វិវាទការ​ងាររវាង​កម្មករផ្នែកប៉ាក់ និង​​​ភាគី​​រោង​ចក្រ​បូវ​ឃើរ​​ត្រូវ​​បា​ន​​ដោះស្រា​យ​បញ្ចប់​

កម្មករ​ផ្នែក​ប៉ាក់ចំនួន ៧០នាក់ នៅ​រោង​ចក្រ​កាត់​ដេរ​បូវ​ឃើរ ហ្គាមេ​ន បាន​​ទទួលយក​ការ​ទូទាត់​សំណងដើម្បី​​​​​បញ្ចប់​​​​កិ​​ច្ច​​​សន្យា​​​​ការ​​ងារ​​​ជា​មួយ​​​រោង​​ចក្រ​ ខណៈកម្មករ​​៦នាក់​​ទៀត​ សម្រេច​​ចូល​​ធ្វើកា​រ​​វិញ ក្រោយ​​​ពីការ​ចរចា​រកដំណោះស្រាយលើវិវាទការ​ងារនេះបានបញ្ចប់។

​​កម្មការិនីរោងចក្របូវឃើរ​ អ្នកស្រី ម៉េត និមល អាយុ ២៩​ឆ្នាំ បានប្រាប់ Press Start Cambodia នៅ​​ថ្ងៃទី​០២ ខែ​តុលានេះ​​ថា ក្រុម​កម្មករនិយោជិត​​​​ជាង ៧០​នាក់ ធ្វើការ​នៅរោង​ចក្រ​កាត់ដេរបូវឃើរ ហ្គា​មេន ហ្វេកធើរី ​បាន​​ប្រមូ​​ល​​​​ផ្ដុំ​​​គ្នា​​​តវ៉ា​​​មុខ​​ក្រុម​​ហ៊ុន​នៅស្រុ​ក​អង្គ​ស្នួល ខេត្តកណ្ដាល ចាប់ពីថ្ងៃទី២៩ ខែកញ្ញា មក ក្រោយ​ពី​​​ថៅកែ​​រោង​​ចក្រ​​បាន​​​បញ្ឈប់​​ពួក​​គេ​​​​​​​​ពី​​​ការ​ងារ ដោយ​លើកហេតុ​ផល​ថា​កម្មករ​​បោះបង់ចោលការ​ងារ ទាំង​ដែលពួកគាត់នៅបន្តធ្វើការ​រហូត​ដល់​ថ្ងៃឈប់សម្រាកពេលបុណ្យភ្ជុំបិណ្ឌ។

តែយ៉ាងណា កម្មការិនីដែលអះអាង​ថាបាន​ធ្វើការ​នៅរោង​ចក្ររយៈពេលប្រមាណ​ ៨ឆ្នាំរូបនេះ​ បាន​បញ្ជាក់​​ថា តាម​រយៈ​ការ​​ចរចា​​រវាង​ភាគី​ទាំងពីរ ក្រោមការ​សម្រប​សម្រួល​របស់ក្រសួង​ការ​ងារ ​កម្មក​​រផ្នែកប៉ាក់​ដែល​ធ្វើកា​រតវ៉ា​ ​​បាន​​​ស​ម្រេច​​ចិត្ត​​ទទួល​​ដំណោះស្រាយដែលក្រុមហ៊ុន​​ទូទាត់​​ឱ្យ​​ចំនួន ៣ចំណុច កាលពី​រសៀល​​ថ្ងៃទី០១ខែតុលា ក្នុង​នោះ​រួមមាន ​ប្រាក់​​ខែ​​ចុង​ក្រោយ​ ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​​អតីត​​ភាព​​ការ​ងារ ដោយមិនបានទទួលសំណង​ជំងឺ​ចិត្ត និង​ប្រាក់​ជូន​ដំណឹង​ឡើយ ប៉ុន្តែខាង​ក្រុមហ៊ុន​បាន​ផ្តល់ប្រាក់ប៉ះប៉ូវបន្ថែមក្នុង​ម្នាក់ ២០៨ដុល្លារ​។

