វិទ្យាស្ថានជាតិសុខភាពសាធារណៈបានរកឃើញកុមារាអាយុ៣ឆ្នាំម្នាក់នៅខេត្តឧត្តរមានជ័យ មានវីរុសផ្តាសាយបក្សីប្រភេទហាស់ ៥អ៊ិន១ (H5N1) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកុមារារូបនេះបានលេងជុំវិញបរិវេណដែលមានមាន់ទាងាប់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកជំងឺរស់នៅភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ទីដែលមានសេចក្តីរាយការណ៍អំពីករណីមាន់ ទាឈឺ និងងាប់ ហើយថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់និងទា ដែលក្នុងនោះមានឈឺនិងងាប់មួយចំនួន។
សេចក្តីប្រកាសព័ត៌មានបន្តថា បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាមីហ្វ្លូ (Tamiflu) ហើយក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលបាន និងកំពុងសហការជាមួយក្រុមការងារ នៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានអង្កេតស្រាវជ្រាវយ៉ា ងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងបច្ចេកទេស ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋ ហើយប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញាកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន។
ក្រសួងសុខាភិបាលក៏បានណែនាំឱ្យស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃការស្លាប់ជាយថាហេតុ៕

