រកឃើញ​ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់​ ​ឆ្លង​វីរុសផ្តាសាយបក្សីប្រភេទ H5N1

វិទ្យាស្ថានជាតិសុខភាពសាធារណៈរកឃើញស្ត្រីអាយុ៦៦ឆ្នាំម្នាក់នៅ​ខេត្ត​ស្វាយ​រៀង​ វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) កាល​ពីថ្ងៃ​ទី​២១ ខែ​មេសា ក្រោយពីស្ត្រី​រូប​នេះ​បាន​យកមាន់ឈឺងាប់ មក​ធ្វើ​ម្ហូប​។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០​២៦ បានឲ្យដឹងថា ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១៣ ខែ​មេសា នៅក្នុង​ភូមិ​កើត​ហេតុ និង​ផ្ទះ​របស់​​អ្នក​ជំងឺ​​មាន​មាន់ឈឺនិង​ងាប់ ហើយ​ស្ត្រី​រូបនេះ​បានយកមាន់ឈឺងាប់មកធ្វើម្ហូបសម្រាប់បរិភោគ។ បច្ចុប្បន្ន​ អ្នក​ជំងឺ​ត្រូវ​បាន​ព្យាបាល​និង​ដាក់​ឱ្យ​សម្រាក​ដាច់​ដោយឡែក​​នៅមន្ទីរពេទ្យ​។

សេចក្តីប្រកាសព័ត៌មាន​ដដែលបន្តថា ក្រសួងសុខាភិបាលកំពុងសហការជាមួយនឹងស្ថាប័ន​ពាក់​ព័ន្ធ​ស្រាវជ្រាវរក​ប្រភពចម្លងជំងឺ​ផ្តាសាយបក្សីនេះទាំងលើសត្វ និង​មនុស្ស ដើម្បីទប់​ស្កាត់​ករណីឆ្លងបន្តក្នុងសហគមន៍ ។ លើសពីនេះក្រសួងក៏បាន​​ចែក​​ជូន​​ឱសថតាមីហ្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់​រំ​សុខ​ភាព​ប្រជាពលរដ្ឋដែលនៅតំបន់នោះផងដែរ។

ក្រសួងសុខាភិបាលបាន​ក្រើនរំលឹក​ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ប្រុង​ប្រយ័ត្នលើជំងឺផ្តាសាយបក្សី​ ដោយគូសបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពល​រដ្ឋ និងកុំ​ឱ្យ​ទៅទីដែលមានមនុ​ស្ស​ច្រើន ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជា​មួយ​មាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤​ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា។ នេះបើយោងតាមសេចក្តីប្រកាសដដែល​។

ក្រសួង​សុខាភិបាល​ក៏បាន​ណែនាំ​ឱ្យ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ និង​ការពិនិត្យ​ព្យា​​បាល​នៅមន្ទីរពេទ្យ​ ដែល​​នៅ​ជិត​ជា​បន្ទាន់​ ចៀសវាង​ការ​ពន្យារពេល​ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ នៃ​ការ​ស្លាប់ជា​យថាហេតុ​។

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសុខភាពសាធារណៈបានរកឃើ​ញកុមា​រា​អា​យុ​​៣​​ឆ្នាំ​​ម្នាក់ ​​វិជ្ជ​មាន​​វី​រុស​​ផ្តា​សាយ​​បក្សី​​ H5​N1​ រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំបេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