សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​​ពី​បទ​ក្បត់​ជាតិ​លើ​អ្នក​សារ​ព័ត៌​មាន​ពីរ​​រូប

ស្ថាប័ន​សារ​ព័ត៌​មាន និង​អង្គ​ការ​សង្គម​ស៊ីវិលមកពី​ ០៩​ស្ថាប័ន បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​​ពីបទ​ក្បត់​ជាតិ​ លើ​អ្នក​សារ​ព័ត៌​មាន​អនឡាញ​​ ០២​រូប ជុំវិញ​ការ​បង្ហោះនៅ​​លើ​បណ្តាញ​សង្គម​អំពី​តំបន់​ព្រំដែន​កម្ពុជា-ថៃ។

អ្នកសារព័ត៌មានអនឡាញទាំងពីររូប រួមមាន​ លោក ផន សុភាព នៃ​ស្ថាប័ន​បាត់​​ដំបង​ប៉ុស្តិ៍អន​ឡាញ និង​លោក ភាព ភារ៉ា នៃស្ថាប័ន​សារព័ត៌មា​ន​ធីអេស​ភីធី​វី​អន​ឡាញ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣​១ ខែកក្កដា ក្នុងខេត្តតាមព្រំដែន​ដែល​កំពុង​មាន​ភាព​តាន​តឹង​ជាមួយ​ភាគីថៃ។ បន្ទាប់មក ពួកគេ​ត្រូវ​បាន​​​តុលាការ​​ខេត្ត​​សៀម​​រាប សម្រេច​​ចោទ​ប្រកាន់​ពី​បទ “ប្រគល់ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជាអាទិ៍ ដែល​អាច​ឲ្យអ​ន្តរាយ​ការ​ការ​ពារ​ជាតិ” តាម​មាត្រា៤​៤៥​ នៃក្រម​ព្រហ្មទ​ណ្ឌ​។

សេច​ក្តីថ្លែងការណ៍​​រួម​ចុះថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២៥​ របស់​​​ស្ថាប័ន​​​ព័​ត៌​​មាន​ និង​​​អង្គការសង្គម​ស៊ីវិល​​ចំនួន​៩ ដែល​មាន​ដូចជា ខេមបូចា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ស្ថាប័នPrachatai នៅប្រទេស​ថៃ និង​សមាគម​អ្នកសារព័ត៌មាន​ទីម័រ​ខាង​កើតជាដើមនោះ បានបង្ហាញ​ក្តី​ព្រួ​យបា​រម្ភ​អំពី​ការ​រឹត​ត្បិត​សេរីភាព​សារ​ព័ត៌​មាន ក្រោយ​មានការ​ចាប់ខ្លួន និង​កា​រចោទពីបទក្បត់ជាតិ ទៅលើ​អ្នកសារព័ត៌មាន​ទាំងពីរ​រូបនេះ។

សេចក្តីថ្លែងការណ៍រួម​ដដែល យល់​ថា៖ «ការ​ចាប់​ខ្លួន និង​​កា​រ​​ចោទ​​ប្រ​កាន់​​​អ្នក​សារព័ត៌​​មាន​ នៅ​ពេល​​ដែល​ពួកគេ​ចូល​រួម​បំពេញ​ភារកិច្ច​ការ​ងារ​ ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សាធារណ​ជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ហើយ​បង្កឱ្យ​មាន​ការ​ភ័យ​ខ្លាច​​ចំពោះ​ការ​តប​ត​បែប​នេះ ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​​ផ្សេង​ទៀត​​ដែល​មាន​បំណង​រាយ​ការណ៍​ពី​តំបន់​ព្រំ​ដែន»។

ករណីនេះ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងនោះ បាន​ទទូចឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោះលែងអ្នកសារព័ត៌មានទាំងពីររូបជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់ទាំងអស់ពីពួកគេ។ មួយ​វិញទៀត ពួកគេ​បាន​អំពាវនាវ​ដល់​​​អាជ្ញាធរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ចំពោះតំបន់ណាដែលហាមឃាត់​សម្រាប់ការរាយការណ៍ព័ត៌មាន ជាពិសេសតំបន់ជម្លោះនៅតាមបន្ទាត់ព្រំដែន ដើម្បីឲ្យ​អ្ន​កសា​រព័​ត៌មា​ន​អាច​អនុវត្ត​ភារ​កិច្ច​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ដាក់​ទណ្ឌ​កម្ម។

