កម្ពុជា​ស្នើ​​​សហគមន៍អន្តរ​ជាតិ​ជួយ​​ជំរុញទៅ​ភាគីថៃ​គោរពបទ​ឈប់​បាញ់ និងបញ្ឈប់​ការ​​ប្រើកម្លាំង​​​ប្រឆាំង​ជន​ស៊ីវិល​

ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា ស្នើ​ដល់​ប្រធានអាស៊ាន និងមេដឹកនាំពិភពលោក ព្រមទាំង​​​អគ្គលេខា​ធិការ​​អង្គ​ការ​​សហ​​ប្រជា​ជាតិ ​ជំរុញ​​​ទៅ​​ភាគី​ថៃឱ្យ​​គោរព​​បទ​ឈប់​បាញ់ បញ្ឈប់​​ការ​ប្រើ​កម្លាំង​​ប្រឆាំង​​ជន​ស៊ីវិល និង​បញ្ឈប់​​​​​ការ​ប្រើ​ប្រាស់​​ឬគ្រោង​​​​ប្រើ​ប្រាស់​កម្លាំង​​យោធា​ដើម្បីកំណត់​​​ខណ្ឌ​សីមាព្រំ​ដែន​ដោយ​ឯកតោ​ភាគី ក្រោយ​ពី​កម្លាំង​ចម្រុះ​របស់​ថៃ​​បាន​​ប្រើ​ប្រាស់​ហិង្សា​​​​លើ​ពលរដ្ឋ និង​ព្រះ​សង្ឃ​ខ្មែរ​នៅភូមិ​ព្រៃចាន់ បណ្តាល​​​ឱ្យ​​រងរបួស​ជិត ៣០អង្គ/នាក់។

កាលពី​រសៀល​​​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ កង​កម្លាំង​យោធា និង​ក្រុម​ប៉ូលីស​បង្ក្រាប​បាតុកម្ម​របស់ថៃ​ ដែលមានអាវុធ​គ្រប់ដៃ បានធ្វើសកម្មភាព​ចូលទៅរាយបន្លា​លួស​នៅភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ និង​បាន​​ប្រើប្រាស់​​ហិង្សា​លើព្រះសង្ឃ និង​​​​ពលរដ្ឋខ្មែរ បណ្តាល​ឱ្យ​រង​របួស​ចំនួន ២៨​អង្គ/នាក់។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។​

ក្រោយហេតុការណ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសុំ​​ការ​គាំទ្រពី​ប្រ​ធាន​អាស៊ាន និង​ថ្នាក់​ដឹក​នាំពិ​ភព​លោក ព្រម​ទាំង​​​​​អគ្គ​លេខា​ធិការ​​​អង្គ​​ការ​​​សហ​​ប្រជា​ជាតិ​ ជុំវិញ​បញ្ហាជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ។

ក្នុង​​លិខិតផ្ញើ​ជូនលោក​ António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ចុះ​ថ្ងៃ​ទី​១៧ ខែ​​កញ្ញា ​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ពី​ស្ថាន​ការណ៍ថ្មី​ៗ​ នៅតាម​តំបន់ព្រំដែន​កម្ពុជា-ថៃ ដែលកម្លាំង​យោធាថៃ​ មិន​បាន​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ហើយថែមទាំង​បាន​ពង្រីក​តំបន់​ជម្លោះ តាមរយៈ​ការ​​​រាយ​​បន្លា​លួស​ ដាក់របាំង​ឃាំង ចេញឱសានវាទ​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញពីដី​លំនៅ​ដ្ឋាន​ដែល​ពួកគេ​បានរស់​នៅ​ជា​យូរ​លង់​មកហើយ នៅភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ។

