យុវ​ជន​មួយ​​ក្រុម​យក​​ឱ​កាស​ទិ​វា​នា​រី​អ​ន្តរ​ជាតិ​​ ដើ​ម្បី​​ផ្សព្វ​ផ្សា​យ​​វប្ប​ធម៌​​ជន​​​ជាតិដើម​ភាគ​​តិច​​​

ដោយៈ

គឹម ភា Avatar

យុវជនជនជាតិដើម​ភាគតិច​មួយ​ក្រុមបាន​ប្រែក្លាយ​​ទិវា​នារី​អន្តរជាតិ​​​ ជាឱ​កា​ស​​ផ្សព្វផ្សាយ​វប្បធម៌ជន​ជាតិ​​ដើម តាមរយៈការស្លៀកពាក់បែបប្រពៃណីចម្រុះជន​ជាតិ​ដើមបង្ហាញ​សាធាណជន​នៅតំបន់​កម្សាន្ត​មុខព្រះ​បរមរាជវាំង។

កាលពីថ្ងៃទី៨ មីនា ២០២៦ មាន​យុវជនជនជាតិ​មួយក្រុម​មាន​គ្នាជិត​៣០​នាក់ មក​​ពី​បណ្តាខេត្ត​ផ្សេងៗគ្នា​បាន​ប្រមូល​ផ្តុំ​​នៅ​តំបន់​កម្សាន្តមាត់ទន្លេ​​មុខ​ព្រះបរម​រាជ​​វាំង ដើម្បី​អប​អរទិវានារីអន្តរជាតិ​លើក​ទី​១១៥ ដោយ​​ពួកគេ​បាន​ជ្រើ​ស​រើស​យក​​សម្លៀក​បំពាក់​បែបប្រពៃណីជនជាតិ​ដើមចម្រុះ​​មក​ស្លៀក​ពាក់​ អមជា​មួយនឹង​ការ​សម្តែង​របាំ​ជនជាតិដើម ​និង​ការ​ថត​រូប​ជា​ក្រុម​​។

លោក វន​ ចន្ថា អាយុ ២៩ឆ្នាំ​ ជនជាតិដើមភាគតិចកួយមកពីខេត្តព្រះវិហារ ដែលជា​​ដឹកនាំ​ក្រុម​​យុវជន​ជនជាតិដើម​​បានប្រាប់ press start Cambodia ថា នេះមិនមែន​ជាលើកទី១ ទេ ដែលលោកបាន​ប្រ​មូលយុវជនយុវនារីជនជាតិដើម អបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ដោយ​នៅ​ឆ្នាំនេះ គឺជា​លើក​ទី​៣ ហើយ​ ​ដែល​លោក​បាន​ដឹកនាំ​​ក្រុម​យុវជន​ជនជាតិ​ដើម​​ជនជាតិដើម​​ ២៨​នាក់ ក្នុងនោះមានយុវ​តី១៨នាក់ បាន​ចូល​រួមប្រារព្ធ​​ទិវាសិទ្ធិនារី ដោយ​បាន​ជ្រើ​សរើស​យក​​សម្លៀក​បំពាក់​​ប្រពៃណី​ចម្រុះជន​ជាតិ​ដើម​ភាគតិច​មកបង្ហាញសាធារណជន​​។

លោក វន ចន្ថា និយាយថា៖ “យើងយកទីតាំងមុខព្រះបរមរាជវាំង ព្រោះទីនេះមាន​ចម្រុះជាតិសាសន៍មានខ្មែរ បរទេស ជនជាតិដើម ហើយដើម្បីចង់បង្ហាញអោយ​មនុស្សទូទៅបានឃើញពីប្រពៃណីរបស់ជនជាតិដើមយើង”។

ក្រុម​យុវជន​ជនជាតិដើម​ភាគតិចមក​ពីខេត្ត​ផ្សេងៗគ្នា​​ថតរូប​ជាមួយ​ព្រះសង្ឃ​ អំឡុង​ប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ​២០២៦​ ​។ (រូបភាព៖ សេវ វឿន​)