អ្នកស្រីថា៖ «ដោយសារតែពួកយើងអត់មានជម្រើសរើសទេ ក្រសួង​គេ​ចេញ​មក​គេ​ឱ្យ​យើង​តែ​ប៉ុណ្ណឹង​ ហើយ​ខាងក្រសួងការងារហ្នឹងគេក៏និយាយថា បើសិនជាខាងរោងចក្រឱ្យលើសហ្នឹង ក៏គេអត់​ឱ្យ​ខាង​ខ្ញុំ គេនិយាយប្ដេជ្ញាចិត្តអត់ឱ្យពួកខ្ញុំ[…]ពួកខ្ញុំអត់មានជម្រើសទេ គេថាបើពួកខ្ញុំអត់ព្រម ពួកខ្ញុំមាន​តែទៅ​ដល់​តុលាការ ហើយពួកខ្ញុំជាកម្មករ ពួកខ្ញុំអត់ចេះច្បាប់ទេ អត់ឈ្នះគេទេ ច្បាប់ឥឡូវនរណា​គេ​មានលុយឈ្នះ​ហើយ»។

បើតាម​ អ្នកស្រី និមល ខាងភាគីរោងចក្របានអនុញ្ញាត​ឱ្យក្រុមកម្មករ ចូលធ្វើការផ្នែក​ដេរដែរ​ ក៏​ប៉ុន្តែ​អ្នក​ស្រី​មិន​ទទួល​យក​ទេ ព្រោះមិនចង់ធ្វើផ្នែកដេរដែលខុសជំនាញ។

ចំណែក អ្នកស្រី សំ ចាន់​ដារ៉ា អាយុ៣៤ឆ្នាំ​​ ជាកម្មការិនីធ្វើការ​នៅ​រោងចក្របូវឃើរ លើក​ឡើង​ដែរ​ថា អ្នក​ស្រី​សម្រេច​ចិត្តទទួល​យក​ដំណោះស្រាយ ​ដើម្បីបញ្ចប់​កិច្ច​​សន្យា​​ការ​​ងារ​នៅ​រោង​ចក្រនេះ ព្រោះ​​អ្នក​ស្រីយល់​ថា ការ​ដែលក្រុ​មហ៊ុ​ន​ប្តូរ​​អ្ន​ក​ស្រីពីផ្នែកប៉ាក់ ​ទៅ​ផ្នែក​ដេរ គឺ​ខុស​ពី​ជំនាញ​របស់​អ្នក​ស្រី។

អ្នកស្រីថា ការ​ចរចាដោះស្រាយដោយ​​ការ​​ទូទាត់​ត្រឹម ៣ចំណុច និង​ការផ្តល់​ប្រាក់​ប៉ះប៉ូវ​​បន្ថែម​​តិចតួចនេះ គឺពួកគាត់​យល់ព្រម​ទទួលយក​​ទាំងមិន​សប្បាយ​ចិត្ត។​​

អ្នកស្រីថា៖ «ពួកខ្ញុំថាអត់យុត្តិធម៌ទេ ព្រោះអីក្រុមហ៊ុនហ្នឹងអត់មានការងារឱ្យធ្វើទេ ហើយថាយកឱ្យចូលធ្វើហ្នឹងគឺកន្លែងផ្សេងដែលខុសចំណេះជំនាញរបស់ពួកខ្ញុំ[…] គេឱ្យពួកខ្ញុំឡាយ[Live តាមបណ្តាញ​សង្គម]​សុំ​ទោស​ក្រុម​ហ៊ុន​ ទាំងដែល​ក្រុម​ហ៊ុន​អ្នក​​ខុស​លើ​ពួក​ខ្ញុំ អញ្ចឹង​ពួក​ខ្ញុំ​​​សម្រេច​ចិត្តតា​មក្រុ​ម​ហ៊ុន​​ចាត់​ចែង​ឱ្យទៅ​ ដោយ​ពួក​ខ្ញុំ​អត់សម្រេច​​ចិត្ត​ឡាយ​​ទេ គ្រាន់តែ​ទ​ទួល​យក​លុយ​​ដែ​លក្រុ​ម​ហ៊ុន​ចាត់​ចែង​ឱ្យ ហើយ​បញ្ចប់​ការ​ងារ​ម៉ង»។

