ក្រុមយុវជនបង្ហាញនូវក្តីបារម្ភពីសុវត្ថិភាពខណៈសិទ្ធិបញ្ចេញមតិកាន់តែរួមតូច

យុវជនជិត២០០នាក់ មកពីសាកាលវិទ្យាផ្សេងៗគ្នាក្នុងក្រុងភ្នំពេញ បានដាក់ក្តីបារម្ភថា​ពួក​គេ​ហាក់​មិ​​នសូវមានសុវត្ថិភាពឡើយ ក្នុងការប​ញ្ចេ​​ញមតិខណៈសិទ្ធិនេះ ត្រូវរងការរិះ​គន់ថាកំពុ​ងតែរួម​តូ​ច និ​ង​កាន់តែចង្អៀតដែលងាយនឹងរងគ្រោះ ​ប្រសិនបើការនិយាយទៅហើយនាំឱ្យភាគីម្ខាងទៀ​ត​​មិ​នស​ប្បា​​យចិត្ត ហើយអាចប្រើប្រាស់តុលាការ ក្នុងការដាក់បន្ទុកប្រឆាំងការប្រើប្រាស់សិទ្ធិនេះ ក្នុងហេតុផ​ល​ផ្សេ​​ងវិញ។

ការលើកឡើងដូចនេះ នៅចំពេលដែលក្រុមយុវជន ចូលរួមនៅក្នុងវេទិកាសម្រាប់យុវជនអន្តរជា​តិ​លើ​កទី​២៦​ កាលពីថ្ងៃទី១៣ កញ្ញា។វេទិកាដែលរៀបចំដោយសមាគមបណ្តាញយុវជនកម្ពុជា (CYN) ក្នុ​ង​​ទី​ក្រុ​ងភ្នំពេញ ស្តីពី« ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គមក្នុងសម័​យ​ឌី​​ជីថល » នេះមានយុវជនចូលរួមដែលមកពីតាមបណ្តាខេត្ត និងភ្នំពេញជិត២០០នាក់(១៨៩) បាន​បង្ហា​​ញនូវបញ្ហា និងភាពប្រឈម ដែលពួកគេបានជួបប្រទះ។

យុវតី អុល ស្រីធាន ជានិស្សិតច្បាប់ មកពីសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ បានលើកឡើងថា​​សព្វថ្ងៃនេះ រូបគេពិតជា​មានក្តីបារម្ភចំពោះការបញ្ចេញមតិនៅលើប​ណ្ដា​ញសង្គម ព្រោះវាអាចប្រ​ឈ​មនឹងការចោទប្រកាន់តាម​ផ្លូវច្បាប់។ប្រភពបន្តថាយុវជនចង់ប្រើប្រាស់សំឡេង និងអនុវត្តសិ​ទ្ធិបញ្ចេ​​ញ​​ម​តិ​ពី​បញ្ហាសង្គមជាតិរបស់ពួកគេនៅលើបណ្ដាញសង្គម ហើយថារដ្ឋាភិបាលមិនគួរចោទប្រ​កា​ន់​​​យុ​​វជ​ន​តាមផ្លូវច្បាប់ទេ ព្រោះយុវជនគ្រាន់តែបង្ហាញពីសម្លេងរបស់ពួកគេដើម្បីជាចំ​ណែ​កនៃការចូលរួមអ​ភិ​​វឌ្ឍន៍សង្គម។ 

ប្រភពបន្តថា « បើគ្រាន់តែការដែលយើងបញ្ចេញមតិនៅលើបណ្ដាញសង្គម បង្ហាញពីក្ដីកង្វល់របស់យើងនៅលើបណ្ដាញសង្គម ត្រូវបានគេចោទពីបទញុះញង់ ត្រូវបានគេចោទពីបទក្បត់ជាតិ តើយុវជនជំនាន់ក្រោយ ពន្លកដែលយើងបណ្ដុះអ្នកដែលចង់បង្ហាញសំឡេងរបស់ខ្លួនឯងទៅកាន់ជាតិ តើពួកគាត់នឹងហ៊ានដែរទេ? ច្បាស់ណាស់ពួកគាត់នឹងមិនហ៊ានបញ្ចេញមតិរបស់ពួកគាត់នោះទេ »។

