ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលជាទម្លាប់ប្រជាពលរដ្ឋតែងជួបជុំគ្រួសារធ្វើបុណ្យដាក់ទានរួមគ្នា។ ក្នុងអំឡុងពិធីកាន់បិណ្ឌចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥មក គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ទាំងក្មេងចាស់ ប្រុសស្រី បានជួបជុំគ្រួសារបងប្អូនសាច់ញាតិយ៉ាងសប្បាយរីករាយ និងបានរៀបចំបាយម្ហូបសម្រាប់ធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារ៉ាមនានា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់សាច់ញាតិដែលបានស្លាប់ទៅ។
ប៉ុន្តែងាកមកកាន់គ្រួសារកងទ័ពខ្មែរចំនួន ១៨នាក់ ដែលត្រូវបានទាហានថៃចាប់ខ្លួនទៅអស់រយៈពេលជាង ៥០ថ្ងៃឯណោះវិញ បែរជាមានក្តីសោកសង្រែង មួយថ្ងៃៗរងចាំតែដំណឹងសមាជិកគ្រួសាររបស់ពួកគាត់ត្រឡប់មកផ្ទះវិញ ដើម្បីបានជួបជុំដូចគ្រួសារពលរដ្ឋទូទៅ ជាពិសេសអំឡុងពេលបុណ្យទានបែបនេះ។
សម្រក់ទឹកភ្នែកបណ្ដើរ រៀបរាប់បណ្ដើរ អ្នកស្រី កន សៃចៃ ដែលជាភរិយាកងទ័ពខ្មែរមួយរូបដែលទាហានថៃបានចាប់ខ្លួននោះ បាននិយាយថា៖ «ធ្លាប់តែបុណ្យទានចឹង គាត់មក គាត់នាំខ្ញុំធ្វើបាយ ធ្វើម្ហូប ដើម្បីយកទៅជូន ឪពុកម្ដាយរបស់យើងទាំងអស់គ្នា។ ដល់ពេលឆ្នាំនេះ អីឡូវ បាត់គាត់ បាត់អត់ដឹងដំណឹង អត់ដឹងថាថ្ងៃណា គាត់វិលត្រលប់មកជួបជុំគ្នាវិញ»។
អ្នកស្រី កន សៃចៃ វ័យ២៦ឆ្នាំ ជាភរិយារបស់ លោក ជៀវ ប៊ុនឈុង ដែលជាទាហានកម្ពុជាមួយរូប ក្នុងចំណោមទាហានទាំង១៨រូប ដែលត្រូវបានកងកម្លាំងថៃចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់។
ស្ត្រីដែលមានលំនៅឋានក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបច្ចុប្បន្នកំពុងស្នាក់នៅកន្លែងភៀសសឹក វត្តពោធិ៍៥០០០ដើម បានឱ្យរៀបរាប់ថា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ គ្រួសារតូចមួយរបស់អ្នកស្រី ដែលមានប្តីប្រពន្ធ និងកូន២នាក់ តែងតែជួបជុំគ្នា និងមានទម្លាប់ធ្វើម្ហូបអាហារ ដើម្បីយកទៅប្រគេនព្រះសង្ឃ និងអ្នកមានគុណ។
ប៉ុន្តែភ្ជុំបិណ្ឌឆ្នាំនេះ ខុសពីឆ្នាំមុនៗ អ្នកស្រីត្រូវធ្វើបាយម្ហូបទៅវត្តតែម្នាក់ឯង ដោយសារតែស្វាមីរបស់អ្នកស្រី ត្រូវបានយោធាថៃចាប់ខ្លួនទៅអស់រយៈពេលជាង ៥០ថ្ងៃមកហើយ ដោយមិនដឹងសុខទុក្ខយ៉ាងណានោះទេ។ បច្ចុប្បន្ន អ្នកស្រីកំពុងរងចាំស្វាមីជារៀងរាល់ថ្ងៃ និងសង្ឃឹមថា យោធាថៃ នឹងដោះលែងស្វាមីរបស់អ្នកស្រី និងកងទ័ពខ្មែរ១៧រូបទៀត ត្រឡប់មកវិញ ដើម្បីជួបជុំគ្រួសារវិញ ជាពិសេសក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ ដើម្បីបានធ្វើបុណ្យរួមគ្នាដូចឆ្នាំមុនៗ។
អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមលើថ្នាក់ដឹកនាំដែលគាត់ អាចជួយកងទ័ពទាំង១៨នាក់ ត្រលប់មកវិញ នូវខែបុណ្យភ្ជុំនេះ។ សង្ឃឹមថា ឱ្យគាត់ចេញមក ចំបុណ្យចំទៀនចឹង ធ្វើបាយ ធ្វើម្ហូប ជូនឪពុកម្ដាយខ្ញុំ ឪពុកម្ដាយរបស់គាត់ ដូចរាល់ឆ្នាំទៀត សង្ឃឹមថា គាត់ឆាប់បានចេញមកវិញទាំងអស់គ្នា»។
ភរិយារបស់កងទ័ពខ្មែររូបនេះ បាននិយាយថា ចាប់តាំងពីទាហានថៃបានចាប់ខ្លួនប្តីទៅនោះ ផ្លូវចិត្តរបស់អ្នកស្រីមិនល្អនោះទេ ដោយសារគិតច្រើន អារម្មណ៍រវើរវាយ និងពេលខ្លះលួចយំតែម្នាក់ឯងព្រោះបារម្ភអំពីសុវត្ថិភាព និងការរស់នៅរបស់ប្តីក្រោមការឃុំគ្រងរបស់កងទ័ពថៃ។ អាការៈនេះ រឹតតែធ្ងន់ធ្ងរ ដោយអួលណែន និងថប់បារម្ភ រាល់វិនាទីដែលគាត់ត្រូវឆ្លើយតបនឹងសំណួររបស់កូនស្រីទាំងពីរ ដែលតែងតែសួរថា «តើប៉ាទៅណាយូរម៉េស?»។
ស្របពេលជាមួយគ្នា អ្នកស្រី សៃចៃ បានចោទជាសំណួរថា តើភាគីថៃបន្តឃុំខ្លួនកងកម្លាំងកម្ពុជាទាំង១៨នាក់ ក្នុងគោលបំណងអ្វី ខណៈបទឈប់បាញ់រវាងប្រទេសទាំងពីរ បានកន្លងទៅជិត២ខែទៅហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
នៅខេត្តស្ទឹងត្រែង អ្នកស្រី រស់ ណាន ភរិយាកងទ័ពខ្មែរម្នាក់ទៀត ឈ្មោះ ផាន់ កៀន ដែលត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ក៏បានលើកឡើងដែរថា ជារៀងរាល់ថ្ងៃ រូបគាត់មានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរបស់ប្តីអ្នកស្រី និងទាហានខ្មែរ១៧នាក់ទៀត ដោយមិនដឹងថា ទាហានថៃអាចនឹងមានការធ្វើបាប ឬធ្វើទុក្ខបុកម្នេញទៅលើទាហានខ្មែរដែរឬយ៉ាងណា។
ស្រី្តវ័យ២៤ឆ្នាំរូបនេះ រៀបរាប់ថា៖ «គិតច្រើនពេក ពេលខ្លះដល់ថ្នាក់យើងដេកអត់លក់ និយាយទៅមួយយប់ទាល់ភ្លឺ ពេលខ្លះដល់លេបថ្នាំងងុយគេងបានគេង។ ហើយសុខភាពចុះខ្សោយខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដេកទាំងឈឺហើយគិតច្រើន ជាពិសេសអាការៈខ្ញុំផ្ទាល់ភាគច្រើន ខ្ញុំឈឺក្បាលហើយបេះដូង។ បេះដូងធ្វើទុកខ្លាំង ហើយក្បាលវិញ ពេលណាគិតច្រើនទៅដូចមនុស្សឆ្កួតចឹង ពេលណុងភ្លេចភ្លាំងអីអស់ហើយភ័យពេក អាណិតប្ដី ហើយបារម្ភ មិនដឹងគាត់អីម៉េចៗ ហើយខ្លាចគេធ្វើបាបប្ដី»។