លោក ណុប វី ប្រធានសមាគមអ្នក​សារព័ត៌មានកម្ពុជា (ខេមបូចា) មានប្រសាសន៍​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា​ថា លោក​ចង់​ឃើញ​រាជ​រដ្ឋាភិ​បាល ក៏​ដូច​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច បញ្ជាក់​ឲ្យបាន​ច្បាស់​លាស់​នូវ​ទីតាំង​ណា​ដែល​ហាម​ឃាត់​មិន​ឲ្យចូ​ល​ថត​ផ្សព្វ​ផ្សាយ ដើម្បី​ជៀស​វាង​ការ​ថ្លោះ​ធ្លោយ​ណា​មួយ​កើត​ឡើង ពេល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន។ បើតាមលោក ណុប វី បើសិន​ជា​អ្នក​សារ​ព័ត៌មាន​បាន​ដឹង​ពី​ទីតាំង​ច្បាស់​លាស់​ ដែល​ត្រូវ​បាន​កំណត់​មិន​ឲ្យ​អ្នក​សារព័ត៌​មាន​ចូល​ថត​ផ្សព្វ​ផ្សាយ នោះ​អ្នក​សារព័ត៌មាន​នឹង​មិន​ចូល​ទៅ​នោះ​ទេ។

លោកមានប្រសាសន៍ថា៖ «ចំពោះរឿង​ទាក់​ទង​នឹង​ការ​បញ្ជាក់​អំពី​ទីតាំង​ហាម​ឃាត់​ឲ្យ​បានច្បាស់​ហ្នឹង​​ វាមាន​ប្រយោជន៍​ច្រើន​ណាស់ ពីព្រោះ​មែន​ទែន​ទៅ​បើសិ​ន​ជាអ្ន​ក​សារ​ព័ត៌​មាន គាត់​បាន​ដឹង​ថា​ទីណា​ជាតំបន់​ ដែលមានការហាមឃាត់មិនឲ្យចូលទៅយកព័ត៌មាន ឬក៏មិនឲ្យថតរូបភាព ឬថតវីដេអូអីផ្សេងៗ គឺពួកគាត់អាចថាមិនហ៊ានចូលទេ ដោយសារយើងដឹ​ង​ហើយ​​ស្ថាន​ភាព​នៃ​ជម្លោះ​ប្រដាប់​អាវុធ ដូច្នេះ​សន្តិ​សុខ និង​សុវ​ត្ថិ​ភាព​អ្នក​សារ​ហ្នឹង​ ជា​រឿងមួយ​ដែល​ចាំបាច់ ”។

ចំពោះ​ការចោទប្រកាន់អ្នកសារព័ត៌មានអនឡាញទាំងពីររូបនោះ​ លោក ណុប វី ស្នើដល់​រដ្ឋាភិបាល​ ក៏ដូច​ជា​​ស្ថាប័ន​​​​តុលាការ ដោះលែងពួកគេ និង​ទម្លាក់បទចោទប្រកាន់ ដើម្បីឱ្យពួក​គាត់មានសេរីភាពបាន​ជួប​ជុំ​គ្រួសារវិញ ត្បិត​រូបថតនោះជាផ្នែក​មួយ​របស់អ្នកសារព័ត៌មាន​ដែល​ចង់ថត​ជាមួយ​កង​ទ័ព និង​ថតទីតាំង​ដែលពួកគេ​បានទៅដល់។

តែយ៉ាងណា លោកមិនលើកទឹកចិត្តឲ្យអ្នកសារព័ត៌​មានមានភាព​ប្រថុយ​ប្រថាន ដើម្បីតែការយកព័ត៌​មាន​ សុខចិត្តប្រឈមនឹងហានិភ័យដែលអាចប៉ះពាល់ទៅដល់អាយុជីវិត និងសុខ​សុវត្ថិភាពផ្ទាល់ខ្លួននោះឡើយ។

លោក យិន ស្រ៊ាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មិនទាន់អាចឆ្លើយបញ្ជាក់លម្អិតទៅនឹងសំនួរ​ថា តើអ្នកអ្នកសារព័ត៌មានទាំងពីររូបនោះ ត្រូវចោទប្រកាន់ពីករណីចែកចាយរូបភាព ឬការប្រមូលព័ត៌មានពាក់ព័ន្ធណាមួយដែលប៉ះពាល់ដល់ការការពាជាតិនៅឡើយទេ ដោយលើកហេតុផលថា ជាការសម្ងាត់ក្នុងការអនុវត្តនិតិវិធីតុលាការ។

លោកមានប្រសាសន៍ខ្លីថា៖ “ហ្នឹងជាការសម្ងាត់ក្នុងសំណុំរឿងស៊ើបរបស់ចៅក្រមស៊ើប ខ្ញុំឆ្លើយមិនចេញទេ”