ហាក់មិនខុសគ្នាឡើយ យុវជន ជា បញ្ញា ជានិស្សិតផ្នែកទំនាក់ទនងអន្តរជាតិ ឱ្យដឹងដែរថា តាមការមើលឃើ​ញសេរីភាពបញ្ចេ​​ញមតិនៅកម្ពុជានាពេលបច្ចុប្បន្ន មានការរឹតត្បឹតច្រើន និងការគំរាមកំ​ហែ​ងនូ​​វ​រូបភាពផ្សេង​ៗ​។ទាំ​ងអស់នេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋ ឬយុវជនមានការបារម្ភពីការប​ញ្ចេ​ញ​​ម​​តិ​​ណាមួយដែលពា​​​ក់ពន្ធនិងសង្គម ឬបញ្ហាជាតិ​។​

ប្រភពបន្តថា៖ «មិនគួឱ្យមានរូបភាពបែបនេះកើតឡើងទៀតទេ ព្រោះវាជាកំសោយក្នុងការចូលរួមគ្នា ក្នុងការផ្ដល់មតិយោបល់។ មិនមែនទាល់តែមន្តី្ររាជការ ឬជាអ្នកមានតួនាទី​ កាតព្វកិច្ចដោះស្រាយបញ្ហាណាមួយកើតឡើងហ្នឹង សុទ្ធតែជាអ្នកពូកែទាំងអស់ទេ គឺត្រូវដឹង ត្រូវស្វែងយល់ថា តើអ្នកនៅក្នុ​ង​ប្រទេស ក្នុងសហគមន៍ហ្នឹង តើគាត់មានចំណាប់អារម្មណ៍​ មតិ ឬវិធីសាស្រ្តក្នុងការដោះស្រាយបែ​ប​ណាចំពោះបញ្ហានៅក្នុងសហគមន៍ និងប្រទេសមួយនេះ »

របាយការណ៍ របស់អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ ( Licadho ) ស្តីពី«អ្នកជាប់ឃុំដោយប្រើសិទ្ធិ » កត់ត្រាទុកនូវទិន្នន័យ បានបង្ហាញថាពលរដ្ឋមិនតិចនាក់ទេដែល​​ត្រូវ​សមត្ថកិច្ចចា​ប់ខ្លួន បើគិតម​កដ​ល់​​ពេលនេះមានជនសង្ស័យប្រមាណ៨០នាក់កំពុងឃុំខ្លួននៅក្នុងពន្ធនាគារ​។

​ក្នុងចំណោម​ពួក​គេ​ ក្រៅ​​​​​ពីអ្នកនយោបាយ សកម្មជ​ន​​កា​​រពារបរិស្ថាន សហជីព និងអ្នកសារព័ត៌​មាន​ហើយ​ អ្នកដែលប្រើ​ប្រាស់សិទ្ធិនៅ​លើបណ្តា​ញស​ង្គ​ម តាមរយៈការប​ញ្ចេញមតិក៏​ជាផ្នែកមួយនៃ​គោ​ល​ដៅ​ ចំពោះការចា​ប់​ខ្លួន និងចោទ​ប្រកាន់​តា​ម​​​ផ្លូវតុលាការ ក៏សកម្មនេះដែរ។

ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក៏ធ្លាប់បានចេញរបាយការណ៍ស្តីពីការធ្លាក់ចុះ នៃ​សិ​ទ្ធិសេ​រី​​នៃ​ការ​បញ្ច​ញ​​មតិដូចគ្នានេះដែរ។តាមរយៈរបាយការណ៍របស់ខ្លួន CCHR កត់សំគា​ល់ឃើ​ញ​​ថា ដើម្បីបង្រ្កាប់ទៅលើសិទ្ធិ នៃការបញ្ចេញមតិនេះ ឱ្យមានប្រសិទ្ធិភាព រដ្ឋាភិបាល​ កាលពីខែកក្កដា ឆ្នាំ២០២៣ បានបង្គាប់ឱ្យក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ិនធើណិត​បិទការចូលប្រើគេហទំព័រ និងគណនីបណ្តាញ​ផ្សព្វផ្សាយសង្គមរបស់កាសែត​ ខេមបូឌា ដេលី វិទ្យុអាស៊ីសេរី និង​មូលដ្ឋាន​​ទិន្នន័យ​ Kamnotra ជាដើម។