យ៉ាងណា ភាពតក់ស្លុតនិងការភ័យខ្លាចរបស់អ្នកស្រី បានកាត់បន្ថយខ្លះ នៅពេលដែលនាងទទួលបានសំបុត្រពីប្ដី តាមរយៈកាកបាទក្រហមអន្តរជាតិ ដែលបានចុះសួរសុខទុក្ខពួកគេដោយផ្ទាល់នៅប្រទេសថៃ កាលពីដើមខែកញ្ញាកន្លងទៅនេះ។
ក្នុងខ្លឹមសារនៃសំបុត្រដែលដាក់កាលបរិច្ឆេទថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នោះ បញ្ជាក់ថា ប្តីរបស់អ្នកស្រីមានសុវត្ថិភាព ហើយមិនមានការវាយដំលើរូបរាងកាយណាមួយពីសំណាក់យោធាថៃនោះទេ។
បើទោះជាអានសំបុត្រនោះរួច បានធ្វើឱ្យអ្នកស្រីធូរចិត្តខ្លះ ប៉ុន្តែអ្នកស្រីនៅតែបារម្ភពីប្តី និងបានអំពាវនាវដល់ភាគីថៃ ដោះលែងទាហានខ្មែរទាំង១៨រូបនោះ ឱ្យបានឆាប់ ដើម្បីបានជួបជុំគ្រួសារវិញ ជាពិសេសក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។
អ្នកស្រី រស់ ណាន និយាយថា៖ «ខ្ញុំសំណូមពរឱ្យខាងថៃ ឆាប់ដោះលែងគាត់មកវិញ ហើយខ្ញុំជឿជាក់ខាងរដ្ឋាភិបាលយើង ថា គាត់នឹងជួយឱ្យកងទ័ពទាំង១៨នាក់យើង បានត្រលប់មកវិញ ព្រោះខែហ្នឹងបុណ្យទៀន ស្រណោះណាស់»។

រីឯអ្នកស្រី សំ ឆុន អាយុ៣០ឆ្នាំ ជាម្ដាយមីងរបស់យុទ្ធជនពលីមួយរូប គឺលោក សំ សុគង់ឆាត ដែលមានវ័យ១៩ឆ្នាំ និយាយថា រូបគាត់នៅតែនឹកស្រណោះដល់ក្មួយដែលមករស់នៅជាមួយតាំងពីរៀនថ្នាក់ទី០៨ បន្ទាប់ពីយាយរបស់គេ លែងមានលទ្ធភាពចិញ្ចឹមបន្ត។
ក្នុងរដូវភ្ជុំនេះ អ្នកស្រីនិយាយថា ខ្លួនមានក្តីនឹកស្រណោះដល់ក្មួយប្រុស ជាពន់ពេក ដោយសារតែធ្លាប់ជួបជុំគ្នា ទៅវត្តធ្វើបុណ្យរួមគ្នា ប៉ុន្តែពេលនេះក្មួយប្រុសរបស់អ្នកស្រីបានលាចាកលោកឆ្ងាយហើយ។
អ្នកស្រីបន្តថា៖ «សព្វថ្ងៃភ្លេចភ្លាំង នៅតែយំ។ ស្រណោះត្រង់ថា កាលវានៅរស់ វាឃ្លាន ចង់មកផ្ទះចង់ហូបឆ្ងាញ់ មិនទាន់នឹងបានមកផង គ្នាបាត់បង់ជីវិត ឃ្លានធូរេន ឃ្លានបង្កង មីងអឺយខ្ញុំស្គមណាស់ [អំឡុងពេលចូលបម្រើទាហាន] ។ […] ថ្ងៃដែលវាជិតស្លាប់ វាទាក់ទងមក មីងអឺយ ខ្ញុំស្គមណាស់មីង ខ្ញុំមិនដែលបានហូបបាយទេ ខ្ញុំហូបតែមី»។
ជាអ្នកស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ អ្នកស្រី ឆុន បន្ថែមថា គាត់បានទៅវត្តធ្វើបុណ្យ ឧទ្ទិសកុសលជូនក្មួយរបស់ខ្លួន បានចំនួន៥ វត្តហើយ និងគ្រោងឱ្យបាន៧វត្ត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ នៅថ្ងៃទី២៦ ខែកញ្ញា ក្នុងខួបរយៈពេលពីរខែ នៃការពលីរបស់យុទ្ធជន គង់ឆាត គ្រួសារអ្នកស្រី នឹងធ្វើបង្សុកូលដល់យុទ្ធជន សុគង់ឆាត។
បើតាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោក ច័ន្ទ សុភ័ក្ត្រា កងទ័ពថៃបានចាប់ខ្លួនទាហានកម្ពុជាចំនួន ២០រូប នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយកម្ពុជា-ថៃ បានព្រមព្រៀងអនុវត្តបទឈប់បាញ់ បាន៨ម៉ោង។
កាលណោះ យោធាថៃបានប្រើកលល្បិចបោកបញ្ឆោតទាហានកម្ពុជា ដែលនៅក្នុងលេណដ្ឋាននៅសមរភូមិបុស្បូវ ដោយស្នើសុំឱ្យពួកគេថតរូបទុកជាអនុស្សាវរីយជាមួយក្រុមទាហានថៃ បន្ទាប់ពីបទឈប់បាញ់ ប៉ុន្តែភ្លាមៗនោះស្រាប់តែទាហានថៃមួយក្រុមទៀត បានលបចេញពីក្នុងព្រៃ ហើយភ្ជង់កាំភ្លើងពីក្រោយកងទ័ពកម្ពុជា និងបានចាប់ខ្លួនទៅតែម្តង។
យ៉ាងណា ក្រោយពីមានប្រតិកម្មពីរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិដែលទាមទារឱ្យភាគីថៃ ដោះលែងទាហានខ្មែរទាំងនោះមកវិញ នៅដើមខែសីហា ទាហានថៃ បានដោះលែងទាហានខ្មែរចំនួន២នាក់មកវិញ ទាំងក្នុងស្ថានភាពសុខភាពមិនល្អប្រសើរ ហើយចំណែកឯទាហានខ្មែរដែលនៅសល់ចំនួន ១៨នាក់ទៀត បន្តស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃ គិតមកដល់ថ្ងៃទី២០ ខែកញ្ញានេះ។
កាលពីពាក់កណ្ដាលខែសីហា និងដើមខែកញ្ញានេះ ក្រុមការងារកាកបាទក្រហមអន្តរជាតិ (ICRC) ធ្លាប់ចុះសួរសុខទុក្ខទាហានកម្ពុជាទាំង១៨នាក់ ដោយផ្ទាល់នៅប្រទេសថៃ តាមការស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ជុំវិញបញ្ហានេះ ពីភាគីកម្ពុជា។
បើតាម លោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលបានថ្លែងប្រាប់មន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែកញ្ញា នោះ បានអះអាងថា ទាហានកម្ពុជាទាំង១៨នាក់ ដែលស្ថិតក្រោមការឃុំគ្រងរបស់ថៃ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។
លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ទៅកាន់កងទ័ពទាំងនោះ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញផងដែរ។
តែយ៉ាងណា លោកថា៖ «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ មិនអាចសូមការអត្ថាធិប្បាយបានទេ ជុំវិញដំណឹង និងស្ថានភាពថ្មីៗនេះរបស់កងកម្លាំងកម្ពុជាទាំង១៨នាក់ ដែលស្ថិតក្រោមការឃុំគ្រងរបស់ថៃ។
ចំណែក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា ដែលតែងតែធ្វើសន្នីសីទសារព័ត៌មានពីការវិវឌ្ឍន៍នៃស្ថានភាពព្រំដែន និងការអនុវត្តបទឈប់បាញ់នោះ បានគូសបញ្ជាក់ថា កម្ពុជា និងសហគមន៍អន្តរជាតិ នៅតែបន្តទាមទាររហូតដល់ភាគីថៃ គោរពតាមច្បាប់អន្តរជាតិ ដោយប្រគល់កងទ័ពកម្ពុជា១៨នាក់ ត្រលប់មកវិញ។

