នាយករដ្ឋមន្ត្រីកម្ពុជា ស្នើដល់ប្រទេសចិន ម៉ាឡេស៊ី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ជួយអន្តរាគមន៍ឱ្យថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ ដោយបញ្ឈប់ការពង្រីកតំបន់ជម្លោះ និងបណ្ដេញពលរដ្ឋស៊ីវិលដោយបង្ខំ តាមរយៈយន្តការតាមដានដោយភាគីទីបី និងត្រូវដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។
យោងតាមសេចប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី០៤ ខែកញ្ញា ឱ្យដឹងថា អំឡុងពេលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយប្រធានាធិបតីចិន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងពេញលេញនូវបទឈប់បាញ់ តាមរយៈយន្តការតាមដានដោយភាគីទីបី ដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើយោធាកាន់កាប់ខុសច្បាប់ និងការបណ្ដេញពលរដ្ឋស៊ីវិលដោយបង្ខំពីតំបន់ដែលបានរស់នៅច្រើនឆ្នាំមកហើយ។
ប្រភពដដែលបន្តថា អាជ្ញាធរខេត្តខ្មែរ ក៏បានប្រាប់អភិបាលខេត្តថៃ ឱ្យរក្សាស្ថានការណ៍ព្រំដែននៅដដែល ដោយទុកការវាស់វែងកំណត់បន្ទាត់ព្រំដែន ទៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
ចំណែក រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានផ្ញើលិខិតទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ដោយលើកឡើងថា ការវាស់វែងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ គឺស្ថិតក្រោមគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលស្របតាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការព្រំដែន កាលពីខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែង ខណ្ឌសីម៉ាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ ឬហៅថា MOU ឆ្នាំ២០០០។
លិខិតដដែល អះអាងថា ការធ្វើសកម្មភាពដោយឯកតោភាគី ប៉ះពាល់ដល់ពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការរំលោភលើ MOU ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជាថៃ នាថ្ងៃទី២៨ ខែកក្កដា ២០២៥ រួមទាំងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី០៧ខែសីហា។
លិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យ និយាយថា៖ «ខ្ញុំសូមស្នើឱ្យឯកឧត្តម រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ»។
លិខិតរបស់អភិបាលខេត្តខ្មែរនេះ ធ្វើឡើងដោយឆ្លើយតបនឹងអភិបាលខេត្តស្រះកែវ Parinya Phothisat កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលបានផ្ញើលិខិតមួយច្បាប់ជូនអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ទីពលរដ្ឋខ្មែរដែលបានទន្ទ្រានយកទឹកដីថៃក្នុងភូមិ Ban Nong Chan និង Nong Ya Kaew។
លោក Parinya Phothisat បានដាក់ឱសានវាទជូនអភិបាលខេត្តបន្ទាយមានជ័យ ទាមទារឱ្យមានការរុះរើផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ១៧០គ្រួសារ ពីភូមិបានណងចាន់ (Ban Nong Chan) និង Nong Ya Kaew ក្នុងស្រុក Khok Sung នៃខេត្តស្រះកែវ ប្រទេសថៃ ឱ្យមានប្រសិទ្ធភាពជាបន្ទាន់។ នេះតាមការចុះផ្សាយរបស់កាសែត The Nation។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា នេះ ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ស្រុកអូរជ្រៅ បានតវ៉ាប្រឆាំងនឹងកងកម្លាំងថៃ ដែលចូលមកឡោមព័ទ្ធយកដីរបស់ពួកគេ។ នេះបើតាមវីដេអូដែលផុសលើបណ្ដាញសង្គម ដោយបង្ហាញពីការប្រទូសរ៉ាយគ្នា រវាងពលរដ្ឋខ្មែរនិងកងកម្លាំងថៃ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា អាជ្ញាធរខេត្ត នៅមិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរខេត្តស្រះកែវ ថៃ នៅឡើយទេ ក្រោយការផ្ញើលិខិតនេះ។ លោកបន្តថា នៅរសៀលនេះ កងកម្លាំងថៃ និងពលរដ្ឋខ្មែរនៅភូមិជោគជ័យ នៅតែកំពុងឈរតទល់មុខគ្នាចម្ងាយ៣០ម៉ែត្រ ដោយពលរដ្ឋបានឈរលាតសន្ធឹងប្រមាណ១០០ម៉ែត្រ។ យ៉ាងណា លោកអះអាងថា នៅមិនទាន់មានការប៉ះទង្គិចគ្នាឡើយ។
លោកក៏បានបញ្ជាក់ដែរថា ពលរដ្ឋមិនអាចត្រូវបានឱ្យចាកចេញពីតំបន់ដែលបានរស់នៅនោះទេ ហើយប្រសិនបើថៃ មិនព្រមអាចជជែកគ្នានៅកិច្ចប្រជុំ GBC បាន។
លោកនិយាយថា៖ «យើងអត់ចេញទេ ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋយើងវានៅលើសពី៣០ឆ្នាំហើយ។ ចឹងបើមានបញ្ហាអីខាងថៃមិនព្រម ឱ្យដោះស្រាយតាមរយៈទ្វេភាគី តាមគណៈកម្មាធិការព្រំដែន GBC ទៅ ចេះមកឈ្លានពាន ទន្រ្ទានយកម៉េចកើត»។
ពលរដ្ឋខ្មែរម្នាក់ដែលត្រូវបានកងកម្លាំងថៃយកបន្លាលួសហ៊ុមព័ទ្ធផ្ទះ និងកំពុងរស់នៅក្នុងតង់ក្បែរផ្ទះ នៅភូមិព្រៃចាន់ អ្នកស្រី ហ៊ូល ម្លិះ អាយុ៥២ឆ្នាំ និយាយថា អ្នកស្រីមិនចង់បាត់បង់ផ្ទះទៅប្រទេសថៃនោះទេ ហើយសង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរ នឹងជួយសម្រួលឱ្យអ្នកស្រីបានរស់នៅក្នុងផ្ទះវិញ។
អ្នកស្រីនិយាយថា៖ «សូមខាងរដ្ឋាភិបាលឱ្យជួយដោះស្រាយទាំងខាងថៃ ទាំងខាងខ្មែរ ឱ្យជួយសម្រួលគ្នា ឱ្យរហ័សខ្ញុំបាននៅ»។
អ្នកស្រីបានអះអាងថា គ្រួសាររបស់អ្នកស្រី បានរស់នៅទីនោះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ និងមានប្លង់ទន់ដែលទទួលស្គាល់ពីឃុំ។ អ្នកស្រីបន្តថា អ្នកស្រីទើបតែសាងសង់ផ្ទះថ្មបានរយៈពេលជាង២ឆ្នាំ និងចំណាយប្រាប់អស់ប្រមាណ៣ម៉ឺនដុល្លារ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការហាមឃាត់ និងបណ្ដេញពលរដ្ឋខ្មែរពីផ្ទះសម្បែង ជាការរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល។ លោកថា កម្ពុជានិងថៃ មានការចុះ MOU និង គណៈកម្មាធិការព្រំដែន ជាដើម គួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយទាំងនោះ។
លោកនិយាយថា៖ «ការហាមឃាត់ ឬបណ្ដេញប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលទៅផ្ទះសម្បែងពីភាគីថៃ ពីយោធាថៃ គឺជាការរំលោភបំពានលើសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីព្រោះប្រជាពលរដ្ឋស៊ីវិល ហើយនៅក្នុងបទឈប់បាញ់១៣ចំណុច ក៏ដូចជាគោលការណ៍នៃច្បាប់អន្តរជាតិ យោធាថៃមិនអាចរំលោភមកលើជនស៊ីវិលកម្ពុជាបានទេ។ ចឹងចំណុចនេះ ចាត់ទុកថា រំលោភបំពានសិទ្ធិធ្ងន់ធ្ងរ សម្រាប់ជនស៊ីវិល ជាពិសេសប្រជាពលរដ្ឋដែលត្រូវយោធាបណ្ដេញចេញពីផ្ទះសម្បែង នេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងបំពានលើច្បាប់អន្តរជាតិ»។
ចំណែកអ្នកនាំពាក្យរងក្រសួងការបរទេសលោក ហុក សុភា បញ្ជាក់ថា កិច្ចប្រជុំ GBC អាចរៀបចំនៅថ្ងៃ ទី៩ និងទី១០ ខែកញ្ញា ខណៈកិច្ចប្រជុំ JBC និងកិច្ចប្រជុំអមផ្សេងទៀត នឹងរៀងចំពីថ្ងៃទី១៤ ដល់ទី២០ ខែកញ្ញា ឆ្នាំ២០២៥៕