ចំណែក លោក ម៉ើ ចាន់ដារ៉ា ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានអះអាងថា គោលបំ​ណងសំខាន់នៃការរៀបចំវេទិកានេះ គឺផ្ដលឱកាសឱ្យយុវជនទទួលបានការរៀនសូត្រពីបច្ចុប្ប​ន្ន​​ភា​ព​​នៃបច្ចេកវិទ្យាថ្មីៗ បច្ចេកទេសការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រើប្រាស់បញ្ញាសប្បនិម្មត ដើម្បីផ្ដ​ល់​​ជា​ចំណេះដឹងដល់យុវជនក្នុងការបញ្ចេញមតិដោយសុវត្ថិភាព និងជៀសផុតពីការចោទប្រកាន់តា​ម​​ផ្លូ​វច្បាប់ផ្សេងៗ។

លោកបន្តថា៖«យុវជននៅតែជាបញ្ហាអទិភាពសម្រាប់ការអភិវឌ្ឍជាតិហើយបញ្ហារបស់ពួកគា​ត់​​អ្នកប្រើប្រាស់រាល់ថ្ងៃនេះ ទោះបីបច្ចេកវិទ្យាបានដំណើរការទៅមុខដោយរលូន មានការវិវឌ្ឍរហូតដល់​៥G ផ្សេងៗ ប៉ុន្តែយើងមើលឃើញសមត្ថភាពប្រើប្រាស់របស់យុវជនសព្វថ្ងៃហ្នឹង​ក៏នៅមានកម្រិតនៅឡើ​យ​​​ដែរជាពិសេសយុវជននៅតាមជនបទដែលគាត់មិនសូវទទួលបានព័ត៌មានទាក់ទងនឹងការបច្ចុ​ប្បន្ន​ភាពទាក់ទងទៅនឹងការវិវត្តទៅនឹងបច្ចេកវិទ្យាថ្មីៗ »

គេហទំព័រ Press Start Cambodia នៅមិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បាននៅឡើយទេ។

ជុំវិញរឿងនេះ ​និយ័តករ​ទូរគមនាគមន៍កម្ពុជា កាលពីខែកក្កដា ធ្លាប់បានចេញលិខិត ដែលបញ្ជា​ឱ្យ​បិ​ទ​​​តំ​ណ​ភ្ជាប់ទាំងអស់ នៃ ​Twitter, Instagram, YouTube របស់​សារព័ត៌មាន​ The Cambodia Daily រួម​​ទាំ​ងតំណ​ភ្ជាប់​ទាំង​អស់​របស់​វិទ្យុ​អាស៊ីសេរី និង​តំណ​ភ្ជាប់របស់​គេហទំព័រ​ kamnotra។

ដូចគ្នានេះដែរ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏ធ្លាប់បញ្ជាក់ពីជំហរប្រា​ប់អ្នកសារព័​ត៌​​មា​នក្នុងស្រុកចំពោះ​ការរាំងខ្ទប់ តំ​ណ​​ភ្ជាប់ទៅកាន់​គេ​​ហ​ទំ​ព័រ នៃ​ប្រ​​​ព័ន្ធ​​ផ្សព្វផ្សាយឯករាជ្យទាំងនោះ គឺធ្វើឡើ​ង​​ក្រោមហេតុផល ដើម្បី​ប​​ញ្ចៀ​ស​ការផ្សា​យព័ត៌មា​ន​មិន​​​ពិត និងក្លែងក្លា​យ​​។​

