កម្មករជាង ៧០នាក់ ធ្វើការនៅរោងចក្រកាត់ដេរបូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា )នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រមូលផ្ដុំគ្នាតវ៉ាមុខរោងចក្រ នៅថ្ងៃទី២៩ ខែកញ្ញានេះ ទាមទារឱ្យមានដំណោះស្រាយក្រោយរោងចក្របញ្ឈប់ពួកគេពីការងារ ដោយមិនផ្តល់អត្ថប្រយោជន៍ស្របទៅតាមច្បាប់។
កម្មការិនីរោងចក្របូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា)ដែលបានទៅតវ៉ានៅមុខរោងចក្រ អ្នកស្រី ម៉េត និមល អាយុ ២៩ឆ្នាំ បានប្រាប់ Press Start Cambodia ថា ខាងរោងចក្របានបង្ខំឱ្យកម្មករចំនួន ៧៥នាក់ ក្នុងនោះមានទាំងរូបគាត់ ផ្លាស់ពីផ្នែកប៉ាក់ ទៅផ្នែកដេរ ដោយគ្មានការព្រមព្រៀងជាមួយពួកគាត់ឡើយ។ អ្នកស្រីនិយាយថា ការផ្លាស់ប្តូរការងារនេះ បណ្តាលឱ្យគាត់បាត់បង់អត្ថប្រយោជន៍ដែលធ្លាប់ទទួលបាន ខណៈពួកគាត់ក៏មិនមានជំនាញក្នុងការដេរផងដែរ។
អ្នកស្រីនិយាយថា៖ «ដោយមិនមានស្នាមមេដៃពួកខ្ញុំ មិនមានលើកិច្ចព្រមព្រៀងពីពួកខ្ញុំក៏គាត់កាត់អត្តនោម័តដោយខ្លួនឯងចឹងខាង ក្រុមហ៊ុន។ ប្រាក់ខែបានធម្មតាប៉ុន្តែប្តូរការងារ យើងអត់មានលុយរង្វាន់នោះទេ ព្រោះបើខ្ញុំនៅកន្លែងប៉ាក់ ពួកខ្ញុំត្រឹមតែម៉ោង៤ ពួកខ្ញុំ ១ខែពួកខ្ញុំទទួលបាន១០០ជាងអី។ បើសិនជាមកផ្នែកដេរពួកខ្ញុំអត់មានជំនាញផង ហេតុអីបានអត្ថប្រយោជន៍»។
អ្នកស្រីបន្តថា ពួកគាត់បានស្នើទៅរោងចក្រជួយរកការងារផ្នែកប៉ាក់ឱ្យពួកគាត់ធ្វើ ដោយសុំមិនដូរទៅផ្នែកដេរ ប៉ុន្តែខាងរោងចក្របែរជាចេញលិខិតជូនដំណឹង នៅថ្ងៃទី២៦ ខែកញ្ញា ដោយបញ្ឈប់ពួកគាត់ពីការងារ ក្រោមហេតុផលថា ពួកគាត់ទាំង ៧៥នាក់ បានបោះបង់ការងារចោលទៅវិញ ហើយខាងរោងចក្រក៏បានបិទច្រកមិនឱ្យកម្មករចូលធ្វើការនោះទេ។
អ្នកស្រីសំណូមថា៖«គោលជំហរខ្ញុំនៅដដែល ធ្វើនៅកន្លែងប៉ាក់ ប្រសិនជាឲ្យខ្ញុំធ្វើការ យកពួកខ្ញុំទៅចាត់ចែងទៅក្រុមដេរពួកខ្ញុំអត់ទៅទេ ព្រោះខ្ញុំអត់មានទំនុកចិត្តលើក្រុមហ៊ុនទៀតទេ ដោយសារកាត់ឈ្មោះពួកខ្ញុំអត់ផ្តល់ដំណឹងឲ្យមុន»។
កម្មការិនីធ្វើការនៅរោងចក្របូវឃើរម្នាក់ទៀត ឈ្មោះ ស្រី សរ ដែលមានផ្ទៃពោះជាង ៧ខែ បានឱ្យដឹងដែរថា ខាងរោងចក្របានបញ្ចប់កិច្ចសន្យាការងាររបស់គាត់ និងក្រុមកម្មករផ្សេងទៀត ដោយគ្មានការជូនដំណឹងជាមុន ហើយខាងរោងចក្រក៏បានប្រាប់សន្តិសុខឲ្យទប់ស្កាត់កម្មករទាំង ៧៥នាក់ មិនឱ្យចូលរោងចក្រនោះទេ។ ករណីនេះ អ្នកស្រីចាត់ទុកការបញ្ឈប់កម្មករទាំង ៧៥នាក់ ពីសំណាក់រោងចក្រថាជារឿងអយុត្តិធម៌ និងទាមទារឱ្យមានដំណោះស្រាយចំនួន ៥ចំណុច ទៅតាមច្បាប់ការងារ រួមមាន ទូរទាត់ប្រាក់ជូនដំណឹង ប្រាក់បំណាច់ឆ្នាំ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ និងប្រាក់ជំងឺចិត្ត។
អ្នកស្រីថា៖ «បញ្ឈប់ការងារអត់មានមូលហេតុ ពួកខ្ញុំឈប់ទៅភ្ជុំហ្នឹង ក៏គាត់អត់បានបើកប្រាក់ខែឲ្យដែរ បានតែប្រាក់បំណាច់ឆ្នាំហ្នឹង បានតែ១០០ជាងហ្នឹង។ ពួកយើងមានលុយណាទៅស្រុកម្នាក់ៗនៅតែផ្ទះជួលអត់បានទៅស្រុកទៅស្រែ នៅផ្ទះជួលហូបតែអំបិលប្រហុកហ្នឹង។ លុយបង់ធនាគារក៏អត់មានលុយដែរ អត់ម៉ង ធនាគារទាទេតាមបង់លុយ ខាងរោងចក្រកាត់លុយកម្មករអត់ប្រាប់អត់មានមូលហេតុ»។