លិខិតដដែលនោះ បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២៥គ្រួសារ ត្រូវបានយោធា​ថៃ​​រារាំង​មិន​ឱ្យ​ចូល​ផ្ទះសម្បែង និង​ស្រែ​ចម្ការរបស់​ពួកគេ ហើយ​ថ្មីៗ​នេះ អ្នកនាំពាក្យ​យោធា​ថៃ ក៏បាន​គំរាម​​កំហែង​ថានឹង​​​​ធ្វើការ​បណ្តេញ​ចេញ​ថែម​ទៀតនា​ពេល​ដ៏ខ្លី​ខាង​មុខ ដែល​នឹង​ប៉ះពាល់​ដល់​អ្នកភូមិ​រាប់​រយ​គ្រួសារ ដែលមានសមាជិក​សរុប​ជាង ១០០០នាក់។ ហើយ​បើផ្អែក​តាមប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​បាន យោធា​ថៃ​មានបំណង​ប្រើ​ប្រាស់​កម្លាំង​ ដើម្បី​ដណ្តើម​យក​ដី​នៅទីតាំង​ចំនួន ១៧​ផ្សេង​ទៀត​ ក្នុង​តំបន់​ ចាប់ពី​ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​កោះកុង ដែលស្ថិត​នៅ​ប៉ែក​ខាង​លិច និង​ប៉ែកនិរតីនៃ​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ​ផែនទីគូស​ដោយ​ឯកតោភាគី​​​ខ្នាត​១លើ​៥០​ពាន់។

ការណ៍នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ស្នើ​ដល់​ប្រធាន​អាស៊ាន និង​សហគមន៍​អន្តរជាតិ ជួយជំរុញ​ទៅប្រទេស​ថៃ ឱ្យ​ប្រកាន់​ខ្ជាប់​ចំពោះបទឈប់បាញ់ និងកិច្ចព្រម​ព្រៀង​​ពាក់ព័ន្ធ​ដែល​សម្រេច​បាន​​នៅ​ទីក្រុង​ពុត្រា​ចាយ៉ាង និងកិច្ច​ប្រជុំ​GBC និង RBC នា​ពេល​ថ្មីៗនេះ ហើយបញ្ឈប់ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ជា​ឯកតោ​ភាគី ដែល​អាច​បង្កើន​ភាព​តាន​តឹង និងពង្រីក​ទំហំ និង​វិសាលភាព​នៃ​ជម្លោះ។​

លិខិតដដែលនោះ ប្រមុខរដ្ឋាភិបាល​កម្ពុជា ក៏ស្នើ​ឱ្យជំរុញទៅភាគី​ថៃ​ហាម​ប្រើកម្លាំង​ប្រឆាំង​​​​​​ជន​​ស៊ីវិល​និង​ទ្រព្យ​សម្បត្តិ, រុះរើ​ឧបសគ្គ​ដែល​ទើប​ដាក់ថ្មីៗ ដូចជា​បន្លាលួស សំបក​កង់​ឡាននៅ​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​បាននិងកំពុង​រស់នៅ, បញ្ឈប់ផែនការ​បណ្តេញ​ចេញដោយ​បង្ខំ​និង​អនុញ្ញាតឱ្យ​ពលរដ្ឋ​ខ្មែរ ​ដែលបានបណ្តេញ​ចេញរួច​បានត្រឡប់ទៅ​ផ្ទះវិញ, បញ្ឈប់​កា​រប្រើ​ប្រាស់ឬគ្រោង​ប្រើ​ប្រាស់​កម្លាំង​យោធា ដើម្បី​ការ​កំណត់​ខណ្ឌ​សីមាព្រំដែន​ជា​ឯកតោ​ភាគី និង​ដោះលែង​ជាបន្ទាន់​នូវ​យោធិន​កម្ពុជា​ទាំង ១៨រូប ដែលកំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់ភាគី​ថៃ។​

លិខិត​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់ទៀត​ថា៖ «ខ្ញុំសង្ឃឹមជឿ​ជាក់​ថា ឯកឧត្តមនឹង​ពិចារណា​ផ្តល់ការ​គាំទ្រ​ដ៏​មានតម្លៃ​ តាមរយៈ​យន្តការ​សម​ស្រប ដើម្បី​ជួយ​ជំរុញ​ការ​អនុវត្ត​ឱ្យ​បានពេញ​​​លេញ​ និងប្រសិទ្ធ​ភាព​នូវ​បទ​ឈប់​បាញ់ និងកិច្ចព្រម​ព្រៀង​​​នានា​​ដែល​កម្ពុជា​-ថៃបាន​សម្រេច»។