យ៉ាងនេះក្តី បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បាននិយាយថា នៅក្នុងប្រទេសកម្ពុជាយុវជនមានប្រមាណជាពី៦៣ ឬ ៦៤ភាគរយ គឺតម្រូវឱ្យពួកគេយល់ដឹងពីឌីជីថលប្រកបដោយមានទំនួលខុសត្រូវ និងមានសុវត្ថិភាព​ ដើម្បីមានសមត្ថភាព មានភាពជឿជាក់ក្នុងការធ្វើកិច្ចការ​ងា​រ និងការចូលរួមចំណែកនៅក្នុងសង្គម។លោកបន្តរថា ជាក់ស្ដែងនៅក្នុងវេទិការនេះ យុវជនបានចែករំលែកពីកង្វះខាតក្នុងការរៀនសូត្រនូវអក្ខ​រ​កម្មឌីជីថល និងអក្ខរកម្ម AI ដែលទាមទាឱ្យភា​​គីដែលពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ និ​ង​​ផ្ដ​ល់ឱកាសក្នុងការរៀនសូត្រ។

លោកបន្តថា៖ « ក្រសួងអប់រំគួរតែពង្រីកនូវកម្មវិធីអប់រំអក្ខរកម្មផ្នែកឌីជីថលឱ្យបានទូលាយជាងមុន ហើយមិនត្រឹមតែបង្រៀននៅក្នុងថ្នាក់ទេប៉ុន្តែត្រូវមានកម្មវិធីអប់រំបន្ថែមទាក់ទងនឹងជំនាញហ្នឹង។ ក្រៅ​ពីនោះ អង្គការសង្គមស៊ីវិលក៏ចូលរួមចំណែកនៅក្នុងបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថលដល់យុវជនយើងផងដែរ »

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ក្នុងបញ្ញត្តិមាត្រា ៣១ កំណត់ថាកម្ពុជាទទួលស្គាល់ និង​គោ​​​រពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាតិ សេចក្តីប្រកាសជាស​កលស្តីពីសិ​ទ្ធិ​ម​​នុស្ស​ កតិកាសញ្ញា ព្រមទាំអនុសញ្ញាទាក់ទងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។បើទោះ​ជាបែប​ណា​ សម្រាប់របា​យ​ការណ៍ប្រចាំឆ្នាំ របស់ក្រុមអង្គការ ការពារផ្នែកសិទ្ធិមនុស្ស រកឃើញថាមានជន​សង្ស័​យជាច្រើន ត្រូវរងគ្រោះ ព្រោះតែពួកគេមានមតិផ្ទុ​យពីជំហរបស់រដ្ឋាភិបា​ល។ហើយ​ចុង​ក្រោ​យ​​អ្ន​ក​ទាំងនោះ ត្រូវចោទប្រកាន់ ក្រោមបទល្មើសព្រហ្មទណ្ឌទៅវិញ។

បន្ថែមពីលើនេះ ប្រភពដដែលក៏បានបង្ហាញពីនូវតួលេខអ្នកដែលត្រូវចាប់ខ្លួន និងការធ្វើទុកបុកម្នេញ ទៅ​លើ​អ្នកនយោបាយបក្សជំទាស់ អ្នកការពារសិទ្ធិមនុស្ស និងអ្ន​ក​សា​​​រព័ត៌មានជាដើម ក្រោមកា​រចោទ​ប្រ​កា​ន់​ពីបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញ​ង់​»​។​​ហើយភាគច្រើន បទចោទ​ទាំ​ងនោះ​ត្រូ​វ​​គេសង្កេតឃើញ ជនសង្ស័យច្រើ​នតែប្រើប្រាស់សិទ្ធិនៃ​ការប​ញ្ចេ​​ញមតិ នៅលើបណ្តា​ញ​សង្គម រិះគន់ពីភាពអសកម្ម និងភាពចន្លោះប្រហោង នៃការអនុវត្តគោលនយោបាយ ដែលមិនមាន​តម្លា​​ភា​ព​ជា​ដើម។ម្យ៉ាងវិញទៀត បទល្មើសភាគច្រើន វាហាក់មិនស៊ីសង្វាក់គ្នាទៅនឹង​ធាតុផ្សំនៃ​បទ​​ល្មើ​​​ស​​​​ដែ​​​ល​មិនស្ថិ​ត​​ក្រោ​​មយុត្តាធិការ នៃបទចោទញុះញង់ ឬបរិហារកេរ្តិ៍នោះថែមទៀត៕ 

អត្ថបទដោយ៖ ឃុត ពិសី និង​យ៊ឺង នីម

អត្ថបទគួរឱ្យចាប់អារម្មណ៍