អា​ជ្ញា​ធរ​​ដក​​អា​ជ្ញា​​បណ្ណ​កា​ស៊ី​ណូ​​ សៀង​ហៃ ​រីហ្សត ​ពាក់​​ព័ន្ធ​​សកម្ម​ភាព​​ឆ​បោ​​ក​​​តាម​​​អន​​ឡាញ​​

​គណៈ​កម្ម​ការ​​គ្រប់​​គ្រង​ល្បែង​ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេច​ដក​ហូត​អាជ្ញា​បណ្ណកាស៊ីណូ​ សៀង​ហៃ រីហ្សត នៅ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ បន្ទាប់ពី​រក​ឃើញ​សកម្មភាព​ពាក់​ព័ន្ធ​ករណីឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៦ របស់​ គ.ល.ក. បានឱ្យ​ដឹងថា កងកម្លាំង​សមត្ថកិច្ច​បាន​ដក​ហូត​ឧបករណ៍​សម្ភារៈពាក់​​ព័ន្ធ និង​ឃាត់​ខ្លួន​ជនបរទេស​សរុប​ចំនួន​ ១០៧​នាក់​ (ស្រី​២៦នាក់) មាន ​៤សញ្ជាតិ​ អំឡុង​ពេល​ចុះត្រួតពិនិត្យ​ និង​ឆែក​ឆេរ​ទីតាំង​ក្រុមហ៊ុន​​​ សៀងហៃ​ រីហ្សត ខូអិល​ធីឌី ដែល​មាន​​កាស៊ីណូឈ្មោះ សៀងហៃ រីហ្សត ស្ថិត​នៅ​ឃុំសំរោង​ ស្រុកចន្ទ្រា ខេត្ត​ស្វាយរៀង​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលបាន​បន្ត​ថា យោង​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ល្បែង​ពា​ណិ​ជ្ជកម្ម​ ក្រុមហ៊ុន សៀងហៃ​ រីហ្សត ខូអិល​ធីឌី បាន​ប្រព្រឹត្តល្មើស​នឹង​បទបញ្ញត្តិជា​ធរ​មាន ហើយ​ គ.ល.ក. ​សម្រេច​ដក​ហូត​អាជ្ញាបណ្ណ​កាស៊ី​ណូ​ សៀងហៃ រីហ្សត​ តាម​រយៈសេចក្ដី​សម្រេច ចុះថ្ងៃទី៣ ខែមេសា គ.ស.២០២៦។​

សេចក្ដីប្រកាសព័ត៌មាន​នេះ បានបន្ថែមទៀតថា​ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល ដោយសហ​ការជាមួយ លេខា​ធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រ​ព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ និង​ឆែកឆេរទីតាំងក្រុម​ហ៊ុនកាស៊ីណូផ្សេងទៀត ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើ​ឆបោកតាមប្រ​ព័ន្ធ​បច្ចេកវិទ្យា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