សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន នេប៉ាល់ និងខ្មែរសរុបជិត ៥០នាក់ ក្នុងករណីផ្ទុះអាវុធរវាងជនជាតិចិន២ក្រុម នៅហាងបាយមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈហេតុការណ៍នេះ បានបង្កនូវការភ័យខ្លាចជាថ្មីទៀតសម្រាប់ពលរដ្ឋរស់នៅទីនោះ។
តាមរយៈទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញផ្សាយថ្ងៃទី១២ ខែកញ្ញានេះ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីផ្ទុះអាវុធ រវាងជនជាតិចិន២ក្រុម នៅហាងបាយមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ បន្ទាប់ពីពលរដ្ឋរាយការណ៍ករណីនេះ ទៅកាន់សមត្ថកិច្ចកាលពីម៉ោង២២យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដំបូងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន បាន១៤នាក់ (ស្ត្រីម្នាក់)។ ក្រោយមក កម្លាំងជំនាញបានបន្តស្រាវជ្រាវជាបន្តបន្ទាប់ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៧នាក់ (ស្ត្រី៥នាក់) ដែលក្នុងមានជនជាតិចិន ៣៥នាក់ ជនជាតិនេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់។
ប្រភពបន្ត៖ «ចំពោះមូលហេតុ ករណីផ្ទុះអាវុធខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ។ ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់»។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា សមត្ថកិច្ចបានដកហូតវត្ថុតាងពីករណីនេះ ដូចជា អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម គ្រាប់ជាច្រើនគ្រាប់ ម្សៅសដែលសង្ស័យជាសារធាតុញៀនមួយចំនួន ព្រមទាំងរថយន្តចំនួន ៥គ្រឿង។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា បានបដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា អ្នកស្រីមានការព្រួយបារម្ភនៅពេលដែលមានករណីផ្ទុះអាវុធដែលបង្កឡើងដោយជនជាតិចិន កើតឡើងនៅក្នុងតំបន់ដែលគាត់រស់នៅ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋស្លូតត្រង់។
អ្នកស្រីថា៖ «នៅពេលដែលមានបញ្ហាផ្ទុះអាវុធអី គឺយើងព្រួយបារម្ភណាស់ ព្រោះអាវុធវាអត់មានភ្នែកទេ វាអត់ដឹងថាអ្នកណាមិត្តអ្នកណាសត្រូវទេ ហើយអ្នកណាបាញ់ចេញពីកន្លែងណាទៅកន្លែងណា ទោះបីជាយើងមិនពាក់ព័ន្ធជាមួយករណីហ្នឹង ក៏វាអាចរត់មករកយើងដែលជាអ្នកអត់ដឹងអីដែរ ហើយដែលពេលណាមានគ្រោះថ្នាក់មានអីបញ្ហាឡើង វាអាចបើវាធ្ងន់ធ្ងរវាអាចបាត់បង់ជីវិត បើវាតិចតួចទេវារបួសស្នាម»។
អ្នកស្រី ជៀប សុធារី សាទរដែលសមត្ថកិច្ចបង្ក្រាបបាននូវករណីផ្ទុះអាវុធនេះ ហើយអ្នកស្រីសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធដាក់ទោសជនបង្កទៅតាមច្បាប់ ដោយគ្មានការអនុគ្រោះ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។