រីឯ​កម្មការិនីធ្វើការ​នៅរោង​ចក្របូវឃើរ​​មួយ​រូប​ទៀត ដែលមានផ្ទៃពោះជាង ៧ខែ​ អ្នកស្រី ស្រី សរ បាននិយាយ​ថា អ្នកស្រីសម្រេចចិត្ត​​ចូលធ្វើការងារវិញនៅថ្ងៃទី១ ខែតុលា នៅ​ផ្នែក​ប៉ាក់​ដដែល បន្ទាប់ពីការ​ចរចា​​រកដំណោះស្រាយបានបញ្ចប់ ដោយ​ខាង​រោង​ចក្រ​បានគិត​ប្រាក់​ឈ្នួល ពីថ្ងៃទី​៣ ខែ​កញ្ញា ដល់ថ្ងៃ​ទី​៣០ ខែ​​កញ្ញា និងផ្តល់អាទិភាព​​ដល់កម្មការិនី​ដែល​មានផ្ទៃពោះ និង​កម្មការិនីដែលទើបតែសម្រាលកូនរួច។ តែ​យ៉ាងណា អ្នកស្រីថា ខាងរោង​ចក្របានបញ្ជាក់ថា​ ប្រសិន​​​ជា​មិនមាន​ការងា​រនៅ​ផ្នែក​​​​ប៉ាក់ គេ​​នឹង​ផ្លាស់ប្តូរគាត់ទៅផ្នែក​ដេរវិញ​។

អ្នកស្រីបន្តថា៖ «អ្នកឈប់ពួកគាត់ខ្លួនទទេ តែខ្ញុំពោះធំ គេផ្តល់អាទិភាពឱ្យពួកខ្ញុំចូលធ្វើការវិញ ខាងរោងចក្រគាត់ថាលុយ​ដែលពួកខ្ញុំតវ៉ា តាំងពីថ្ងៃទី៣ ដល់ថ្ងៃទី៣០ គាត់គិតលុយឱ្យពួកខ្ញុំវិញ ហើយអ្នកពោះធំ៣នាក់ និងអ្នកកូន​ខ្ចី២នាក់នៅកន្លែងប៉ាក់​ដដែល»។

លោក សុខ ចន្ធី ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យនៅរោងចក្របូវឃើរ បានលើកឡើងថា ការ​ចរចា​រកដំណោះស្រាយ​វិវាទការ​ងារ​នៅរោង​ចក្រ​បូវឃើរនេះ បានបញ្ចប់ជាស្ថាពរ​​​ហើយ ដោយខាង​​ភាគី​ថៅកែ​បាន​​ផ្ដល់សំណងដល់កម្មករចំនួន ៣ចំណុច គឺប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ រួម​ទាំង​ប្រាក់ប៉ះប៉ូវបន្ថែម​។ លោកថា ការដែលកម្មករនិយោជិតទាំង៧០នាក់នេះ ទទួលយកសំណង​ដើម្បីបញ្ចប់កិច្ចសន្យា​ការ​ងារ​​នេះ គឺជាសិទ្ធិរបស់ពួកគាត់​ក្នុងការសម្រេចចិត្ត។

លោកលើកឡើថា៖ «មួយទៀតក៏ជាការកង្វល់ហ្នឹងគឺ ខ្ញុំសូមសំណូមពរដល់ក្រុមហ៊ុន ពេលដែលផ្នែកផ្សេងៗ​​​ដែលអត់ឥវ៉ាន់ធ្វើ អត់ការបញ្ជាទិញពី Adidas គឺសូមឱ្យក្នុងការចាត់ចែងទៅផ្សេងៗហ្នឹង ឬក៏ប្ដូរផ្នែកគាត់ សូមឱ្យគាត់ហ្នឹងជូនដំណឹងទៅកម្មករជាមុន ដើម្បីកុំឱ្យកម្មករហ្នឹងគិតថា ក្រុមហ៊ុនប្តូរផ្នែកគាត់ តាមតែចិត្តអ៊ីចឹងណា»។

បុគ្គលិកទំនាក់ទំនង​វិជ្ជាជីវៈ​របស់​រោងចក្រ​បូវឃើរ ហ្គាមេន អ្នកស្រី ចាន់ វាសនា បាន​​និយាយ​​ថា ការ​ទូទាត់​​សំណង​ដល់​កម្មក​រ​ដែលត្រូវបាន​អនុវត្ត​ទៅ​តាមច្បាប់ និងមានការត្រួតពិនិត្យផ្ទាល់ពីក្រសួងការងារ ។ អ្នកស្រីបន្ត​​ថា ខាង​រោង​ចក្រ​បាន​ទូទាត់​មាន​បី​ចំណុច​សំខាន់ៗ រួម​មាន ប្រាក់​ខែ​ចុង​ក្រោយ​​ដែល​នៅសល់ ប្រាក់​​បំណាច់​ឆ្នាំ និង​ប្រាក់អតីតភាពការងារក្នុង​ឆមាស​ចុង​ក្រោយ​​​​​ ព្រម​ទាំង​ប្រាក់​ប៉ះ​ប៉ូវ​​បន្ថែមសម្រាប់​​​កម្មករ។ អ្នកស្រីបន្ថែមថា មានកម្មករមានផ្ទៃពោះចំនួន ៣នាក់ ដែលបានត្រឡប់មកធ្វើការវិញនៅ​ក្នុងរោងចក្រ។

