​កម្ពុជា​​តវ៉ា​នឹងអាជ្ញាធរថៃ​ ​ដែល​​ព្រមាន​បណ្តេញ​ពលរដ្ឋ​កម្ពុជា​ចេញ​ពីភូមិ​នៅ​​​តំបន់​ព្រំដែន

អាជ្ញា​ធរ​កម្ពុជា​ដាក់​លិខិត​តវ៉ា​​​ បន្ទាប់ពី​រដ្ឋបាល​​ខេត្ត​ស្រះកែវ​របស់ថៃ​​ប្រកាស​​​អនុវត្ត​ច្បាប់​ក្នុង​ស្រុក​​លើ​ពល​រដ្ឋ​កម្ពុជាដែល​​រស់​នៅក្នុង​​ភូមិ​ជោគជ័យ​និង​ភូមិ​ព្រៃចាន់​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រសិនបើ​ពួកគេ​មិន​ចាកចេញ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​។

នៅ​ក្នុង​លិខិត​ផ្លូវ​ការ​មួយ​គោរព​ជូន​អភិបាល​ខេត្ត​ស្រះកែវ​ចុះថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥​ រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​អះអាងថា សកម្មភាពនៃការ​លើកបដា​របស់​រដ្ឋបាល​ខេត្ត​ស្រះកែវ​របស់ថៃ​ គឺជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរមកលើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​កម្ពុជា​ ដែល​បាន​កំ​ពុង​​រស់នៅអាស្រ័យ​ផល​ក្នុង​ភូមិ​ទាំង​ពីរ​​​តាំងពីយូរមកហើយ​មុន​ពេល​មាន​អនុស្សរណៈនៃការ​យោគ​យល់​គ្នាស្តីពី​ការ​វាស់វែង​ និងខណ្ឌសីមា​ព្រំដែន​គោកកម្ពុជា​-ថៃ​ (MOU 2000) ចូល​ជា​ធរមាន​។​

លិខិត​ដដែលនេះ​ក៏បាន​បញ្ជាក់ផងដែរ​ថា រដ្ឋបាល​ខេត្ត​ស្រះកែវ “​មិន​មាន​សមត្ថកិច្ច​” កំណត់​ព្រំដែន​ និង​អនុវត្ត​ច្បាប់ក្នុងស្រុករបស់​​ថៃមក​លើ​សហគមន៍​កម្ពុជា​ដែល​បាន​និងកំពុង​រស់នៅ​អាស្រ័យផល​​ក្នុង​តំបន់​មិន​ទាន់​មាន​ការកំណត់​ខណ្ឌ​សីមា​ព្រំដែន​រួច​រាល់នោះទេ។​

លិខិតរបស់​រដ្ឋបាល​ខេត្តបន្ទាយ​មាន​ជ័យ​សរសេរថា “​សកម្មភាព​ឯកតោ​ភាគី​ដដែលៗខាងលើ​ គឺជា​​ការ​បង្កហេតុ​ដែល​នាំឱ្យ​មាន​ភាពតាន​តឹង​កើន​ឡើង​នៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ និង​ជា​ការ​បំពាន​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ” ។

​យោង​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញព័ត៌មាន​ថៃ​ កាលពីថ្ងៃទី​២៨ ខែ​កញ្ញា​ បាន​ឱ្យ​ដឹងថា អាជ្ញាធរ​ខេត្ត​​ស្រះកែវ​របស់ថៃ​បាន​លើក​បដា​ចំនួន​៦​ផ្ទាំង​ ដោយ​ព្រមាន​ទុក​ពេល​ឱ្យ​អ្នក​ភូមិ​កម្ពុជា​រយៈ​ពេល​១៥​ថ្ងៃ​ ដើម្បីចាកចេញពី​តំបន់​មាន​ជម្លោះ​ខាងលើ​ ខណៈ​ភាព​តានតឹង​កើន​ឡើង​នៅតាម​​ព្រំដែន​កម្ពុជា-​ថៃ​។​

អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធបានប្រាប់ Press Start Cambodia នៅថ្ងៃ​ទី២៩ខែកញ្ញាថាភាគីថៃបានតម្លើងផ្លាកបី​ផ្ទាំង​នៅ​ភូមិជោគជ័យនិងពីរ​ផ្ទាំង​នៅភូមិព្រៃចាន់ដោយ​ព្រមានប្រជាពលរដ្ឋខ្មែរឱ្យចាកចេញមុនថ្ងៃទី១០ខែតុលាឆ្នាំ២០២៥បើ​ពុំដូច្នេះ​ទេថៃ​នឹងចាត់​វិធានការច្បាប់របស់​ថៃលើពលរដ្ឋខ្មែរទាំងនោះ។

