អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាង ២០០នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែងនៅក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អាជ្ញាធរបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូរបស់ក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងឃាត់ខ្លួនជនសង្ស័យ ២៤៤នាក់ នៅក្នុងការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងចំណោមមនុស្សដែលត្រូវបានឃាត់ខ្លួនមានជនជាតិវៀតណាមចំនួន១៨២នាក់ ជនជាតិចិន៤៩នាក់ ជនជាតិកូរ៉េចំ នួន ៩នាក់ និងខ្មែរចំនួន ៤នាក់។
សេចក្តីប្រកាសព័ត៌មានបន្តថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជាទូរស័ព្ទដៃ ៥០៥ កុំព្យូទ័រលើតុ ១៥០ កុំព្យូទ័រយួរដៃ១ Monitor ១ និងរថយន្ត ៤ គ្រឿង។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ សៀងហៃ រីហ្សត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

