តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជន​កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបន្តនិតិវិធី​បើក​សវនា​ការ​

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​​ជាបណ្ដោះ​​​អាសន្ន របស់​ក្រុម​​សកម្មជន​​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និងបាន​បើក​​សវនាការ​​អង្គសេចក្តី​លើសំណុំរឿងរបស់​សកម្មជន​ទាំងនោះ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ «ញុះ​ញង់​​​បង្កឱ្យ​មាន​​ភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម»

សាលាដំបូងរាជធានីភ្នំពេញ បាន​បើក​សវនាការ​​​​​​លើសំណើរ​​សុំ​​​​​​​នៅ​ក្រៅ​​ឃុំ​ជា​បណ្តោះ​អាសន្ន​​របស់​​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​​ ដែល​​មាន​លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និង​​​លោក សាន សិទ្ធ កាលពី​​ថ្ងៃទី​២៧ ខែសីហា​ ឆ្នាំ​២០២៥ ដោយថា​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​០៣ ខែ​​កញ្ញា​នេះ បន្ទាប់ពី​​មេធាវីការ​ពារ​ក្តី​​​​​​បាន​ស្នើ​​និតិ​វិធី​​ដោយ​ផ្ទាល់​​មាត់ ដោយ​សារ​តែ​​ការ​ឃុំខ្លួន​លើ​សកម្ម​ជនទាំងនោះ បាន​ធ្វើឡើង​ជាង១ឆ្នាំ​មក​ហើយ។

សហមេធាវីការ​ពារ​ក្តីឱ្យ​សកម្មជន​ផ្សព្វផ្សាយកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស លោក សឺន ជុំជួន បាន​ឱ្យដឹង​នៅ​ថ្ងៃ​​ពុធនេះ​​ថា មុនពេលប្រកាសសាលក្រម តុលាការ​បានបើកសវនាការអង្គសេចក្តីជាង ៣ម៉ោង ប៉ុន្តែសួរពីសក្ខីកម្មតែជនជាប់ចោទម្នាក់គត់ គឺលោក ស៊្រុន ស្រ៊ន ខណៈជនជាប់ចោទផ្សេងទៀតមិនទាន់ទទួលបានឱកាសឆ្លើយបំភ្លឺបាននៅឡើយ។​

មេធាវីការពារក្តី បានលើកឡើងថា ការពន្យារ​ពេល​ដំណើរ​ការ​នីតិវិធី និង​ការ​បដិសេធ​ឱ្យ​សកម្មជន​ទាំងបី​បាន​​​​​នៅ​ក្រៅឃុំ​ បាន​ប៉ះពាល់ធ្ងន់ធ្ងរ​​ទាំងលើសិទ្ធិ និងសុខុមាលភាពផ្ទាល់របស់ពួកគេ ដោយ​សារ​​ពួក​គេ​ត្រូវបាន​ឃុំ​​ខ្លួន​រហូត​លើស​មួយ​ឆ្នាំ​ហើយ។

លោកថា៖ «យើងនៅតែ​ចាត់ទុកថាជាការ​ប៉ះពាល់ទៅ​លើ​សិទ្ធិ​នៃ​ការ​ឃុំខ្លួន យើង​គិត​​ថេរវេលា​មក​ដល់​ពេល​នេះ គឺការ​ឃុំខ្លួ​ន​​​មានរហូត​ដល់ទៅជាង​១ឆ្នាំ​ទៅហើយ ម្លោះ​ហើ​យ​តុលាការគប្បី​ពិចារណា​កន្លែង​ហ្នឹង​ ដើម្បី​ឱ្យ​ពួកគាត់​មានសេរីភាព ប៉ុន្តែ​ផ្ទុយទៅ​វិញការ​ប្រកាស​សាល​ក្រម​គឺ​​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ ហើយ​យើង​មិនបាន​ការ​សម្អាងហេតុដែល​មិន​ព្រម​ដោះ​​​លែង​ហ្នឹង យើង​​ក៏​មិនបាន​ដឹងច្បាស់​ទៀត មិនដឹង​​ថាគាត់ស​ម្អាង​​ហេតុ​ទៅ​លើ​​មូល​​ហេតុអី[…] អីចឹង​យើងក្នុងនាម​ជា​មេធាវី មិនអាច​ទទួលយក​បានទេ ចាំយើងពិភាក្សាជាមួយនឹងសហមេធាវីដែលការពារក្តីហ្នឹងហើយជាមួយជនជាប់ចោទទៅថាតើគួរមាន​និតិវីធី​បែបណាទៀត»។

កញ្ញា ភឹង សោភ័ណ បងស្រីបង្កើតកញ្ញា ភឹង សោភា បានលើកឡើងថា ការឃុំខ្លួនរយៈពេលជាង ១៣ខែទៅលើ​សកម្មជនទាំង ៣រូប បាន​ប៉ះពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើផ្លូ​វ​ចិត្ត​របស់សមាជិក​គ្រួសា​រ​របស់ពួកគេ​ និង​ប៉ះ​ពាល់​​ដល់​សិទ្ធិនៃការ​ឃុំខ្លួន​ជន​ជាប់ចោទ។​