អ្នកស្រី​ថា៖ «យើងបញ្ជាក់ថា យើងទូទាត់ មានបីចំណុច គឺបីចំណុច ទីមួយគឺលុយប្រាក់ខែចុងក្រោយដែលនៅសេសសល់ ប្រាក់បំណាច់ឆ្នាំដែលនៅសេសសល់ ប្រាក់អតីតភាពការងារនៅក្នុង​ឆមាសចុងក្រោយ​ ក៏ដូចជាប្រាក់ប៉ះប៉ូវបន្ថែមសម្រាប់បងប្អូនជាកម្មករនិយោជិក ដែលគាត់ធ្វើការចាប់ពី ០៥ឆ្នាំឡើងទៅ គឺយើងទូទាត់ជូនគាត់ ២០៨[ដុល្លារ]ក្នុងម្នាក់ ក្រោម ០៥ឆ្នាំ គឺ ១០៤[ដុល្លារក្នុងម្នាក់] ប៉ុន្តែក្រុមហ៊ុនពេលដែលទូទាត់ជាក់ស្ដែងយកទាំងនាក់ ក្រោម ០៥ឆ្នាំទៅ អ្នកលើស ០៥ឆ្នាំហ្នឹង គឺយើងប៉ះប៉ូវជូនគាត់ ២០៨[ដុល្លារ]ទាំងអស់»។

អ្នកស្រី ចាន់ វាសនា បាន​គូស​បញ្ជាក់​ដែរ​​ថា ចំពោះពាក្យ​ច​ចា​ម​អារ៉ាម​​ដែល​​ថា ក្រុម​ហ៊ុន​បាន​បង្ខំ​កម្មករ​ឲ្យ​ថត​វីដេអូ​(Live)​សុំទោស​នោះ ជារឿង​​មិនពិ​ត​ឡើយ។ អ្នក​ស្រី​​ថា មាន​តែ​កម្មករ​ខ្លះ​ស្នើ​សុំ​កុំឲ្យ​រោង​ចក្រ​ផុស​​រូប ឬ​ដាក់​ឈ្មោះ​ពួក​គាត់​ក្នុង​បញ្ជី​ណា​មួយ ដើម្បី​ជៀស​វាង​ការ​ប៉ះពា​ល់​ដល់​ឱកាស​រក​ការ​ងារ​ថ្មី។

អ្នក​ស្រី​បាន​លើក​ឡើងដែរ​ថា រោង​ចក្រ​នៅ​តែ​បន្ត​ផ្តល់​ឱកាស​ការ​ងារ​ជូន​កម្មករ​ដដែល បើ​ពួក​គាត់​ចង់​ដាក់​ពាក្យ​មក​ធ្វើការ​វិញ ហើយ​​ការ​ជ្រើស​រើស​ណាមួយ​ គឺ​​​​អាស្រ័យទៅ​​លើ​តម្រូវ​ការជាក់ស្តែង​​នៃ​​ផ្នែក​នីមួយៗ។

អ្នកស្រីថា៖ «ក្រុមហ៊ុនខ្ញុំគឺនៅតែបន្តផ្តល់ឱកាសការងារជូនពួកគាត់ បើសិនជាពួកគាត់យល់ថា ពេល​ណា​មួយ​វេលា​ណាមួយ ដែលគាត់ចង់ដាក់ពាក្យមកធ្វើការ រោងចក្រយើងអីហ្នឹង គាត់ដាក់ចុះ ខ្ញុំអត់មានបញ្ហា​ទេ ប៉ុន្តែបើភ្លាមៗ​ពេក​ វា​ជា​រូបភា​ពមួ​យ​មិន​ល្អដែ​រ​ សម្រាប់​ក្នុង​ស្ថាប័ន​ខ្ញុំ​ទាំង​មូល អ៊ីចឹង​ពួក​គាត់​ចង់​ដាក់​ពាក្យ​មក​ធ្វើកា​រ​វិញ ក៏​ដាក់​មក​ធ្វើកា​រ​វិញ​បាន ប៉ុន្តែមិនមែនជាការងារផ្នែកប៉ាក់​ទេ វា​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ណាមួយ​កាលៈ​ទេសៈ​ណាមួយ ដែល​គាត់​ដាក់​មក ក្រុម​ហ៊ុន​មាន​តម្រូវ​ការ​ជ្រើស​រើស​ផ្នែក​ណាគា​ត់ទៅ​ធ្វើ​ការ​នៅ​ផ្នែក​ហ្នឹង​ជាក់​ស្ដែង»។

ជុំវិញរឿងនេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកណ្តាល លោក ធុល នាង មាន​ប្រសាសន៍​​ថា ​មក​ដល់​ពេល​នេះ វិវាទ​ការងារ​នៅ​រោង​ចក្រ​កាត់​ដេរ​បូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា) បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ហើយ ក្នុង​នោះក​ម្មករ​ចំនួន​៧០​នាក់​បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុនក្នុងការ​ដោះស្រាយ​បញ្ចប់​កិច្ច​សន្យាការ​ងារ​​ និងមួយចំនួនទៀតចូលធ្វើការវិញ។

លោក​បន្តថា៖ «បញ្ហាវាសំខាន់ទៅលើការកើតឡើងនៃវិវាទមួយៗ យើងតែងតែធ្វើការសម្របសម្រួលទៅតាមវិវាទ គឺសម្បទានគ្នាទៅវិញទៅមកដើម្បីបញ្ចប់វិវាទ អញ្ចឹងហើយកន្លែងខ្លះបានល្អប្រសើរទៅ កន្លែងខ្លះក៏មិនបានពេញចិត្តគ្រប់ៗ​គ្នាទេ តែទោះជាយ៉ាងណា ក៏បងប្អូនបានឯកភាពជាមួយនិងក្រុមហ៊ុនហើយដែរ ដោយចូលរួមយល់ព្រម ព្រមផ្តិតមេដៃ។ ហើយមកដល់ពេលនេះ រោងចក្រ មានស្ថានភាពល្អ ដំណើរការធម្មតា អញ្ចឹង​មានកម្មករ​ជាង​៣០០០​នាក់​កំពុង​ធ្វើ​ការ»។

លោក គង់ អាទិត្យ ប្រធានសហជីពការងារកម្ពុជា លើកឡើងថា យោងតាមច្បាប់ស្តីពីការ​ងារ ​ករណីនិយោជក​​​បញ្ឈប់​កម្មករ​ខុស​ច្បាប់ គឺ​និយោជក​ត្រូវ​ផ្ដល់​សំណង​លើ​​កម្មក​​​រនិ​យោជិត​​ចំនួន ៥ចំណុច រួមមាន ប្រាក់​ខែចុ​ង​ក្រោយ ប្រាក់​អតីត​ភាព​ការ​ងារ ប្រាក់​បំណាច់​ឆ្នាំ ប្រាក់​​ជូន​ដំណឹងជាមុន​ និង​ប្រាក់សំណង​ជំងឺ​ចិត្ត។ 

លោកថា៖ «សំខាន់លើភស្តុតាង​ថា​តើ​គាត់​អនុវត្ត​ម៉េច​បើ​គាត់​បាន​ដើរ​តាម​និតិវិធី​ត្រឹម​ត្រូវ​ហើយ​អីហើយ អាហ្នឹងយើងអនុវត្តតាមជាក់ស្តែងដែល​ក្រុម​ហ៊ុន​អនុវត្ត​ត្រឹម​ត្រូវ​[…]សំណង​​ជំងឺចិត្ត បើការចរចាគ្នា​វាត្រូវ បើក្រុមហ៊ុនគេ willing [មានឆន្ទៈ​]ក្នុងកា​រ​ឱ្យ តែ​បើ​អត់​ទេ​អាហ្នឹងទា​ល់​តែមា​ន​ការ​ប្តឹង​ផ្តល់​យូរ។ តែ​ភាគ​ច្រើន​ក្រុម​ហ៊ុន​គេ​តែង​តែគេ​ច​វេស​អារឿង​ហ្នឹង»។

បើតាមក្រុមកម្មករ​​ រោង​ចក្រ​កាត់ដេរ​​បូវ​ឃើរ ហ្គា​​មេន ហ្វេក​ធើរី (ខេមបូឌា)នេះ មាន​កម្មករ​-កម្មការិនីធ្វើការ​សរុបចំនួន ៣ ៣៨៩នាក់ ក្នុងនោះមានកម្មករ​ផ្នែកប៉ាក់ប្រមាណជិត ១០០នាក់៕