ក្នុងរដូវភ្ជុំបិណ្ឌ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានទាហានថៃចាប់ខ្លួន ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាល ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត សេចក្តីសុខសុវត្ថិភាព និងព្យាយាមឱ្យដោះលែងកងកម្លាំងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា លោកបានដឹងពីទឹកចិត្តរបស់គ្រួសារកងកម្លាំងទាំង១៨រូប ដែលមានក្តីបារម្ភ និងទន្ទឹងរងចាំស្វាមី រងចាំកូន និងរងចាំគូរដណ្តឹងជាដើម ហើយរដ្ឋាភិបាលក៏ដូចគ្នា តែងតែព្យាយាមក្នុងការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងទាមទារជារឿយៗទៅភាគីថៃ ឱ្យដោះលែងពួកគេឱ្យមានសេរីភាពវិញ វិលមកជុំគ្រួសារឱ្យបានឆាប់។
លោកថ្លែងថា៖ «ថ្ងៃនេះជាថ្ងៃបិណ្ឌ១២ តាមពិតថ្ងៃបុណ្យភ្ជុំបិណ្ឌជាឱកាសនៃការជួបជុំគ្រួសារ ហើយយើងក៏ កន្លងទៅកងទ័ពរបស់យើងដែលបានប្រជុំជាមួយភាគីថៃនោះ ក៏បានយកចិត្តទុកដាក់ក្នុងការព្យាយាមស្នើសុំ ឱ្យមានការដោះលែងជាមនុស្សធម៌ ឱ្យបងប្អូនទាំង១៨រូប បានត្រឡប់មកជួបជុំគ្រួសារ ប៉ុន្តែចម្លើយមកដល់ពេលនេះ នៅមិនទាន់មានចម្លើយជាវិជ្ជមាននៅឡើយ ទោះជាយ៉ាងណា ក៏យើងនៅបន្តខិតខំដើម្បីរកវិធីឱ្យមានការដោះលែង ឱ្យគាត់មានសេរីភាពនៅពេលឆាប់ៗដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃទី០៤ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្វែងរកកិច្ចអន្តរាគមន៍ពីខាងកាកបាទក្រហមអន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ ដែលយោធាថៃចាប់ខ្លួន ក្រោយបទឈប់បាញ់ ឱ្យមកមាតុប្រទេសវិញឱ្យបានឆាប់បំផុត។
ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ប្រមុខការពារជាតិកម្ពុជា និងថៃ ក៏បានឯកភាពគ្នាចំនួន១៣ចំណុច ក្នុងនោះ ភាគីទាំងពីរក៏បានយល់ស្របគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការប្រព្រឹត្តដាក់ទាហានដែលត្រូវបានចាប់ខ្លួន រាប់បញ្ចូលទាំងស្ថានភាពរស់នៅ កន្លែងជ្រកកោន ស្បៀងអាហារ និងការថែទាំសុខភាពក្នុងករណីរងរបួស។ ទាហានដែលត្រូវបានចាប់ខ្លួន គួរតែត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ក្រោយអរិភាពនានាត្រូវបានបញ្ឈប់ ស្របតាមមាត្រា១១៨ នៃអនុសញ្ញាហ្សឺណែវឆ្នាំ១៩៤៩ និងបញ្ញត្តិ១២៨(A) នៃច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នកវិភាគនយោបាយលោក