សកម្មជនគណបក្សកម្លាំងជាតិមួយរូប ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងកាលពីឆ្នាំ២០២៣ ក្នុងការចូលរួមបង្កើតគណបក្សថ្មីមួយកាលពីឆ្នាំ២០២១ ត្រូវបានចាប់ខ្លួនជាថ្មីកាលពីព្រឹកថ្ងៃអង្គារនេះ ខណៈលោកកំពុងស្ថិតនៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងភ្នំពេញ។
អ្នកស្រី ថាច់ ចន្ធូ ជាភរិយារបស់លោក ខឿន វីរ៉ាត់ បានប្រាប់ Press Start Cambodia នៅរសៀលថ្ងៃអង្គារនេះថា ស្វាមីរបស់អ្នកស្រី ត្រូវបានចាប់ខ្លួនកាលពីព្រឹកមិញ នៅហាងកាហ្វេមួយកន្លែងនៅម្តុំឈូកវ៉ា ១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅពេលលោកទៅទិញកាហ្វេ។ អ្នកស្រីបន្តថា អ្នកស្រីមិនទាន់ដឹងថា ស្វាមីរបស់អ្នកស្រីនៅទីណា ហើយថា មូលហេតុអ្វីបានជាត្រូវគេចាប់ខ្លួននោះទេ ខណៈពេលអ្នកស្រី និងស្វាមីទើបត្រឡប់មកពីពិនិត្យសុខភាពនៅប្រទេសវៀតណាមមកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃសៅរ៍។
អ្នកស្រីចាត់ទុកការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌ និងជាការរំលោទសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកស្រីនិយាយថា៖ “ ជារឿងអយុត្តិធម៌សម្រាប់គាត់…។ ខ្ញុំគិតថា អយុត្តិធម៌ ហើយរំលោភសិទ្ធមនុស្សខ្លាំងមែនទែន។ ចាប់គាត់អត់មានទាំងដីកា មានអីទាំងអស់” ។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៣ លោក ខឿន វីរ៉ាត់ ជាអតីតក្រុមប្រឹក្សាជាប់ឆ្នោតនៅសង្កាត់បឹងទំ ពុនទី២ រាជធានីភ្នំពេញកាលពីឆ្នាំ២០២២ កូតាគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ខណៈលោក និងអតីតមន្ត្រីគណបក្សប្រឆាំងមួយចំនួនទៀតព្យាយាមបង្កើតគណបក្សបេះដូងជាតិ។ ក្រោយពីដោះលែងពីពន្ធនាគារកាលពីខែមីនា ឆ្នាំ២០២៥ លោក ខឿន វីរ៉ាត់ បានប្រកាសចូលរួមជាមួយគណបក្សកម្លាំងជាតិ ហើយបច្ចុប្បន្នលោក គឺជាប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តព្រៃវែង។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ ដែលធ្វើឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលក្នុងនោះលោក ជា មុនី ត្រូវបានជ្រើសរើសជាប្រធានគណបក្ស ខណៈលោក សុខ គឹមសេង គឺជាអនុប្រធាន។
Press start Cambodia ពុំអាចទាក់ទងសុំការបំភ្លឺពីលោក ជួន ណារិទ្ធ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីបានទេ ដោយការហៅទូរស័ព្ទទៅលោកពុំមានអ្នកទទួល។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ បានទទួលព័ត៌មានអំពីការចាប់ខ្លួនលោក ខឿន វីវ៉ាត់ តាមរយៈភរិយារបស់លោក ខឿន វីរ៉ាត់ នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែលោកក៏មិនទាន់បានដឹងពីមូលហេតុនៃការចាប់ខ្លួននេះដែរ។
ទោះបីជាយ៉ាងណា លោកយល់ថា ការចាប់ខ្លួនសកម្មជននយោបាយ និងអ្នកសារព័ត៌មានក្នុងការបញ្ចេញមតិ មិនមែនជារឿងសមស្របឡើយ។ លោកថា ពេលវេលានេះ កម្ពុជាត្រូវការសាមគ្គីជាតិ និងឯកភាពជាតិខ្មែរតែមួយ។
លោកមានប្រសាសន៍៖ “ខ្ញុំយល់ឃើញថា កម្ពុជាយើង វាល្មមដល់ពេលដែលត្រូវសាមគ្គីជាតិគ្នា ឯកភាពជាតិ ហើយសាមគ្គីជាតិខ្មែរតែមួយ ទោះបីជាគណបក្សនយោបាយណាក៏ដោយ ក៏ខ្មែររួបរួមគ្នាខ្មែរខ្លាំង។ ចឹងការចាប់ខ្លួនទាំងអស់ហ្នឹងទៅលើសកម្មជនគណបក្សនយោបាយ ទៅលើអ្នកសារព័ត៌មានទាំងអស់ ក្នុងការបញ្ចេញមតិនៅលើបណ្តាញសង្កមកន្លងមកនេះ មិនមែនជារឿងល្អទេ”។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៦ អង្គការលីកាដូបានចាត់ទុកឆ្នាំ២០២៥ គឺជាឆ្នាំដ៏អាប់អួរ នៃសេរីភាពក្នុងការបញ្ចេញមតិ ដោយរកឃើញថា យ៉ាងហោចណាស់មានពលរដ្ឋចំនួន ៨២នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ដោយសារការបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ខ្លួនតាមបណ្តាញសង្គម៕

