អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសដែលប្រព្រឹត្តបទល្មើសឆបោកបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត សរុបជាង ៩០០នាក់ ដែលមានជាង ២០សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
បើតាមការបញ្ជាក់ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បន្ទាប់ពីនាយកដ្ឋានធ្វើការស៊ើបអង្កេត និងអនុវត្តនីតិវិធីបង្ក្រាបករណីជនបរទេសប្រព្រឹត្តបទល្មើសនៅកម្ពុជា ជាបន្តបន្ទាប់រួចមក អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៩៣២នាក់ (ស្រី ១៤៧នាក់) មាន ២៣សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
ជនបរទេសទាំង ២៣សញ្ជាតិ រួមមាន ចិន, អ៊ូហ្គង់ដា, បង់ក្លាដេស, ប៉ាគីស្ថាន, ថៃ, ចិនតៃវ៉ាន់, នេប៉ាល់, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ឥណ្ឌា, មីយ៉ាន់ម៉ា, កូរ៉េ, វៀតណាម, នីហ្សេរីយ៉ា, ជប៉ុន, ឡាវ, អង់គ្លេស, លីប៊េរីយ៉ា, រុស្ស៊ី, ស្រីលង្កា, សិង្ហបុរី, នូវែលហ្សេឡង់ និងអ៊ូស្បេគីស្ថាន។
ប្រភពដដែលបន្តថា ក្នុងចំណោមជនបរទេសខុសច្បាប់ទាំង ៩៣២នាក់នោះដែលត្រូវបានបណ្តេញចេញ មានជនបរទេសប្រព្រឹត្តបទល្មើសឆោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១៩៨នាក់ ក្នុងនោះមានជនជាតិចិន ១៦២នាក់, ជនជាតិវៀតណាម ១៩នាក់ និងជនជាតិថៃ ១៧នាក់។ ចំណែក ជនបរទេសចំនួន ៧៣៤នាក់ទៀត មានជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដូចជា ការលួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ(QR Code ក្លែងក្លាយ) ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងធ្វើការងារខុសច្បាប់ជាដើម។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលកន្លងមក លោកបានប្រកាសថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសំអាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕
អត្ថបទដោយ៖ គីម សុខលាភ