ជាមួយគ្នានោះ លោក​បានអះអាង​ជាថ្មី​ទៀត​ថា កម្ពុជាប្តេជ្ញា​ដោះស្រាយ​វិវាទព្រះ​ដែន​​​ដោយ​​​​​សន្តិ​វិធី​ស្រប​តាមច្បាប់​អន្តរជាតិ និង​ធ្វើការ​ជាមួយ​ថៃ និង​អាស៊ាន ដើម្បីរក្សា​ស្ថិរភាពជុំវិញ​​​កិច្ច​សហប្រតិបត្តិ​ការ​ និង​លើកកម្ពស់​សុខុមាល​ភាព​​របស់​ប្រជាពលរដ្ឋ​នៃប្រទេស​ទាំង​​​២។

ជុំវិញ​ករណី​កម្លាំង​ចម្រុះរបស់ថៃ បាន​ប្រើហិង្សា​លើ​ប្រជាពលរដ្ឋ និងព្រះសង្ឃ​ នៅ​ភូមិ​ព្រៃ​ចាន់ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាំពាក្យក្រសួង​ការពារជាតិ លោកស្រី ម៉ាលី សុជាតា បាន​​​​​ឱ្យ​ដឹងថា កង​កម្លាំង​ចម្រុះ​របស់​ភាគី​ថៃ រួម​មាន កម្លាំង​តម្រួត​ព្រំដែន ទាហាន​ប៉ារ៉ា ទាហាន​​ឈុត​ខ្មៅ នគរបាល និង​ប្រជាពលរដ្ឋ​ស្រុក​គោក​ធ្យូង ចំនួន​ប្រហែល​៣០០​នាក់​ មាន​អាវុធ​គ្រប់​ដៃ និង​មាន​ឧបករ​ណ៍ស​ម្រាប់​ទប់​ស្កាត់​បាតុ​កម្ម បាន​ចូល​មក​ធ្វើ​សកម្ម​ភាព​រាយ​​​បន្លា​លួស នៅ​ភូមិ​ព្រៃ​ចាន់។

លោកស្រី បន្តថា ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផងដែរ​​ កងក​ម្លាំង​ចម្រុះ​​​របស់​ថៃ បាន​ប្រើ​រថយន្ត​បំពាក់ឧបករណ៍​សំឡេង​​ ធ្វើ​ឱ្យ​​ប៉ះ​ពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ក្រដាស់​​ត្រចៀក និង​ប្រព័ន្ធ​ខួរ​ក្បាល ព្រម​ទាំង​បាន​បង្ក​​អំពើហិ​ង្សាទៅ​លើ​ប្រ​ជាពលរដ្ឋ​ខ្មែរ ដោយ​បាន​ប្រើ​ប្រាស់​ឧបករណ៍បង្ក្រាប​បាតុកម្ម និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស​ធ្ងន់​និងស្រាល។

លោកស្រី​ចាត់​ទុក​ទង្វើ​របស់​ភាគី​ថៃ​នៅ​ពេល​នេះ​ថា៖ «ទង្វើ​របស់​​ក​ងក​ម្លាំង​ចម្រុះរ​បស់​ភាគី​ថៃ គឺ​ជា​ការ​រំលោភ បំពា​នយ៉ា​ង​ធ្ងន់​ធ្ងរ​លើ​ស្មារតី​នៃប​ទ​ឈប់​បាញ់ និង​គោល​ការណ៍​ទាំង​ឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា នៅ​ក្នុង​កិច្ច​ប្រជុំ​GBCនិងRBCទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញា​សឹក​និងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់​ធ្ងរ​មក​លើ​អធិប​តេយ្យកម្ពុជា និងច្បាប់អន្តរ​​ជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត”។

​លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ Press Start Cambodia នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ​តាម​​តេឡេ​ក្រាម​ថា ​ប្រជា​ពលរដ្ឋ កង​កម្លាំង​ប្រដាប់អាវុធ និង​ព្រះស​ង្ឃខ្មែ​រ ដែល​រង​របួ​ស​ធ្ងន់និ​ង​ស្រាលក្នុង​ហេតុការណ៍​នោះ បានកើនឡើង​ដល់​ ២៩​អង្គ/​នាក់ ក្នុង​នោះមា​ន​ស្រ្តីចំ​នួន​​២នាក់ ហើយ​ពេល​នេះពួកគាត់​​កំពុង​​ទទួល​ការ​ព្យាបាលនៅមន្ទីរ​ពេទ្យ​បង្អែក​ស្រុក និងខេត្ត។