ប្រធានរដ្ឋបាលរោងចក្របូវឃើរ ហ្គាមេន ហ្វេកធើរី អ្នកស្រី ចាន់ វាសនា បានឆ្លើយតបថា បញ្ហាដែលកើតឡើង ដោយសារតែក្រុមហ៊ុនខ្វះការបញ្ជាទិញតាំងពីខែឧសភា ឆ្នាំ២០២៥មក ហើយខាងក្រុមហ៊ុនបានអនុវត្តគោលការណ៍ផ្លាស់ប្តូរកម្មករ ពីផ្នែកលើសទៅជួយផ្នែកដែលខ្វះ។
យ៉ាងណាក៏ដោយ អ្នកស្រីថា កម្មករមួយចំនួនមិនព្រមទទួលការងារថ្មី ហើយបន្តមិនធ្វើការទោះបីក្រុមហ៊ុនកែតម្រូវឲ្យត្រឡប់ទៅក្រុមដើមក៏ដោយ។ អ្នកស្រីបន្តទៀតថា ខាងក្រុមហ៊ុនបានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី១៥ ខែកញ្ញា អំពាវនាវឲ្យកម្មករចូលធ្វើការនៅថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ហើយបើកម្មករមិនអនុវត្តទេ នឹងត្រូវចាត់ទុកថាបោះបង់ការងារ។
អ្នកស្រីថា៖ «អ៊ីចឹងបើសិនជាពួកគាត់ល្មើសនៅក្នុងការចាត់ចែងហ្នឹងដែរ តែគាត់មានមូលដ្ឋានណាមួយដែលស្នើសុំ ៥ចំណុច ពីខាងក្រុមហ៊ុន ព្រោះក្រុមហ៊ុនបានទូទាត់គាត់តាមនីតិវិធីច្បាប់ហើយ ប៉ុន្តែពួកគាត់ទាមទារលើសពីនីតិវិធី ដោយលើកមូលហេតុថា កំហុសរបស់ខាងក្រុមហ៊ុនបន្តការងារគាត់ធ្វើតែក្រុមហ៊ុនគេ ទៅដឹងហើយថាគេមានការងារផ្នែកផ្សេងៗដែលគាត់ធ្វើ ប៉ុន្តែមិនមែនការងារខាងប៉ាក់»។
លោកថា៖ «យើងកំពុងតែសម្របសម្រួល ហ្នឹងហើយកំពុងតែសម្របសម្រួល ក្រុមការងារកំពុងធ្វើការអត់ទាន់ចប់ផង[…]ចាំមើលល្ងាចបន្តិច[…]បញ្ហារឿងព្យួរការងាររឿងអីហ្នឹង ចាំមើលល្ងាចបន្តិចរបាយការណ៍ច្បាស់លាស់»។
ទោះយ៉ាងណា លោក ម៉ៅ សុភ័ត្រា្ត អគ្គសហព័ន្ធសហជីពកម្ពុជា បានឱ្យដឹងថា តាមនិតិវិធីច្បាប់រាល់ការបញ្ឈប់កម្មករឬបញ្ចប់កិច្ចសន្យា គឺត្រូវតែជូនដំណឹងជាមុន ខណៈសេដ្ឋកិច្ចទីផ្សារការងារបច្ចុប្បន្ន គឺនៅមានកម្រិតនៅឡើយក្នុងការដែលឱ្យកម្មករស្វែងរកការងារថ្មីធ្វើ។
លោកស្នើឱ្យអ្នកពាក់ព័ន្ធ និងក្រុមហ៊ុន ពិចារណាទទួលកម្មករទាំងនោះចូលធ្វើការវិញ ព្រោះពួកគេក៏ជាចំណែកមួយជួយដល់ក្រុមហ៊ុនកន្លងមកដែរ។
លោកថា៖ «ទាក់ទងនឹងសំណូមពរក្នុងនាមយើងជាសហជីព ដែលកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុន ទាំង៧៥នាក់ហ្នឹង សូមឱ្យទទួលយកគាត់ចូលធ្វើការវិញ ក្នុងនាមគាត់ជាកម្មករនិយោជិតដែលបានជួយក្រុមហ៊ុនតាំងពីមុន រហូតដល់មានការបញ្ចប់កិច្ចសន្យានេះ […] ហើយសំណូមពរមួយទៀត សូមឱ្យរោងចក្រសហគ្រាសព្រមទាំងក្រសួងការងារ គិតបន្ថែមពីការបញ្ចប់កិច្ចសន្យាតើវាត្រូវតាម អ្វីដែលជានិតិវិធីច្បាប់ឬក៏អត់»។
បើតាមក្រុមកម្មករ ក្នុងរោងចក្រកាត់ដេរបូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា)នេះ មានកម្មករ-កម្មការិនីធ្វើការសរុបចំនួន ៣ ២៣៤នាក់។ ពួកគេបញ្ជាក់ថា នឹងបន្តការតវ៉ាទាមទាររហូតដល់មានដំណោះស្រាយសមស្រប ខណៈការចរចានៅថ្ងៃចន្ទនេះ ក្រោមការសម្របសម្រួលរបស់មន្ត្រីក្រសួងការងារ កម្មករអះអាងថា ខាងរោងចក្រផ្តល់ឱ្យតែ ៣ចំណុច ក្នុងចំណោម ៥ចំណុចដែលកម្មករបានទាមទារ ក្នុងនោះ មានប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំ៕