អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ទៀត បញ្ជូនខ្លួនទៅទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធនឹងករណីស៊ីសំណូកក្នុងអំពើឆបោកតាមអនឡាញ និងសម្អាតប្រាក់។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ត្រូវកាសែតក្នុងស្រុកស្រង់សម្តីមក ចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ថាអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំបញ្ជូនមន្ត្រីនគរបាលជាតិជាន់ខ្ពស់២រូប និងជនសង្ស័យ២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធី ។
ប្រភពបន្តថា ជនសង្ស័យទាំង៤នាក់ដែលបានចាប់ខ្លួនរួមមាន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងនៃស្នងការដ្ឋានរាជធានីភ្នំពេញ ។
ដោយឡែក មនុស្ស២នាក់ទៀត រួមមាន អ្នកស្រី អស កូពិសី ជាប្រពន្ធលោក សរ សំណាង និងម្នាក់ទៀតឈ្មោះ យ៉ាត កុសល ដែលជាប់សង្ស័យរឿងទទួលសំណូកពីក្រុម Online Scams និងសម្អាតប្រាក់ ។
ជុំវិញបញ្ហានេះ គេហទំព័រ Press Start Cambodia បានព្យាយាមទាក់ទង អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ ប៉ុន្តែលោកមិនលើកទូរស័ទ្ទ គិតត្រឹមថ្ងៃទី២២ ខែមេសា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត កក់សម្គាល់ថា ប៉ុន្មានខែកន្លងទៅនេះ រដ្ឋាភិបាលបានសកម្មចាត់វិធានការទ្រង់ទ្រាយធំដើម្បីបង្ក្រាបបញ្ហាឧក្រិដ្ឋកម្មអនឡាញ ជាបន្តបន្ទាប់ ដែលជាសញ្ញាវិជ្ជមានមួយ ក្នុងការបោសសម្អាតឧក្រិដ្ឋឆបោកក្នុងយុគសម័យថ្មីនេះ។
យ៉ាងណាលោកផ្តល់យោបល់ថា ដើម្បីឱ្យការបង្រ្កាបបញ្ហា Scam Online ឱ្យមានប្រសិទ្ធិភាព ត្រូវតែការអនុវត្តន៍វិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងចំពោះពួកឧក្រិដ្ឋជន ទោះមានតំណែងខ្ពស់យ៉ាងណាក៏ដោយ។
លោកបន្តថា៖«ដើម្បីឱ្យការបង្រ្កាបទៅលើការបញ្ហា Scam Online នេះកាន់តែមានប្រសិទ្ធិភាពគឺបើសិនជាមានបុគ្គលដែលជាសាច់ស្អុយ ទោះបីជាមានឋានន្តរសក្តិណាក៏ដោយហើយអ្នកពាក់ព័ន្ធនឹង Scam Online នេះ ត្រូវតែអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីពង្រឹងនៃគុណភាពបន្ថែមទៀត ទាក់ទងនឹងការបង្រ្កាបលើ Scam Online ទន្ទឹមនឹងកម្ពុជាយើងមានច្បាប់ស្តីពីប្រឆាំង និងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះបន្ថែមទៀត។អ៊ីចឹង អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធត្រូវតែអនុវត្តន៍ច្បាប់ដែលមានស្រាប់ និងច្បាប់ថ្មីនេះឱ្យមានប្រសិទ្ធិភាព»។
ជាមួយគ្នានេះ អ្នកប្រឹក្សាយោបលើផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សាទរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្រ្កាបអំពើឆបោកតាមអនឡាញ ប៉ុន្តែលោកថា កម្ពុជាអាចធ្វើប្រកបដោយប្រសិទ្ធិភាព ទាមទារឱ្យការអនុវត្តន៍ច្បាប់ដោយគ្មានការយោគយល់ និងគ្មានអំពើពុករលួយក្នុងការបង្ក្រាបក្នុងអំពើឆបោកតាមអនឡាញនេះ។
លោកបន្តថា៖« វាជាសមិទ្ធផលល្អប្រសើរមួយដែរសម្រាប់ប្រទេសកម្ពុជា ទាំងមូលហើយសង្ឃឹមថា ក្រោយពេលដែលមានច្បាប់ចេញជាផ្លូវការហើយ រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តន៍ទៅតាមច្បាប់ដោយគ្មានរើសអើង ហើយក្នុងនោះក៏គួរតែមានយន្តការពិសេស តាមដានការអនុវត្តច្បាប់ បើសិនជា ក្នុងករណីការអនុវត្តន៍មិនបានត្រឹមត្រូវ មានអំពើពុករលួយ ឬមានការគប់គិតនៅក្នុងទម្រង់បែបណាមួយគឺត្រូវតែចាត់វិធានការភ្លាម »។
បើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានបណ្ដេញជនបរទេសចេញពីកម្ពុជាជាង១ ០០០នាក់ មាន២៨សញ្ជាតិ ត្រូវបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងការរស់នៅខុសច្បាប់ ក្នុងនោះមានដូចជា មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា និងចិន ជាដើម។
បន្ថែមពីលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញជនបរទេសនេះ គឺអនុវត្តតាមវិធានច្បាប់ ក្នុងន័យដើម្បីបង្ក្រាបឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា ការពារសុវត្ថិភាពសង្គម និងជួយសង្គ្រោះជនរងគ្រោះឲ្យត្រឡប់ទៅប្រទេសដើមវិញ៕