លោកបន្ត​ថា៖ “ខេត្តស្រះកែវ មកដល់ពេលនេះ មិនទាន់ឆ្លើយតបអ្វីទេ”

ពលរដ្ឋមួយចំនួនដែល​​រង​គ្រោះដោយសារ​ការ​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​របស់​កម្លាំង​ចម្រុះថៃ និងកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ​​បាន​​ផ្តល់​​បទ​សម្ភាសន៍​​​ដល់​​សារ​​ព័ត៌​មាន​ BTV និងសារព័ត៌មាន​ក្នុង​ស្រុក ដោយ​​បា​នរៀ​ប​រាប់​ពី​ហេតុ​ការណ៍ និងក្តី​ឈឺចា​ប់​ចំពោះ​ទង្វើ​ឃោរឃៅ​របស់​​កម្លាំង​យោធាថៃ។

ក្នុង​នោះ ស្រ្តីរង​គ្រោះម្នាក់ បាននិយា​ថា អ្នកស្រី​មាន​ក្តី​ឈឺចាប់​ជា​ខ្លាំង​ដែល​កង​កម្លាំង​ថៃ បានរាយបន្លា​លួស​​​រំលោភលើដីខ្មែរ និង​បាន​ប្រើ​ប្រាស់​​ហិង្សា និង​​​​ជេរ​​ប្រមាថ​​មក​​លើ​​ថ្នាក់​ដឹក​នាំ ព្រះ​សង្ឃ ទាហាន និង​ពលរដ្ឋ​​​ខ្មែរ។ បើ​ទោះជា​អ្នកស្រី​រង​គ្រោះ​​ដោយ​ការ​បង្ក្រាប​ពីសំណាក់​​កម្លាំង​ចម្រុះ​ថៃ​ក៏ដោយ ក៏អ្នកស្រី​​​នៅ​តែប​ន្ត​ចូល​រួម​​ការ​​ពារ​ទឹក​​ដី​ខ្មែរ ពី​ការ​​ឈ្លាន​ពាន​​រប​ស់​ថៃ​ដដែល។​

អ្នក​ស្រី​និយាយ​​ថា៖ «ខ្ញុំអត់ខ្លាចស្លាប់! ពី​មុនខ្ញុំរត់ ឥលូវឈប់រត់ហើយ ព្រោះខ្ញុំមេម៉ាយ ខ្ញុំអ​ត់​ខ្លាច​អ្វី​ទាំង​អស់ ខ្ញុំចិញ្ចឹម​កូន​ពីនា​ក់​តែ​ឯង​ទៀត! ចឹ​ង​បើ​សិន​ខ្ញុំ​ស្លាប់​ ក៏​ខ្ញុំ​មាន​ន័យ​ដែរ ព្រោះដី​​ខ្មែរ​របស់​ខ្ញុំ ប្រទេស​ខ្ញុំ ហើយបងប្អូនរបស់ខ្ញុំខ្មែររួមជាតិទាំងអស់គ្នា។ ខ្ញុំចង់ឲ្យគេឃើញថា វាធ្វើបាប​ខ្មែរយើងណាស់ ឈឺចាប់ណាស់ វាយកដីប្រជាជន​យើង វាប្រមាថនាយករដ្ឋមន្រ្តីយើង វាប្រមាថលោកសង្ឃ វាប្រមាថប្រជាពលរដ្ឋ វាប្រមាថទាហាន បារម្ភពួកបងប្អូនឈឺចាប់អត់ដែលវាប្រមាថយើងនៅតទល់មុខវានេះ ហើយពួកយើងអត់មានអីទេ មានតែដំបងទេ!”។

រីឯអ្នកភូមិ​ព្រៃចាន់មួយ​រូបទៀត ដែលរង​គ្រោះ​ដោយ​សារការ​បង្ក្រាប​របស់​កម្លាំង​ចម្រុះថៃ និង​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ដែរនោះ បានឱ្យ​ដឹងថា ​កម្លាំង​ចម្រុះ​ថៃ បាន​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​ផ្សែង​ពុល ដែលធ្វើ​​ឱ្យ​ពួកគាត់​មានអាការៈពិបាក​ដក​ដង្ហើម ក្តៅខ្លួន​​ និង​ឈឺក្បាលជាដើម។  ​

