចដើម ដើម្បីធានាបាននូវស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។
លោកបន្តថា៖«កម្ពុជារក្សាជំហរដាច់ខាតការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក»។
ចំណែកលោក អ៊ំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០១៧ បានបន្តរិះគន់ថាអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន មិនសូវជាខ្វល់ខ្វាយរឿងបាត់បង់ទឹកដីទេ។ជាងនេះទៀត លោកអះអាងថា ការលើកឡើងរបស់ប្រធានព្រឹទ្ធសភា ដែលប្រៀបធៀបការបាត់បង់អធិបតេយ្យភាពទៅភាគីថៃជាង៥០ទីតាំង ស្មើនឹងរបួសកូន ជាការបង្ហាញពីការមិនទទួលខុសត្រូវរបស់លោក ហ៊ុន សែន។ហើយនេះក៏មិនមែនជារឿងថ្មីដែរ សម្រាប់មេដឹកនាំចាស់វស្សាពីបក្សកាន់អំណាចរូបនេះ។
ប្រភពបន្តថា៖«លោក ហ៊ុន សែន ចាត់ទុកថាការបាត់បង់ទឹកដីខ្មែរចំនួន៥១ទីតាំងទៅថៃ គ្រាន់តែជារបួសកូនដៃតែប៉ុណ្ណោះព្រោះគាត់បានកាត់ទឹកដីខ្មែរអោយទៅវៀតណាមច្រើនជាងណឹងផង។ ការបាត់បង់ទឹកដីខ្មែរចំនួន៥១ទីតាំងទៅថៃជារឿងធម្មតាសម្រាប់លោក ហ៊ុន សែន ព្រោះគាត់បានកាត់ទឹកដីខ្មែរអោយបរទេសជិតខាងឡើងស៊ាំហើយ»។
បើទោះជាបែបណា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងពេលលោកប្រតិកម្មចំពោះការរិះគន់ប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅអំឡុងពេលបុណ្យចូលឆ្នាំ អះអាងថាទឹកដីកម្ពុជា ដែលត្រូវថៃដណ្តើមកាន់កាប់យកជាឯកតោភាគី រដ្ឋាភិបាលកម្ពុជាសន្យាថានឹងមិនឲ្យបាត់បង់ឡើយ។
ថ្វីបើអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បានប្តេជ្ញាចិត្តថានឹងតវ៉ាយកដីដែលបាត់បង់ត្រឡប់មកវិញក្តី សម្រាប់អ្នកនយោបាយពីគណបក្សប្រឆាំង និងអ្នកតាមដានស្ថានភាពសង្គមមួយចំនួន បង្ហាញទុទិដ្ឋិនិយមថា ដីខ្មែរដែលធ្លាក់ចូលក្នុងដៃថៃជាច្រើនទីតាំង ទាំងមុននឹងក្រោយសង្រ្គាម ប្រាកដជានឹងមិនអាចទាមទារយកមកគ្រប់គ្រងវិញបានទេ។ពួកគេ អះអាងថា ជម្រើសដែលអាចមានលទ្ធភាព លុះត្រារដ្ឋាភិបាលប្តឹងសំណុំរឿងនេះ ទៅតុលាការអន្តរជាតិ និងប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀមទើបអាចមានផ្លូវ និងក្តីសង្ឃឹមខ្លះ៕