លោក វន ចន្ថា បន្ដទៀតថា ការ​ប្រារព្ធ​ទិវានារីអន្តរជាតិ​ឆ្នាំ​នេះ មាន​ការ​ចូលរួម​ចម្រុះយុវ​ជន​​​​ជន​​ជាតិ​​ដើម​ដូចជា​ កួយ ពូនង ចារ៉ាយ គ្រឹង ទំពួន ព្រៅ និង​បងប្អូន​ជនជាតិដើម​​ផ្សេងៗទៀត ដែល​ពួកគាត់​មក​ពី​បណ្តាខេត្ត​មួយចំនួន​ដូចជាព្រះវិហារ កំពង់ធំ មណ្ឌលគិរី រតនៈគិរី ក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ ឧត្តរមានជ័យនិង​ខេត្ត​ផ្សេងទៀត​។​

លោកនិយាយថា៖ “វាជាការផ្សព្វផ្សាយ អំពីភាពចម្រុះ នៃវប្បធម៌គួរឱ្យទាក់ទាញដែល​មានសក្តានុពលរបស់ប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញអំពីការគោរព និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ដោយមិនមានការរើសអើងឡើយ”។

លោក វន ចន្ថា បន្ថែមថា កម្មវិធីនេះ គឺមានការថតរូប វីដេអូ ផ្សព្វផ្សាយអំពីអត្តសញ្ញា​ណ វប្បធម៌ សិល្បៈ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដែល​ការធ្វើយុទ្ធ​នា​ការបែប​នេះ ទទួល​បាន​ការចាប់អារម្មណ៍ពីបណ្តាយុវជន ប្រជាពលរដ្ឋ និងអ្នក​ទស្សនា​ជាច្រើនផងដែរ។

កញ្ញា សុង​ ដាវី អាយុ២១ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង បាននិយាយថា​​ កញ្ញា​មកចូល​​រួមកម្មវិធី​​ថ្ងៃ៨ មីនា​នេះ គឺ ដើម្បី​អបអរទិវានារីអន្តរជាតិ​ផង និង​ផ្សព្វផ្សាយពីវប្បធម៍ នៃ​ការស្លៀកពាក់របស់​ជនជាតិ​ដើម ដើម្បី​​​អោយគេបានយល់ បានស្គាល់ពីជនជាតិ​ដើមផង​។

កញ្ញា សុង ដាវី និយាយថា៖ “ការស្លៀកពាក់នេះ បានបង្ហាញអោយគេស្គាល់កាន់​​​​តែ​ច្រើន។ ទោះបីសហគន៍មិនបានចូលរួមក៏ដោយ ក៏ពួកយើងអាចបង្ហាញពីប្រពៃ​ណីរបស់យើងបានដែរ”

ចំណែកយុវជន សេវ វឿន អាយុ ២០ឆ្នាំ​ជនជាតិដើមភាគតិចចារ៉ាយមកពីខេត្ត​រតនគីរីបាននិយាយ​ថា គោលបំណង​របស់​លោក​​ចូលរួមថ្ងៃ៨មីនា​នេះ គឺចង់​​បង្ហាញពី​វប្បធម៍ប្រពៃណីរបស់ជនជាតិ​ដើម​ភាគ​តិច​ អោយបានទៅ​ដល់​២៥ខេត្ត​ក្រុងទូទាំងប្រទេស ដើម្បី​លុបបំបាត់​ការ​រើស​អើងមកលើ​ជនជាតិ​ដើម​​។

លោក សេវ វឿន និយាយ​ថា​ ៖“ពួកយើងស្លៀកពាក់នេះ ព្រោះចង់អោយគេបំ​បាត់​ការរើសអើងលើជនជាតិដើមភាគតិច”។

លោកបន្ត​ថា ជនជាតិដើមភាគតិចមានសិទ្ធរស់រាននិងស្នាក់នៅតាមទីក្រុងឬជន​បទ​ ដើម្បីប្រកបមុខរបរ និង​បង្ហាញពីវប្បធម៍ប្រពៃណីរបស់ខ្លួន​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