កញ្ញាថា៖ «ខ្ញុំសង្ឃឹមថា និតិវីធីប្រព្រឹត្តទៅឲ្យបានឆាប់រហ័ស ជាពិសេសគឺមិនចង់ឲ្យមានការរក្សា​ការ​ជួប​​ឃុំ ទី១វាប៉ះពាល់ទៅដល់និតិវិធី ទី២ ប៉ះពាល់ទៅដល់សិទ្ធិជនជាប់ចោទ»។

ចំណែកឯ ភរិយាលោក សាន សិទ្ធិ គឺ​អ្នក​ស្រី ស្វាយ ពៅ មាន​ប្រសាសន៍ថា ​សកម្មភាព​របស់​​សកម្ម​ជន​ផ្សព្វផ្សាយកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង៣រូប ដែលបាន​ធ្វើកន្លងមក គឺដើម្បី​ប្រយោជន៍​រួម​ប៉ុណ្ណោះ ដោយ​ពួកគេ​ពុំមានចេតនា​ណាមួយ ក្នុងការ​​ញុះញង់បង្កផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ​ដូចការ​ចោទប្រកាន់ឡើយ។

អ្នកស្រីថា៖ «ផ្ទុយពីការចោទប្រកាន់ ដូចថាគាត់​ប្រជាពលរដ្ឋសកម្មនៅខាងជួយភូមិឃុំពាណិជ្ជកម្ម ជួយ​បងប្អូនយើងឯ​ទៀតៗដែលខ្វះគ្រាប់ពូជ ខ្វះធនធានអ្វីៗ ដូចថា ចំណេះដឹងផ្នែកច្បាប់ចឹង គាត់ក៏បានចែក​​រំលែកច្បាប់ដែរ យើងថាច្បាប់​ផ្សាភ្ជាប់ជាមួយនឹងសីល៥ កាលណាបើប្រជាពលរដ្ឋចេះ​ច្បាប់ទៅ វាកាត់បន្ថយហានិភ័យ ការជេរប្រមាថអីផ្សេងៗ តែបើប្រជាពលរដ្ឋអត់ចេះច្បាប់ឃើញអ្វីថាហ្នឹង​[នាំឱ្យ]​កើត​​ហិក្សា […] បើនិយាយពីរឿងការញុះញង់ដូចវាមិនមែនទេពួក​ខ្ញុំរវល់ណាស់​ រវល់ការងាររកហូបទទួល​ទាន​​ដូចតែគ្នាទេ ចឹងមានពេលណាទៅញុះញង់គេនោះ[…]ខ្ញុំសុំឱ្យតុលាការពិនិត្យ​ និងពិចារណាទម្លាក់​​បទចោទឱ្យគាត់មានសិទ្ធសេរីភាពវិញ ព្រោះអីគាត់មិនបានញុះញង់អីទេ គាត់ជាពលរដ្ឋម្នាក់តែងចែក​​រំលែក ចំណេះដឹងផ្នែកច្បាប់»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី បានបដិសេដក្នុងការឆ្លើយតបដោយ​សារ​តែជាប់រវល់ប្រជុំ។

ចំណែក លោក ​យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បាន​បង្ហាញការខកចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធសំណើដោះលែងជាបណ្ដោះអាសន្នសម្រាប់សកម្មជនទាំង ៣រូប។​

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងខកចិត្តគឺតុលាការគួរតែដោះលែងឲ្យ​ពួកគាត់មានសេរីភាព​ ឱ្យពួកគាត់នៅ​ក្រៅ​ឃុំ ពីព្រោះអ្វីដែលពួកគាត់ចូលរួមចំណែ​កក្នុងការផ្សព្វផ្សាយ អំពី​កិច្ចព្រមព្រៀងទីក្រុង ប៉ារីស​២៣តុលានេះ វាមិនទាន់ហួសពេលទោះបីយើង ក្នុងរដ្ឋធម្មនុញ្ញមានចែងក៏ដោយ ក៏ប៉ុន្តែជា​អ្វីដែលយើងត្រូវ​​ការចាំបាច់ ដូចថ្មីៗ នេះមានសង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសថៃ ក៏យើងអាចយកមកប្រើប្រាស់បានដែរ។ [..] យើងស្នើសុំដោយទទូចទៅតុលាការ​ ស្ថាប័នតុលាការ​មេត្តាគួរតែទម្លាក់ចោលការ ចោទប្រកាន់មកលើ​គាត់ ពីព្រោះ​ពួ​កគា​ត់​អត់​មាន​កំហុស​អី​ធ្ងន់​ធ្ងរដូច​ការ​ចោទ​ប្រកាន់​ទេ»។

គួរបញ្ជាក់ថា សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីសទាំង ៣រូប​​ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ២០២៤ ដោយបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម» បន្ទាប់ពីពួកគេបាននិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការចូលរួមខេត្ត៤របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)៕

អត្ថបទគួរឱ្យចាប់អារម្មណ៍