លោក យិន ស្រ៊ាង បញ្ជាក់បន្ថែមថា បច្ចុប្បន្នសំណុំរឿង​នេះ​ កំពុងស្ថិតក្នុងដំណាក់កាលស៊ើប​សួរនៅឡើយ រីឯការអនុវត្តទោសក្នុងពន្ធនាគារនឹងត្រូវធ្វើ ប្រសិនរកឃើញថាអ្នកសារព័ត៌មានទាំងពីរពិតជាបានប្រព្រឹត្តដូចទៅនឹងការចោទប្រកាន់ ទៅតាមការសម្រេចរបស់ចៅក្រមជំនុំជម្រះ។

តុលាការ​ខេត្តសៀមរាប កាលពីថ្ងៃទី​១០ ខែ​កញ្ញា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មានមួយ​ ដោយ​បញ្ជាក់​​​ថា អ្នកសារ​​ព័ត៌មាន​ទាំងពីរ​នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន និ​ងចោទប្រកាន់ ដោយ​​សង្ស័យ​​ថា «ប្រមូល​ព័ត៌​មាន​ និ​ងថតរូប​​នៅ​តំបន់​ហាម​ឃាត់​របស់​យោធា​នៅ​សមរភូមិ​ដែឡ​ព័ត៌មាន​ទាំង​អស់​​នោះ អាច​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​ការ​ការ​ពារ​ជាតិ»។​ តែយ៉ាងណា ​តុលាការ​មិន​បាន​បញ្ជាក់ថា កា​រ​បង្ហោះ​​​នៅ​លើ​បណ្តាញ​​​​សង្គម​​​ណា​​មួយ ជាមូល​ហេតុ​​នាំឱ្យមានការ​ចោទ​​ប្រកាន់​នោះ​ទេ។

​បើតាម​អង្គការ​សិទ្ធិមនុស្ស​លីកា​ដូ បាន​កត់សម្គាល់ថា អ្នកសារព័ត៌មាន​ទាំង​ពីរនាក់​នោះ ត្រូវ​បាន​គេ​ឃើញ​ថត​ជាប់​នឹង​ទាហាន​កម្ពុជា នៅមុខ​ប្រាសាទ​តា​ក្របីក្នុងរូប​ថត​មួយ​សន្លឹក ដែល​រូប​ភាព​នោះ ត្រូវ​បាន​ថត​ក្រោយ​​បទ​ឈប់​បាញ់​នៅថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ហើយ​រូប​ភាពទាំងនោះ​ត្រូវបាន​គេ​បង្ហោះ​ចែក​ចាយ​ឡើង​វិញ​ដោយ​សារព័ត៌មាន​ថៃ និង​រូបភាព​មីន​ជាប់​ផ្ទៃ​ខាង​ក្រោយ​ដែល​មិន​បញ្ជាក់ទីតាំង។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មាន​ប្រសាសន៍ថា​ បច្ចុប្បន្នក្រសួង​​កំពុង​យក​ចិត្ត​ទុក​ដាក់​នឹង​សំណុំរឿ​ង​ព្រហ្ម​ទណ្ឌ​ ពាក់​ព័ន្ធ​នឹង​អ្នក​សារ​ព័ត៌​មាន​អនឡាញ​ទាំង​ពី​ររូ​ប និង​បាន​បញ្ជាក់​ថា ករណីនេះ​កំពុ​ង​ស្ថិត​ក្រោម​ការ​អនុវត្ត​នីតិ​វិធី និង​ការ​ស៊ើប​សួរ ដែល​ជា​ក្រប​ខណ្ឌស​មត្ថកិច្ច​ជំនាញ និងរបស់​តុលាការ។

ក្នុងពេលជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែលថា ការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាស្របទៅនឹងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន។

លោកមានប្រសាសន៍ថា៖ «សូមបញ្ជាក់ថាសិទ្ធិនិងសេរីភាពរបស់អ្នកសារព័ត៌​មាន នៅកម្ពុជា ត្រូវបានធានាយ៉ាងត្រឹមត្រូវ ពេញលេញ និងមានសង្គតិភាព ដោយអនុលោមតាមច្បាប់រដ្ឋធម្ម​នុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន”

អ្នកនាំពាក្យរូបនេះ ចង់ឃើញ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ទាំងបែបប្រពៃណី និងទំនើប ស្វែង​យល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយអនុវត្ត​សិទ្ធិចុះយកព័ត៌​មាន ផលិត និង រាយ​ការណ៍ព័ត៌មានដោយ អនុលោមតាមក្របខណ្ឌដែលកំណត់ដោយច្បាប់។ លោកសង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន មិនត្រូវផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិ​សុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយ និងសង្គមនោះឡើយ។

មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជាចែងថា អំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តររាយការការពារជាតិ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៧(ប្រាំពីរ) ឆ្នាំ ទៅ ១៥(ដប់ប្រាំ) ឆ្នាំ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