លោកមាន​ប្រសាសន៍​ថា «អត់ដឹងថា ការឆ្លើយតបរបស់គេយ៉ាងម៉េចផង ព្រោះយើងដាក់ទៅហើយ មិនដឹងគេឆ្លើយតបយ៉ាងម៉េច។ គេអនុវត្តតាមខ្លឹមសារលិខិតយើង ឬក៏គេមិនអនុវត្ត […] រឿងសង្ឃឹមមិនសង្ឃឹមអាហ្នឹងរឿងរបស់គេ ប៉ុន្តែលិខិតរបស់យើងៗត្រូវតែដាក់ ដើម្បីឱ្យដឹងអ្វីជាការព្រួយបារម្ភរបស់យើង»។​ លោកបាន​បន្ថែមថា អាជ្ញាធរកម្ពុជា​គ្មាន​ផែន​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពីភូមិ​របស់ពួកគាត់​ទេ​។​

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ខាងលើ​បាន​អះអាង​ថា ភាគីថៃ​កំពុង​តែបង្កើន​សក​ម្ម​ភាព​នាពេលថ្មីៗនេះ ដោយ​បន្ត​ឈូសឆាយ​ ចាក់គ្រួសធ្វើ​ផ្លូវ និង​លើកបដា​កំណត់​ឱសានវាទ​ឱ្យ​ពលរដ្ឋ​ខ្មែរចាកចេញដោយ​ពួកគាត់​ចាត់ទុកសកម្មភាព​របស់​អាជ្ញាធរថៃ​ គឺជា​ការ​គំរាមកំហែង​និង​រំលោភ​លើ​សិទ្ធិ​របស់​ពួកគាត់​។​

លោក ថុង គឹមលាង អាយុ ៥៥ឆ្នាំ ជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានផ្ទះជាប់នៅម្ខាងនៃបន្លាលួសដែលថៃបានព័ទ្ធ​យកនោះបាន​និយាយថា គ្រួសារ​របស់​លោក​បាន​រស់​នៅភូមិព្រៃចាន់​តាំងពី​ឆ្នាំ​១៩៩៤ មកម៉្លេះ។​

កសិករ​ ដែល​មានកូន៣នាក់រូប​នេះ និយាយ​ថា៖ «អារឿងព្រួយបារម្ភ គឺព្រួយហើយ គ្រាន់តែថា បើយើងព្រួយបារម្ភ យើងភ័យយើងរត់ គឺរឹត​តែបាន​ឱកាសគេធ្វើតាមអំពើចិត្ត។ យើងព្រួយបារម្ភ តែយើងត្រៀមការទប់ស្កាត់ដូចគ្នា។ យើងអត់អាច​ទៅណាឱ្យគេធ្វើតាមអំពើចិត្តគេបានទេ»។

លោកយល់ថា ការព័ទ្ធ​យកដីពីសំណាក់​ទាហានថៃ ការដាក់បន្លាលួស ការ​រាយកង់ឡាននិងការប្រើរូបភាពគំរាមកំហែងនានាមកដល់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភសិទ្ធិមនុស្សនិងបូរណភាពទឹកដី។

អ្នកស្រី ហ៊ុល ម៉ាលីស អាយុ៥២ ឆ្នាំ ជា​អ្នក​ភូមិ​ព្រៃចាន់​ម្នាក់​ទៀត​បាន​និយាយថា អ្នក​ស្រីកាន់កាប់ដី​ទំហំ​ប្រហែល​៣​ហិកតា​ ដែល​មាន​ផ្ទះនិងចម្ការ​ ហើយ​បច្ចុប្បន្ន​ត្រូវ​ទាហាន​ថៃដាក់បន្លាលួស​​ព័ន្ទយក​។ ​អ្នក​ស្រីបន្តថា មិនអាចចេញចូល​បាន​ឡើយ​ ដោយ​ត្រូវ​ស្នាក់​នៅ​ក្នុង​តង់​នៅ​ក្បែរ​បន្លា​​លួស​នោះ។​

