ក្រសួងណែនាំ​អ្នក​ប្រើ​ប្រាស់​​ឱ្យ​​ប្រុងប្រយ័ត្ន​ បន្ទាប់ពី​​រកឃើញ​សារធាតុគី​មី​ក្នុង​ផលិត​​ផល​ Love Riya

ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​​​ជ្រើសរើស​​ផលិតផលណា​ ​ដែល​មានការ​​ចុះបញ្ជី​ស្របច្បាប់និង​ប្រកប​ដោយ​សុវត្ថិភាព​ បន្ទាប់​​​ពី​​រក​ឃើញ​សារធាតុ​ដែល​អាច​បង្ក​គ្រោះថ្នាក់នៅក្នុង​ផលិត​ផល​បំប៉ន​សុខភាព​និង​គ្រឿង​សម្អាង​របស់​ក្រុម​ហ៊ុន​ Love Riya Co. LTD។​

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៥​ ក្រសួង​សុខាភិបាល​បានប្រកាស​ថា ខ្លួន​បាន​រក​ឃើញ​​សារធាតុសកម្មឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដានៅ​ក្នុង​ផលិត​ផលចំនួន​៥​មុខ ​ដែល​មិន​បាន​ចុះ​បញ្ជី​​របស់​អតីត​ឧកញ៉ា​ ឆេង ស្រីរ័ត្ន​ ដែល​គេស្គាល់ថា ឡាវ រីយ៉ា​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ Love Riya Co. LTD។​ ការ​រក​ឃើញ​នេះ កើត​មាន​ ខណៈ​ពេល​តុលាការ​ខេត្ត​កណ្តាល​បាន​អះអាងថា សំណុំរឿង​របស់​លោកស្រី ឡាវ រីយ៉ា​ ស្ថិតក្នុង​​ដំណាក់​កាល​ស៊ើ​ប​​សួរនៅឡើយ​​។​

លោក​ស្រី​ យក់ សម្បត្តិ​ អ្នកនាំពាក្យក្រសួងសុខាភិបាល​ បដិសេធ​មិនផ្ដល់បទសម្ភា​ស​ន៍ ដោយអះអាង​ថា លោកស្រី​ជាប់ប្រជុំ។

លោក​ ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់​ Press Start ថ្មីៗ​នេះ​ថា បន្ទាប់ពី​ក្រសួង​សុខាភិបាល​ជូនដំណឹង ខាងក្រសួងពាណិជ្ជកម្ម​​បាន​​យក​​សំ​ណាក​ទាំង​នោះ​មក​ពិសោ​ធ​ន៍​​បន្ថែម​រក​ឃើញ​ថា ផលិត​ផល​ទាំង​នេះ​មានជាតិ​បារ៉ត​និងសារធាតុ​​កាត់ម្យូមលើស​កម្រិត​​ហើយ​សារ​ធាតុទាំងពីរនេះ គឺអាចមានការប៉ះពាល់ដល់សុខភាពស្បែកនិង​អាចប៉ះពាល់សុខភាព​ក្នុងរយៈពេល​យូរ។ លោកថា ក្រសួង​បានផ្ដល់របាយការណ៍មន្ទីពិសោធន៍នេះ​ ទៅឱ្យព្រះរាជអាជ្ញា ដើម្បីជាឯកសារសំអា​ងក្នុងការប្រើប្រាស់តាមនី​តិវិធីតុលាការ។

លោក សុវិជាតិ មាន​ប្រសាសន៍​ថា​៖ «យើងឃើញថា ផលិតផលរបស់លោកស្រី ឡាវ រីយ៉ា​ មិនមានបិទនូវព័ត៌មានទៅតាមតម្រូវការនៃកិច្ចការច្បាប់កិច្ចការពារអ្នកប្រើប្រាស់ទេ ពីព្រោះកិច្ចការពារអ្នកប្រើប្រាស់ គឺសម្រាប់ផ្ដល់ព័ត៌​មាន​ដល់អ្នកប្រើប្រាស់ឱ្យបានដឹងដែលមានសរសេររៀបរាប់ពីសារធាតុ និងព័ត៌មានជាបទដ្ឋានមួយចំនួនទាក់ទងទៅ​នឹង​សុពលភាព ការចុះបញ្ជី និងអាសយដ្ឋានផលិត​​។ល។»។​

លោក​កត់សម្គាល់ផងដែរថា ផលិត​ផល​របស់លោកស្រី ឡាវ រីយ៉ា​ រួមមាន លេលាប​  ឈុតត្រាំទឹកដោះគោ ថ្នាំដុសធ្មេញ​ Foam និង​ Shower Gel ដែលមិនបានបិទព័ត៌មានឱ្យស្របទៅតាមបទដ្ឋានណែនាំនៃច្បាប់កិច្ចការពារអ្នកប្រើប្រាស់​។

លោកបន្តថា អ្នកដែលរកស៊ីអនឡាញ ភាគច្រើនគាត់បានប្រើប្រាស់បណ្ដាញសង្គមសម្រាប់ធ្វើអាជីវកម្មរបស់គាត់​ ហើយ​ជារួម ពួក​គាត់រកស៊ីក្នុងទម្រង់អាជីវកម្មខ្នាតតូច ដោយ​លោក​ច្រានចោល​ការ​ចោទ​ប្រកាន់ដែលថា មាន​ការយឺត​យ៉ាងនៅក្នុងការ​ចាត់វិធានការ​លើ​ផលិត​ផល​ទាំង​នេះ ហើយ​ក្រសួង​សុខាភិបាល​បាន​ត្រួត​ពិនិត្យ​ជា​ហូរហែ​លើ​ផលិត​ផល​ទាំងនោះ​ មិន​មែនទើប​តែមាន​បញ្ហា​នោះទេ។​