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​ចាត់​ទុក​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​របស់​យោធា​ថៃ ម​ក​លើ​​ពលរដ្ឋ​កម្ពុជា ថា​ជា​កា​រ​រំលោភ​ទៅ​លើសិ​ទ្ធិ​មនុស្សធ្ងន់ធ្ងរ​​។

សេចក្តីថ្លែង​ការណ៍​នោះ​ បាន​លើកឡើង​ថា៖ «សកម្មភាព​របស់​ទាហាន​ថៃ បាន​និ​ង​កំពុង​ប​ង្ក​ឲ្យ​មាន​ផល ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​សិទ្ធិ និង​សេរី​ភាព​ជាមូ​លដ្ឋា​ន​របស់​ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេស​ច្បាប់សិទ្ធិមនុស្ស​អន្តរជាតិ ដែលប្រទេសថៃ​​ជារដ្ឋភាគី»។

អ្នកវិភាគសង្គម និងនយោបាយ លោក ប៉ោ មករា ​កត់​សម្គាល់​ថា បើទោះបី​ជាមាន​​​ប​ទ​​ឈប់បាញ់​​រវាង​​ប្រទេស​​ទាំង​​ពីរ​​មក ប៉ុន្តែ​​ភាគី​​​ថៃ​នៅ​តែរំលោភ​លើ​ដែនអធិបតេយ្យ​កម្ពុជា និង​​ធ្វើ​សកម្មភាព​​​រំលោភ​​​លើ​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ​តាម​បណ្តោយ​ព្រំដែន។ លោក​​បន្ត​ថា កម្ពុជាគួរតែប្រើប្រាស់នូវយន្តការ​ផ្នែក​ច្បាប់​ និង​យន្តការ​អន្តរ​ជាតិ ដើម្បីអាច​ដាក់​​បន្ទុក​ឲ្យ​ថៃ​គោរព​បទ​ឈប់បាញ់​ គោរព​សិទ្ធិ​មនុស្ស ​និង​គោរព​ដែន​​អធិបតេយ្យភា​ព​កម្ពុជា។

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងសង្កេតឃើញកន្លងមក ចាប់តាំងពីមានបទឈប់បាញ់រហូតដល់ពេល​នេះ អ្វីដែ​លភា​គី​ថៃ​រំលោភ​បំពាន​ហ្នឹង គឺ​ការ​រុក​គួន ធ្វើទុកបុកម្នេញប្រជាពលរដ្ឋរបស់កម្ពុជានៅតាមបណ្តោយព្រំដែន ដែល​វា​ធ្វើ​ឲ្យពួ​កគា​ត់​ហ្នឹង​រង​ទុក្ខ​ផ្នែក​ខាង​សិទ្ធិ​រស់​រាន​មានជីវិត អញ្ចឹង​បើ​យើង​និយាយ​ពី​សិទ្ធិ​រស់​រាន​មាន​ជីវិត យើង​នឹក​ឃើញ​ពី​មុខ​របរ​របស់​​គាត់ ទីជម្រករបស់គាត់ ការរស់នៅដោយមិនភ័យខ្លាច។ អញ្ចឹងបញ្ហាទាំងអស់នេះ ជាការ​ព្រួយបារម្ភរបស់ពួកគាត់ ហើយរដ្ឋាភិបាលអាចយកបញ្ហានេះ ទៅដាក់បន្ទុកឲ្យផ្នែកសិទ្ធិមនុស្ស​ធ្វើការរឿងនេះ ដើម្បី​ជំរុញឲ្យភាគីថៃគោរពសិទ្ធិមនុស្សជាអន្តរជាតិ»។

លោកអះអាងបន្ថែមថា យន្តការការទូតនៅតែមានសារៈសំខាន់ ដោយរាប់បញ្ចូលនូវក្របខណ្ឌ​​គតិយុត្តិអន្តរជាតិ ដូចជា តុលាការក្រុងឡាអេ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងយន្តការអាស៊ាន​ជាដើម៕

អត្ថបទគួរឱ្យចាប់អារម្មណ៍