​ដោយត្អូញត្អែរ​អំពីការ​ខកខាន​មិនបានប្រកប​ការងារ​និង​បារម្ភអំពី​ការ​គ្មាន​សមត្ថភាព​រកប្រាក់​សង​​បំណុល​ធនាគារ​៤ម៉ឺន​ដុល្លារ អ្នកស្រី ម៉ាលីស ដែល​មាន​កូន​ក្នុង​បន្ទុក​ចំនួន​៤នាក់ បាន​និយាយ​ថា៖ « អារឿងព្រួយបារម្មណ៍ចេះតែព្រួយនឹងឯង។ សំខាន់ខ្លាចបាត់បង់ផ្ទះខ្ញុំនឹងឯង” ។​

បើ​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ដដែលនេះ ឱ្យ​ដឹងថា ​សកម្មភាពរបស់​អាជ្ញាធរ​ខេត្ត​​ស្រះកែវ​ គឺ​ជា​ការ​បំពាន​លើ​កិច្ច​ព្រមព្រៀង​បទឈប់បាញ់​ថ្ងៃទី​២៨ ខែកក្កដា និង​​ផ្ទុយ​ពី​លទ្ធផល​នៃកិច្ច​ប្រជុំគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ(RBC)​ និង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) កាល​ពីថ្ងៃទី​៧ ខែ​សីហា​ និងថ្ងៃទី១០ ខែ​​កញ្ញា​ ឆ្នាំ​២០២៥​​ ដែល​ភាគីទាំងសងខាង​បាន​ឯកភាពទប់ស្កាត់​រាល់សកម្មភាព​ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ការ​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ បង្ក​ឱ្យ​មាន​ការ​យល់ច្រឡំ និង​ភាពតានតឹងនៅតាមព្រំដែន។

ជុំវិញបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបាន​សម្តែងការ​គាំ​ទ្រ​ដែល​រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យផ្ញើ​លិខិតតវ៉ាទៅកាន់រដ្ឋបាលខេត្តស្រះកែវនៃប្រទេសថៃ ព្រោះនេះអាចជាឯកសារ​ភស្តុតាង​តវ៉ានាពេលខាង​មុខ។

លោកមាន​ប្រសាសន៍​ថា៖ «យើងត្រូវតែតវ៉ា ពីព្រោះបើយើងមិនតវ៉ា ប្រាកដ​ណាស់​ វាជាឯកសារជា​ភស្តុតាងមួយសម្រាប់ការងារអន្តរជាតិផ្សេងទៀតទៅមុខទៀត។​ ឧទាហរណ៍​ថា​ ករណី​ប្ដឹង​ផ្ដល់ទៅដល់តុលាការយុត្តិធម៌អន្តរាជាតិ ហើយប្រសិនបើកម្ពុជាគេចូលរំលោភ​ឈ្លាន​ពាន​មិនតវ៉ា អាជ្ញាធរ​មិនតវ៉ាមានន័យថា ទទួលស្គាល់ការរំលោភរបស់គេហ្នឹងហើយ»។

កម្លាំងចម្រុះនៃប្រទេសថៃចំនួនប្រហែល៣០០នាក់ ប្រដាប់ដោយអាវុធ ឧបករណ៍ទប់ស្កាត់បាតុ​កម្ម ជំពាមកៅស៊ូ បានចូលទៅកាន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីរាយបន្លាលួសព័ទ្ធយកដី និងបានបាញ់គ្រាប់កាំ​ភ្លើង​​ជ័រ ឧស្ម័នបង្ហូរទឹកភ្នែក  បង្កឱ្យពលរដ្ឋខ្មែរ រងរបួសធ្ងន់ស្រាលសរុបចំនួន២៨នាក់។

កិច្ចប្រជុំរវាងអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តស្រះកែវដែលគ្រោងធ្វើថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សារឿងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃកម្ពុជា ត្រូវបានលុបចោល ដោយភាគីថៃ។ ដោយឡែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ក៏ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដែរ​ ព្រោះភាគីថៃត្រូវផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចេញផ្សាយលើទំព័រហ្វេសប៊ុកក្រសួងកាលពីថ្ងៃ​ទី២៧​ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាថៃបានបាញ់ប្រហារលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន ២លើក។​ ក្រសួងការពារជាតិកម្ពុជាអះអាង​ថា ភាគីកម្ពុជាមិនបានតបតករណីនេះឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួន​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