មាស នី ថ្លែងថា ការឆ្មក់ចាប់ទាហានកម្ពុជាទាំង១៨នាក់ ទំនងជាយុទ្ធសាស្រ្តរបស់ថៃ ដើម្បីមានប្រៀបក្នុងការចរចាជាមួយកម្ពុជា លើរឿងអ្វីមួយ។ លោកយល់ថា កងទ័ពខ្មែរទាំងនោះ អាចនឹងជាប់ឃុំឃាំងរយៈពេលយូរ ប្រសិនបើភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ នៅបន្តអូសបន្លាយបែបនេះ។
លោកនិយាយថា៖ «ខ្ញុំគិតថា ជាចេតនារបស់ថៃដែលគេធ្វើឡើងដើម្បី រៀបចំធ្វើម៉េចឱ្យទោះបីឈប់បាញ់គ្នាកើតមាន ប៉ុន្តែគេនៅតែមានប្រៀប ដែលគេចាប់ទុក។ ចឹងបានគេមក ចាប់ឆៅៗនៅក្នុងខ្សែត្រៀមរបស់យើង។ ដ៏រាបណាការចរចាតាមព្រំដែនមិនមានភាពប្រសើរឡើងទេ ពួកគាត់នឹងអាចនៅយូរ»។
បើតាមអ្នកវិភាគរូបនេះ ប្រសិនបើចង់ឱ្យកងទ័ពខ្មែរ១៨នាក់ ឆាប់បានវិលត្រលប់មកវិញនោះ កម្ពុជា ត្រូវពឹងពាក់ប្រធានអាស៊ាន គឺនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី រួមទាំងសហរដ្ឋអាមេរិក ឱ្យជជែកជាមួយប្រទេសថៃ។
ក្នុងខួបមួយខែនៃការចាប់ខ្លួនទាហានកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ ចំនួន៧៣ស្ថាប័ន ក៏បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងប្រទេសវិញ។
ពួកគេបានលើកឡើងថា៖ «ការបន្តឃុំខ្លួនទាហានកម្ពុជាទាំងនេះ គ្រាន់តែជាការបន្តបញ្ឆេះភាពតានតឹងរវាងប្រទេសទាំងពីរ និងរារាំងដំណើរការផ្សះផ្សារវាងប្រទេសជិតខាងទាំងពីរ ដែលត្រូវធ្វើ ដើម្បីកសាងសុខសន្តិភាពរួមគ្នាមួយដែលឋិតថេរ និងយូរអង្វែងតទៅ។ យើងខ្ញុំសូមអំពាវនាវដល់កងទ័ពភូមិន្ទថៃ និងរាជរដ្ឋាភិបាលថៃ សូមចាត់វិធានការចាំបាច់ ដើម្បីសុខសន្តិភាព ដោយត្រូវដោះលែង និងបញ្ជូនទាហានកម្ពុជាទាំង ១៨ នាក់ ត្រឡប់មកកម្ពុជាវិញ ជាបន្ទាន់»។
បើទោះមានសង្ឃឹមតិចតួចថានឹងបានជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ អ្នកស្រី កន សៃចៃ ភរិយារបស់ទាហានខ្មែរឈ្មោះ ជៀវ ប៊ុនឈុង នៅតែអំពាវនាវដល់ភាគីថៃ ដោះលែងស្វាមីរបស់គាត់ និងទាហានខ្មែរទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់ ដើម្បីបានធ្វើបុណ្យរួមគ្នាដូចឆ្នាំមុនៗ។
អ្នកស្រីនិយាយថា៖ «ដោះលែងពួកគាត់មកវិញមក ព្រោះគ្រួសារពួកគាត់កំពុងរងចាំ ចាប់ទាហានកម្ពុជាទៅ ដោយអត់មានច្បាប់ទម្លាប់ចឹង។ សូមឱ្យដោះលែងឆាប់រហ័សមកវិញ។ […]រឿងផ្ទៃក្នុងរបស់គាត់ (ថៃ) គឺខ្ញុំអត់ដឹងទេ តែសុំកុំចាប់ពួកគាត់ទុកធ្វើចំណាប់ខ្មាំង ទុកធ្វើអី ព្រោះពួកគាត់អត់ដឹងអីទេ»៕