លោក ប៉ែន សុជាតិ អំពាវនាវឱ្យអ្នកប្រើប្រាស់ទាំងអស់​​កុំ​ប្រើ​ប្រាស់​ផលិត​ផល​ណា ដែលមិនបានចុះបញ្ជីកាពីក្រសួងសុខាភិបាល មិនផ្ដល់ព័ត៌មានគ្រប់គ្រាន់ពីសារធាតុដែលមានចែកនៅលើស្រោមសំបកវិចខ្ចប់ ដើម្បី​ចៀស​វាង​ហានិ​​ភ័យដល់​សុខភាព និងសុវត្ថិភាពនៅក្នុងការប្រើប្រាស់របស់ខ្លួន។

លោក សូ សារិន​ ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តកណ្ដាល លើកឡើងថា ​នៅពេលនេះ តុលាការ​នៅ​មិនទាន់​​បិទការស៊ើបសួរនៅឡើយ​ទេ​​​ ហើយ​កំពុង​បន្ត​នីតិវិធី​ស៊ើប​សួរ។

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) និយាយថា សេចក្ដីប្រកាស​របស់ក្រសួងសុខាភិបាល រកឃើញសារធាតុគីមីនៅក្នុងផលិតគ្រឿងសម្អាងរបស់លោកស្រី ឡាវ រីយ៉ា​ គឺពិតជាល្អ ប៉ុន្តែអ្វីដែលលោកមិនយល់ស្រប គឺការពិសោធន៍នេះមានភាពយឺតយ៉ាវ ខណៈដែលផលិតផលរបស់បុគ្គលម្នាក់នេះ បានចរាចរនៅលើទីផ្សាជាច្រើនឆ្នាំមកហើយ​។

លោកបន្តរថា៖ « ក្រសួងសុខាភិបាល និងអាជ្ញាធរដែលពាក់ព័ន្ធត្រូវតែពង្រឹងនូវប្រសិទ្ធភាព និងគុណភាពនៃការងាររបស់ខ្លួន ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការចរាចរណ៍ទំនិញដែលមានសារធាតុគីមីបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយើង​»។

យោង​តាមសេចក្ដីជូនដំណឹងដដែល​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​​ថា នៅ​ក្នុង ចំណោម​ផលិត​ផល​៥​មុខ​របស់​ ឡាវ រីយ៉ា ដែល​​បាន​​រកឃើញសារធាតុគីមី​រួមមាន ផលិតផលបំប៉នសុខភាពចំនួន ២មុខ និង ផលិតផលគ្រឿងសម្អាង​ចំនួន ៣មុខ ដែលគ្មានលេខបញ្ជី​ការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។

ក្រសួង​សុខាភិបាល​បន្តថា ក្នុងនោះ ផលិតផលបំប៉នសុខភាពដូច​ជា ថ្នាំលេបបាត់​ជាំ មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid ដែលគេប្រើប្រាស់សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។

គ្រឿងសម្អាង Love​riya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុន មានផ្ទុកសារធាតុគីមី Salicylic Acid និងបារ៉ត (Mercury) លើសកម្រិតស្ដង់ដាក្នុងមគ្គុទេសគ្រឿងសម្អាងអាស៊ាន។ សារធាតុ Salicylic Acid នេះ ផ្ដល់ផលប៉ះពាល់ទៅដល់សុខភាពដូចជា ស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក និងបារ៉ត(Mercury) ផ្ដល់ផលប៉ះពាល់ដូចជា ខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។

ការ​រក​ឃើញ​នេះ កើត​មាន​​ ខណៈ​ពេល​លោកស្រី ឆេង ស្រីរ័ត្ន​ ហៅ​ ឡាវ រីយ៉ា​ កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។​

កាល​ពីថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​ នៃស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​​បាន​ឃាត់​ខ្លួនឧកញ៉ា​ ឆេង ស្រីរ័ត្ន​ អាយុ​៤០​ឆ្នាំ​ និងបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល​ ហើយ​នៅ​ថ្ងៃ​ទី​១៥​ ខែ​សីហា ចៅក្រម​ស៊ើប​សួរបាន​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពីបទ​ “ញុះញង់ឱ្យ​មាន​ការ​រើស​អើង ​និង​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​”​​ ដែលតាម​ចោទ​ថា បាន​ប្រើ​ប្រាស់​គណនី​តិកតុកកាល​ពីថ្ងៃទី​៦ ខែសីហា និង​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់ខ្លួន​កាល​ពី​​ថ្ងៃទី​១៣ ខែសីហា​ ​បង្ហោះវីដេអូ​និង​ឡាយ​ផ្ទាល់​អម​ដោយ​ខ្លឹម​​សារ​ ដែល​​​ធ្វើ​ឱ្យ​មាន​ការ​រើស​អើង ​ប៉ះពាល់ដល់​ទឹកចិត្ត​កងទ័ព​​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្ត​កណ្តាល​ ចុះ​ថ្ងៃទី​១៥​ ខែសីហា ឆ្នាំ​២០២៥។ ឧកញ៉ា​ ឆេង ស្រីរ័ត្ន​ ហៅ​ ឡាវ រីយ៉ា​ ត្រូវ​បាន​​បញ្ចប់​​គោរម​ងារ​ ឧកញ៉ា តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៥៕

អត្ថបទគួរឱ្យចាប់អារម្មណ៍