កញ្ញា សឿង ណារី អាយុ២៨ឆ្នាំ រស់នៅក្នុងក្រុងព្រះសីហនុ បានបង្ហាញការភ័យខ្លាច និងការព្រួយបារម្ភដែរថា សកម្មភាពរបស់ជនបរទេសទាំងនោះ ក៏អាចនឹងប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេស។
កញ្ញាថា៖ «បើសិនជានៅតែ លក្ខណៈថាសេរី[បាញ់បោះ]ពេកចឹងទៅ បាត់បង់ភ្ញៀវ និយាយទៅមិនថាភ្ញៀវបរទេសទេ ភ្ញៀវជាតិក៏មិនហ៊ានមកដែរ គេខ្លាចហាស គេខ្លាចការបាញ់បោះហ្នឹង ចឹងគេមិនសូវមកទេ ហើយមួយទៀតដូចអ្នកកំពង់សោម បើសិនជាទៅលេងភាគច្រើន គេអត់សូវដើរលេងយប់ទេ គេដើរតែពេលថ្ងៃអីចឹង មនុស្សច្រើនពេកក៏គេអត់ដើរដែរដោយសារអី គេដឹងថាតំបន់ណាវាម៉េច តំបន់ណាវាម៉េចចឹង វាជាការប្រុងប្រយ័ត្នរបស់ប្រជាជនដែរចឹង ហើយមួយទៀតបើសិនជាមានបញ្ហាអីកើតឡើង អ្នកដែលរស់នៅហ្នឹងផ្ទាល់ម៉ង គេរត់អស់ ហើយគេអត់ជួយទេ ព្រោះគ្រាប់កាំភ្លើងអត់ភ្នែកទេ»។
ចំណែកឯ ពលរដ្ឋម្នាក់ទៀត លោក កែវ តុលា រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភទាក់ទងនឹងសុវត្ថិភាព និងអាជីវកម្មនានារបស់លោកផងដែរ។
លោកថា៖ «អ្នកនៅម្តុំហ្នឹង តាមមើលទៅវាមិនសូវច្រើនទេ ណាមួយការបាញ់បោះនេះ កំពង់សោមមែន តែលើកទីមួយទេ ចូលប៉ុន្មានឆ្នាំមុនហើយ ដូចបងដឹងស្រាប់ ហើយការបារម្ភវាមានហើយ ទី១ការលក់ដូរ ទី២ការដើរហើរ ទី៣ការទុកដាក់ទ្រព្យសម្បត្តិរបស់គាត់ ទី៤ ទាក់ទងនឹងសុវត្ថិភាពតាមផ្លូវ អាហ្នឹងវាត្រូវតែមានការព្រួយបារម្ភទៅលើសុខសុវត្ថិភាព»។
លោកស្នើឱ្យអាជ្ញាធរពង្រឹងបន្ថែម ទៅលើការត្រួតពិនិត្យការប្រើប្រាស់អាវុធផ្សេងៗរបស់ជនជាតិចិនទាំងនោះ។
លោកថា៖ «សំណូមពរមានតែឱ្យខាងអ្នកដែលរៀបចំសណ្តាប់ធ្នាប់ មន្តី្រដែលគាត់មើលអាហ្នឹងឱ្យគាត់ជួយពង្រឹងបន្ថែមលើការល្បាត លើការឆែកឆេរអាវុធទៅតាមដងផ្លូវពេលយប់ឡើងអី»។
ជុំវិញករណីនេះ អ្នកសម្របសម្រួលសមាគមន៍អាដហុកប្រចាំខេត្តព្រះសីហនុ លោក ង៉ែត ស៊ីណាត សង្កេតឃើញថា បញ្ហាផ្ទុះអាវុធតែងតែកើតមានឡើងជាបន្តបន្ទាប់ នាពេលកន្លងទៅ ក៏ប៉ុន្តែករណីនេះជារឿងគួរឱ្យចាប់អារម្មណ៍ ព្រោះវាបានបង្កអសន្តិសុខដល់ពលរដ្ឋក្នុងខេត្តព្រះសីហនុ។
លោកមានប្រសាសន៍ថា៖ «ក្នុងករណីនេះ យើងមើលឃើញថា មានករណីកើតឡើងបាញ់បោះ ឬក៏អីហ្នឹងជាហូរហែរមកដែរពីមុនទៅតាមសារព័ត៌មាន ក៏ដូចជាភាពជាក់ស្ដែង[…]នេះគឺជាករណីមួយដែលយើងគួរតែចាប់អារម្មណ៍ ដែលវាធ្វើឱ្យមានអសន្តិសុខនៅក្នុងខេត្ត នៅក្នុងតំបន់ដែលមានបញ្ហា អ៊ីចឹងទេវាធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ[…] និយាយរួមវាអសន្តិសុខ ប្រជាពលរដ្ឋពិបាកក្នុងការប្រកបអាជីវកម្មលើអីផ្សេងៗ នៅក្នុងការរកស៊ីចិញ្ចឹមជីវិតរបស់ពួកគាត់»។
ករណីនេះ លោក ង៉ែត ស៊ីណាត ស្នើរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការ ដោយពង្រឹងការអនុវត្តច្បាប់ និងរឹតបន្តឹងសន្តិសុខជូនប្រជាពលរដ្ឋ៕