រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនៅឆ្នាំនេះ ដោយសាររដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បញ្ហាជនភៀសសឹក និងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។
ទោះបីជាយ៉ាងណា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកនៅតាមបណ្តាខេត្តនានានៅតែអាចប្រព្រឹត្តទៅជាធម្មតា ហើយថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃសម្រាប់មន្ត្រីរាជការ និយោជិត កម្មករនៅរក្សាដដែល នេះបើតាមសារាចររបស់រដ្ឋាភិបាលចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
លោក អ៊ុំ ឈុនស្រេង ជាប្រធានគណៈកម្មាការរៀបការប្រណាំងទូកនៅឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានអះអាងថា លោកបានដឹងពីការសម្រេចរបស់រដ្ឋាភិបាលផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីនេះ ហើយ លោកពិតជាមានអារម្មណ៍សោកស្ដាយ ដែលមិនបានរៀបចំកម្មវិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ខណៈជារៀងរាល់ឆ្នាំតែងតែប្រារព្ធឡើងដើម្បីទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរអន្ដរជាតិ តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ទោះបីជាយ៉ាងណា លោកយល់ស្របដែលថា ការធ្វើបែបនេះ គឺជារឿងត្រឹមត្រូវ ព្រោះប្រទេសជាតិកំពុងមានបញ្ហា។
លោក ឈុនស្រេង មានប្រសាសន៍ថា “រយៈពេលហ្នឹងបានត្រៀមតែទូកទេ តែកីឡាករមិនទាន់បានហាត់ទេ ខែ១០ឯណោះ ទើបចាប់ផ្ដើមហាត់រាល់ឆ្នាំ។ បើទោះបីជានៅភ្នំពេញមិនបានប្រារព្ធ ក៏ពួកយើងបានប្រារព្ធនៅខេត្តដែរ”។
លោក ខែម វ៉ា អាយុ៣៦ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈកំប៉ុងតាមបណ្ដោយមាត់ទន្លេយល់ឃើញថា ការសម្រេចចិត្តផ្អាកព្រះរាជពិធីបុណ្យអុំទូករបស់រដ្ឋាភិបាល គឺជារឿងត្រឹមត្រូវ ព្រោះខាងប្រជាពលរដ្ឋនៅតំបន់ព្រំដែនកំពុងជួបការលំបាក ដូច្នេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក៏មិនអាចសប្បាយបានដែរ។
លោកបន្ថែមថា ជាទូទៅ អំឡុងពិធីបុណ្យអុំទូក លោកមានលុយផ្ទាល់ខ្លួនខ្លះ និងខ្ចីពីបងប្អូនខ្លះ ដើម្បីធ្វើដើមទុនទិញភេសជ្ជៈពី ២ទៅ៣លានរៀល ហើយលោកអាចរកប្រាក់ចំណេញបានប្រហែល១លានរៀលក្នុងមួយថ្ងៃ ដូច្នេះការផ្អាកពិធីបុណ្យអុំទូនាពេលខាងមុខនេះ ប៉ះពាល់ដល់ចំណូលលោកមួយផ្នែកដែរ ដោយសារប្រជាពលរដ្ឋត្រឡប់ទៅខេត្តច្រើន។ ទោះបីជាយ៉ាងណា លោកនឹងនៅតែលក់ដូរដូចធម្មតា។
លោក ខែម វ៉ា បាននិយាយថា៖ “[ ខ្ញុំ ] ត្រូវតែលក់ យើងអ្នកអត់មិនអាចឈប់បានទេ…ឆ្នាំនេះ ខ្ញុំត្រៀមខ្លួនរួចហើយ បានតិច បានច្រើន ខ្ញុំមិនដឹងទេ ដឹងតែថាត្រៀមលក់”។
អាជីវករលក់ភេសជ្ជៈកំប៉ុងម្នាក់ទៀត គឺអ្នកស្រី លី ចាន់ដា អាយុ៣៦ឆ្នាំ យល់ឃើញថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ មិនមានអ្វីជាបញ្ហាចោទសម្រាប់អ្នកស្រីទេ ព្រោះកន្លងមក រដ្ឋាភិបាលក៏ធ្លាប់ផ្អាកពិធីបុណ្យអុំទូករឿយៗដែរ ទើបតែប្រារព្ធឡើងវិញបានប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឆ្នាំនេះ ផ្អាកពិធីបុណ្យម្តងទៀត ក៏មិនមានបញ្ហាអ្វីនោះដែរ។
អ្នកស្រី ចាន់ដា និយាយថា «បើទោះបីមិនមានពិធីបុណ្យអុំទូក ក៏នៅតែមានអ្នកដើរលេងដែរ។ បើទោះបីមិនមានពិធីបុណ្យអុំទូក ក៏ខ្ញុំនៅតែលក់ដែរ» ដោយបន្ថែមថា អ្នកស្រីទិញមួយថ្ងែសម្រាប់លក់មួយថ្ងៃ ព្រោះអ្នកស្រីមិនមានដើមទុនទិញអីវ៉ាន់តម្កល់ទុកច្រើននោះទេ ហើយថា “រកមួយថ្ងៃ រស់មួយថ្ងៃ ខ្វះមុខខ្វះក្រោយជួនកាលចងការប្រាក់គេ ដើម្បីយកធ្វើទុនក៏មាន”។
កន្លងមក រដ្ឋាភិបាលធ្លាប់ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកច្រើនលើកមកហើយដែរ ហើយទើបចាប់ផ្តើមប្រារព្ធធ្វើឡើងវិញបានពីរឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២៣និងឆ្នាំ២០២៤ បន្ទាប់ពីខកខានមិនបានប្រារព្ធធ្វើអស់រយៈពេលបីឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធមិនធ្វើសេចក្ដីអត្ថាធិប្បាយ ដោយលោកប្រាប់ឱ្យទៅមើលខ្លឹមសារនៃសារាចររបស់រដ្ឋាភិបាល ដែលបានចេញកាលពីសប្តាហ៍មុននោះវិញ។
នៅក្នុងសារាចរដដែលនេះ រដ្ឋាភិបាលក៏បានណែនាំផងដែរឱ្យក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្តបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្បៀង ជម្រក ជូនជនភៀសសឹក ឱ្យក្រសួងការងារបន្តយកចិត្តទុកដាក់សម្របសម្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្មនិងការផ្គត់ផ្គង់ និងបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀមបង្ការគ្រោះធម្មជាតិនានា ជាពិសេសទឹកជំនន់ ក៏ដូចជាថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
កម្ពុជានិងថៃបានទទួលយកបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីមានភាពតានតឹងជុំវិញតំបន់ព្រំដែនមានជម្លោះ។ ពលរដ្ឋជាង ៣០.០០០០នាក់ បានភៀសខ្លួនពីផ្ទះសម្បែងនិងមានមនុស្សជាង៤០នាក់បានបាត់បង់ជីវិតដោយសារការវាយប្រយុទ្ធគ្នានេះ៕
អត្ថបទដោយ ឈឺន ឈន់ និង រម៉ាម ណាម